ភ្នំពេញៈ ក្រសួងសុខាភិបាល ណែនាំដល់គណៈអភិបាលរាជធានី-ខេត្ត នាយកមន្ទីរពេទ្យជាតិ និងប្រធានមជ្ឈមណ្ឌលជាតិមិនត្រូវគិតតម្លៃសេវាចំពោះប្រជាពលរដ្ឋដែលមកធ្វើតេស្តរហ័សរកមេរោគកូវីដ ១៩ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈឡើយ ខណៈខេត្តមួយចំនួនក៏បានព្រមានចាត់វិធានការចំពោះមន្ត្រីណាដែលយកថ្លៃសេវាពីពលរដ្ឋ។
សេចក្តីជូនដំណឹងចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នាថ្ងៃទី ៤ សីហា បានស្នើអភិបាលខេត្តបន្តណែនាំដល់បណ្តាអង្គភាព និងបុគ្គលិកសុខាភិបាលក្រោមឱវាទមិនឱ្យយកតម្លៃសេវាសម្រាប់ពលរដ្ឋធ្វើតេស្តរកមេរោគនៃជំងឺកូវីដ ១៩ ឡើយ។
ក្រសួងបន្តថា៖ «យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនដល់កុមារ និងយុវវ័យ កាលពីថ្ងៃទី ១ ខែសីហាឆ្នាំ ២០២១ មិនឱ្យគិតថ្លៃធ្វើតេស្តរហ័សរកមេរោគកូវីដ ១៩ ពីប្រជាពលរដ្ឋកម្ពុជា ដែលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ»។
ក្រសួងបញ្ជាក់ថា៖ «ក្រសួងសុខាភិបាលស្នើឯកឧត្តម លោកជំទាវ លោក លោកស្រី ធ្វើការណែនាំបន្ថែមដល់បណ្តាអង្គភាព និងបុគ្គលិក សុខាភិបាលក្រោមឱវាទស្ដីពីការមិនគិតថ្លៃសេវាធ្វើតេស្តរហ័សរកមេរោគកូវីដ ១៩ ពីប្រជាពលរដ្ឋមកទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈឡើយ»។
អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពាក់ព័ន្ធការតេស្តរហ័សនេះ សម្រាប់ខេត្តកំពង់ស្ពឺនៅគ្រប់មណ្ឌលសុខភាពរបស់រដ្ឋទាំងអស់ពុំដែលបានយកកម្រៃពីប្រជាពលរដ្ឋដែលមកយកសំណាកនោះទេ។
លោកថា៖ «រឿងតេស្តរហ័សនេះ គឺគោលការណ៍របស់រាជរដ្ឋាភិបាលតាំងពីដើមមកគឺយើងអត់ដែលយកសេវាទេ។ ដល់ពេលមានការណែនាំបន្ថែមនេះ យើងគ្រាន់តែបន្តផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋឱ្យបានដឹងបន្ថែមទៀតថា ការតេស្តរហ័សនេះមិនយកសេវាតាំងពីដើមមក ដើម្បីកុំឱ្យគាត់បារម្ភរឿងមកធ្វើតេស្តអស់លុយ តាមការញុះញង់របស់អ្នកដទៃ»។
ទោះយ៉ាងណា លោកបញ្ជាក់ថា ក្នុងករណីរកឃើញបុគ្គលិករដ្ឋយកកម្រៃសេវាពីប្រជាពលរដ្ឋដែលមកធ្វើតេស្តរហ័សអាចប្រឈមមុខច្បាប់ជាពិសេសច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ។
លោកថា៖ «ខ្ញុំធានាថា បើសេវារដ្ឋគឺមិនមានយកកម្រៃទេ»។ បើតាមលោកអភិបាលខេត្តក្នុង ១ ថ្ងៃពលរដ្ឋចន្លោះ ៩០ នាក់ ទៅ ៣០០ នាក់បានទៅយកសំណាកនៅមណ្ឌលសុខភាពនៅតាមក្រុង និងនៅតាមស្រុក។
លោកថា៖ «ពលរដ្ឋសង្ស័យខ្លួនគាត់ ហើយមកយកសំណាក។ គាត់មកកន្លែងមណ្ឌលសុខភាពដែលយើងបានរៀបចំចំនួន ៤ កន្លែង។ និយាយរួមតាំងពីទទួលបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលក្នុងការផ្តល់វ៉ាក់សាំងតាមរយៈទាហាន គឺនៅខេត្តកំពង់ស្ពឺអាចនិយាយបានថា ការឆ្លងនៅខេត្តយើងមានការថមថយរហូត»។
បើតាមលោក វ៉ី សំណាង គិតត្រឹមថ្ងៃទី ៣ ខែសីហា អ្នកជំងឺកូវីដ ១៩ ដែលកំពុងសម្រាកព្យាបាលនៅសល់ប្រមាណ ២៩៧ នាក់ និងមានអ្នកព្យាបាលជាសះស្បើយមានចំនួនច្រើន ដោយសារមានមណ្ឌលព្យាបាលជាង ១០ កន្លែង។ ឯអ្នកស្លាប់ដោយសារជំងឺនេះមាន ៩៦ នាក់។
ទន្ទឹមនឹងនេះ អភិបាលខេត្តកណ្តាលលោក គង់ សោភ័ណ្ឌ ថ្លែងថា រដ្ឋបាលខេត្ត បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងបានណែនាំដល់មន្ត្រីក្រោមឱវាទមិនឱ្យយកសេវាពីពលរដ្ឋមកតេស្តរហ័សរកជំងឺកូវីដ ១៩ នោះទេ។
លោកថា៖ «ស្មារតីលិខិតនេះ យើងបានអនុវត្តកន្លងមកហើយ ជាពិសេសពាក់ព័ន្ធការចាក់វ៉ាក់សាំង។ ការធ្វើសំណាករហ័ស យើងអត់ដែលយកកម្រៃពីប្រជាជននោះទេគ្មានគោលការណ៍ណាមួយឱ្យយកកម្រៃទេ»។
លោកបញ្ជាក់ថា ក្នុងករណីមានមន្ត្រីទារកម្រៃសេវាសម្រាប់ការធ្វើតេស្តរហ័ស ពលរដ្ឋអាចប្តឹងរដ្ឋបាលខេត្ត ឬផ្ញើភ័ស្តុតាងមកកាន់ហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្ត ក្រុមការងារនឹងចុះស្រាវជ្រាវភ្លាម។ «ព្រោះឥឡូវយើងមានហ្វេសប៊ុក គ្មាននរណាហ៊ានទេ ហើយបើសិនជាមានមន្ត្រីហ៊ានមែន រាយការណ៍មកយើងនឹងដោះស្រាយលុយជូនពលរដ្ឋភ្លាម ហើយអ្នកប្រព្រឹត្តពុករលួយនោះគឺមានទោស»។ «អ៊ីចឹងខ្ញុំជឿថា មិនមានមន្ត្រីណាហ៊ានយកសេវាទេ ព្រោះយើងបានណែនាំច្បាស់លាស់លម្អិតណាស់»៕
វីដេអូ៖