កំពង់ឆ្នាំងៈ ទីលានចាក់សំរាមថ្មីលើផ្ទៃដីជាង ១២ ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដែលសាងសង់ទៅតាមស្តង់ដានឹងត្រូវបញ្ចប់ការសាងសង់នៅដំណាច់ឆ្នាំ ២០២១ នេះ ខណៈអភិបាលខេត្តរំពឹងថា ទីលានថ្មីនេះនឹងចូលរួមលើកកម្ពស់សោភណភាពអនាម័យបរិស្ថានទីក្រុង និងទីប្រជុំជន។
កាលពីថ្ងៃទី ៣ ខែសីហា លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមការងារចុះពិនិត្យមើលដំណើរការសាងសង់ទីលានចាក់សំរាមរបស់ក្រុងកំពង់ឆ្នាំង រួមជាមួយប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាននៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ។
លោក ស៊ុន សុវណ្ណារិទ្ធិ បានឱ្យដឹងថា គម្រោងសាងសង់ទីលានចាក់សំរាមនេះ សាងសង់លើផ្ទៃដីប្រមាណជាង ១២ ហិកតា គឺជាគម្រោងកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមគម្រោងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ដែលបានចាប់ផ្ដើមសាងសង់កាលពីខែមេសា ឆ្នាំ ២០២០ ហើយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ ២០២១ នេះ។
លោកបន្តថា ទីលានចាក់សំរាមនេះនឹងអាចផ្ទុកសំរាមបានរយៈពេល ៣០ ឆ្នាំទៅមុខ ហើយអាចគ្របដណ្តប់ក្នុងការផ្ទុកសំរាមដែលប្រមូលបានទូទាំងក្រុងកំពង់ឆ្នាំងតែម្តង។
លោកបានបញ្ជាក់ថា៖ «គម្រោងទាំងមូលរួមមានស្រះសម្អាតទឹកកខ្វក់ចេញពីសំរាម ស្រះត្រងទឹកកខ្វក់ អគាររដ្ឋបាល អណ្ដូងសម្រាប់ត្រួតពិនិត្យគុណភាពទឹក ផ្លូវចូលទីលានកប់សំរាមបន្ទប់ម៉ាស៊ីនភ្លើង ប្រព័ន្ធលូបង្ហូរទឹកភ្លៀង របងព័ទ្ធជុំវិញទីលានចាក់សំរាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត»។
លោកថា៖ «មកដល់ម៉ោងនេះ ទីលានចាក់សំរាមនេះ គឺយើងបានសាងសង់បានប្រមាណ ៨៥ ភាគរយហើយ។ ចំពោះការសាងសង់មូលដ្ឋានគ្រឹះហ្នឹង គឺយើងស្ទើរតែសាងសង់បានដល់ទៅ ៩០ ភាគរយហើយ នៅតែបន្តិចបន្តួច ដូចជាការរៀបចំដាំដើមឈើ សួនច្បារអីហ្នឹង»។
ទីលាននេះបើសាងសង់ហើយនឹងក្លាយទៅជាទីលានគំរូល្អមួយសម្រាប់ខេត្តព្រោះការរៀបចំគឺគោរពតាមស្តង់ដាល្អ។ លោករំពឹងថា ទីលានចាក់សំរាមថ្មីនេះ នឹងចូលរួមផ្ដល់សារៈសំខាន់ដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង ដើម្បីលើកកម្ពស់សោភណភាព អនាម័យ បរិស្ថានទីក្រុងទីប្រជុំជន ធានាបានសុខុមាលភាពល្អប្រសើរជូនប្រជាពលរដ្ឋ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
បើតាមលោក ស៊ុន សុវណ្ណារិទ្ធិ គម្រោងកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមគម្រោងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាបនេះ គឺមានទឹកប្រាក់ប្រមាណ ៣០ លានដុល្លារដោយក្នុងនោះរាប់បញ្ចូលទាំងការសាងសង់ទីលានចាក់សំរាមថ្មី និងការសាងសង់ទំនប់ទឹកក្នុងតំបន់នោះ។
អ្នកស្រី អ៊ិម សុខុន ជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងស្រុករលាប្អៀរ បានបង្ហាញក្តីសប្បាយរីករាយ ចំពោះគម្រោងសាងសង់ទីលានចាក់សំរាមថ្មី ទៅតាមស្តង់ដានេះ។ អ្នកស្រីនិយាយថា នៅពេលមានទីលានចាក់សំរាមនេះគឺបញ្ហាក្លិន និងបញ្ហាសំរាម ដែលកន្លងទៅតែងតែជាក្តីបារម្ភចំពោះពលរដ្ឋនៅជុំវិញទីលាន និងពលរដ្ឋទូទៅនឹងកាត់បន្ថយ។
បន្ថែមឱ្យការសាងសង់ទីលានចាក់សំរាមថ្មី អ្នកស្រីនិយាយថា ការបង្កើនការប្រមូលសំរាមពីគ្រប់ខ្នងផ្ទះឱ្យបានទៀងទាត់ និងការទុកដាក់សំរាមរបស់ពលរដ្ឋក៏នឹងចូលរួមបន្ថែមទៀត សម្រាប់បរិស្ថាននៅក្នុងខេត្តកំពង់ឆ្នាំងឱ្យកាន់តែមានភាពស្រស់ស្អាត។
អ្នកស្រីបន្តថា៖ «ខ្ញុំសប្បាយចិត្តណាស់ បានឃើញទីលានចាក់សំរាមនៅខេត្តកំពង់ឆ្នាំង។ ដល់ធ្វើអ៊ីចឹងទៅ វាមានរបៀបរបបដូចថា ទី ១ សុខភាព ទី ២ វាលែងមានការបោះសំរាមចោលអត់សណ្តាប់ធ្នាប់ទៀតទេ។ ខ្ញុំ អរគុណ ដែលយើងមានកន្លែងចាក់សំរាមតាមក្បួនខ្នាតអ៊ីចឹង ខ្ញុំសប្បាយចិត្តណាស់»៕
វីដេអូ៖