ភ្នំពេញៈ រដ្ឋាភិបាល​អង់គ្លេស​ប្រកាស​ផ្តល់​អាហារូបករណ៍​កម្មវិធី Chevening ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​រយៈពេល ១ ឆ្នាំ​ដល់​និស្សិត​កម្ពុជា​ ដែល​មាន​បំណង​បន្ត​ការសិក្សា​នៅ​ប្រទេស​នេះ​ ដើម្បី​អភិវឌ្ឍ​អ្នកដឹកនាំ សម្រាប់​ពេលអនាគត​នៅ​កម្ពុជា។

ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទទួលបាន​នៅ​ថ្ងៃទី ២ សីហា​ថា អាហារូបករណ៍ Chevening ផ្តល់ជូន​ដល់​និស្សិត​គ្រប់​មជ្ឈដ្ឋាន​ដែលមាន​ការប្តេជ្ញាចិត្ត មាន​ជំនាញ​ច្បាស់លាស់។ មាន​ឆន្ទៈ​ធ្វើការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​ និង​អាច​បង្ហាញថា ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​របស់​ចក្រភព​អង់គ្លេស​អាចជួយ​ពួកគេ​ឱ្យ​សម្រេច​នូវ​គោលបំណង​ទាំងអស់​នោះ។

អាហារូបករណ៍ Chevening ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ១០០ ភាគរយ​ដល់​និស្សិត​ជយលាភី​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ ក្នុងប្រទេស​អង់គ្លេស។ និស្សិត​អាច​ទទួល​បាន​នូវ​បទពិសោធ​ពី​ស្ថាប័ន​អប់រំ​នាំមុខគេ​មាន​ជំនាញ​វិជ្ជាជីវៈ​ និង​វប្បធម៌​សម្បូរបែប​ច្រើន​ទៀត។

អាហារូបករណ៍ Chevening ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៨៣ ហើយ​មកដល់​ពេលនេះ និស្សិត​ជាង ៥ ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក​ត្រូវបាន​ផ្តល់ឱកាស​អភិវឌ្ឍ​ជំនាញ​របស់ខ្លួន​តាមរយៈ​អាហារូបករណ៍ Chevening នេះ​នៅ​ប្រទេស​អង់គ្លេស។

សម្រាប់​ឆ្នាំ​សិក្សា ២០២២-២០២៣ រដ្ឋាភិបាល​អង់គ្លេស​នឹង​ផ្តល់​អាហារូបករណ៍ Chevening ចំនួន ១ ៥០០ កន្លែង​នឹង​ផ្តល់​ដល់​និស្សិត​មកពី​បណ្តា​ប្រទេស​នានា​ទូទាំង​ពិភពលោក។ «នេះ​ជា​ការបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ចំពោះ​ការអភិវឌ្ឍ​អ្នកដឹកនាំ​នៅ​ថ្ងៃស្អែក​នៅតាម​បណ្តា​ប្រទេស​នានា រួមទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ»។

លោកស្រី Tina Redshaw ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ថា៖ «ប្រសិនជា​អ្នកជា​បុគ្គល​ម្នាក់​មានការ​តាំងចិត្ត​ក្នុងការ​ផ្លាស់ប្តូរ ទោះបី​ជា​ការផ្លាស់ប្តូរ​នោះ​នៅក្នុង​ប្រទេស​ ឬ​ក៏​ជា​សកល​ក៏ដោយ​ហើយ​ប្រសិន​ជា​អ្នក​ចង់​ទទួលបាន​លទ្ធផល​ល្អ​ទៅលើ​អ្វីដែល​អ្នក​កំពុង​ធ្វើ ហើយ​បើ​អ្នកមាន​ក្តី​ស្រមៃ​ចង់​ជំរុញ​លើកទឹកចិត្ត​នរណាម្នាក់​នោះ​អាហារូបករណ៍ Chevening ជា​ឱកាស​ដ៏ល្អ​តែមួយគត់ សម្រាប់​អ្នក​ក្នុង​ការសម្រេច​គោល​បំណង​នោះ»។

លោកស្រី​ថ្លែងថា បទពិសោធ​ដែល​ទទួលបាន​តាមរយៈ​អាហារូបករណ៍ Chevening គឺ​មិនមែន​គ្រាន់តែ​ជា​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នោះទេ តែ​ជា​ការសិក្សា​ដ៏ស្វិតស្វាញ និង​បំពេញ​នូវ​បទពិសោធ​ជីវិត​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​នៃ​ប្រទេស​អង់គ្លេស និង​ផ្តល់ឱ្យ​អ្នក​បាន​ជួប​និស្សិត​ និង​មនុស្ស​ជាច្រើន​មកពី​ជុំវិញ​ពិភពលោក។

លោកស្រី Tina Redshaw ថ្លែងថា៖ «បណ្តាញ​អតីត​និស្សិត​របស់​យើង​គឺជា​អ្នកមាន​ឥទ្ធិពល។ ពួកគាត់​បាន​ចែករំលែក​បទពិសោធ​ដូចៗ​គ្នា​ដែល​អ្នកនឹង​ទទួលបាន​ការចែករំលែក​នោះ​ផងដែរ។ នៅពេលដែល​អ្នក​ត្រឡប់មក​ប្រទេស​របស់​អ្នក​ បន្ទាប់ពី​បញ្ចប់​ការសិក្សា អ្នក​នឹងមាន​អារម្មណ៍​ថា​អ្នកមាន​សមត្ថភាព​គ្រប់គ្រាន់​ ដើម្បី​ចាប់ផ្តើម​ធ្វើការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​ប្រកបដោយ​វិជ្ជាជីវៈ និង​ទំនាក់ទំនង​ល្អ​ក្នុងសង្គម»។

អាហារូបករណ៍​នេះ​ចាប់ផ្តើម​ទទួល​ពាក្យ​ពីថ្ងៃ​ទី ៣ ខែសីហា ដល់​ថ្ងៃទី ២ ខែវិច្ឆិកា។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន​ និង​កីឡា ថ្លែង​ពី​ម្សិលមិញ​ថា ដៃគូ​អភិវឌ្ឍន៍ រួមមាន​ប្រទេស​អង់គ្លេស​បាន​និង​កំពុង​ដើរតួនាទី​សំខាន់​មួយ​ក្នុង​ការចូលរួម​លើកកម្ពស់​គុណភាព​មូលធន​មនុស្ស​កម្ពុជា​តាមរយ:​គ្រប់​រូបភាព ដូច​ជា​ការផ្តល់​ឱកាស​អាហារូបករណ៍​ដែលមាន​តួនាទី​សំខាន់​មួយ​ក្នុង​ការចូលរួម​លើកកម្ពស់​គុណភាព​មូលធន​មនុស្ស​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​លើ​គ្រប់​វិស័យ​នាពេល​បច្ចុប្បន្ន​ និង​អនាគត។

លោក​ថ្លែងថា ឱកាស​អាហារូបករណ៍​ឆ្លើយតប​ទៅនឹង​ការអប់រំ​ពលរដ្ឋ​សកល​ដែល​មានបំណង​ចូលរួម​ពង្រឹង​សមត្ថភាព​សិស្ស-និស្សិត​គ្រប់​កម្រិត​ឱ្យ​ក្លាយជា​ពលរដ្ឋ​សកល​ដែលមាន​ចរិយា​សម្បទា វិជ្ជាសម្បទា បំណិន​សម្បទា និង​គុណតម្លៃ​ឆ្លើយតប​នឹង​បរិបទ​ជាតិ តំបន់ និង​ពិភពលោក។

លោក​ សុវាចា ថ្លែងថា៖ «ក្រសួង​អប់រំ​យុវជន​ និង​កីឡា ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​វិជ្ជមាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​ការផ្តល់​ឱកាស​អាហារូបករណ៍​ ដើម្បី​ចូលរួមចំណែក​ការងារ​កំណែទម្រង់​អប់រំ យុវជន​ និង​កីឡា»៕