បន្ទាយមានជ័យៈ រហូតមកទល់ពេលនេះមានពលករខ្មែរចំនួន ៥៤ នាក់ ក្នុងចំណោម ២៤៥ នាក់ ដែលបានវិលត្រឡប់ពីថៃមកកម្ពុជាវិញ ហើយជាប់គាំងនៅតាមព្រំដែនដោយសារបម្រាមបិទខ្ទប់ព្រំដែន ត្រូវបានសមត្ថកិច្ចកម្ពុជាបញ្ជូនទៅមណ្ឌលព្យាបាលជំងឺកូវីដក្នុងវិទ្យាល័យសិរីសោភណ្ឌខេត្តបន្ទាយមានជ័យ បន្ទាប់ពីរកឃើញមានវិជ្ជមានជំងឺកូវីដ ១៩ ក្នុងនោះមានប្រភេទបំប្លែងថ្មី Delta ផង។ នេះបើតាមមន្ត្រីនគរបាលការពារព្រំដែនប្រចាំតំបន់ច្រកបឹងត្រកួន។
លោក វ៉ាន់ ដារ៉ាន់ ប្រធានប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកបឹងត្រកួន បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៥សីហាថា នៅតាមច្រកព្រំដែនកម្ពុជា-ថៃទាំងអស់ ត្រូវបានបិទខ្ទប់មិនឱ្យឆ្លងកាត់ចាប់តាំងពីយប់ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២១ មក។ ក្នុងរយៈពេលជិត ១ សប្ដាហ៍ [២៩ កក្កដា-៤ សីហា ២០២១] នៃការបិទខ្ទប់ព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ នេះ គឺមានពលករខ្មែរចំនួន ២៤៥ នាក់ បាននាំគ្នាវិលត្រឡប់ចូលកម្ពុជាវិញ តាមច្រករបៀងតូចៗជិតច្រកតំបន់បឹងត្រកួន ប៉ុន្តែត្រូវបានជាប់គាំងនៅតាមព្រំដែនក្នុងទឹកដីថៃដោយសារការបិទព្រំដែនកំពុងបន្ត។
លោក ដារ៉ាន់ បានបញ្ជាក់ថា៖«ដោយមានកិច្ចអន្តរាគមន៍ពីអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវនិងពីអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ពួកគេចំនួន ៥៤ នាក់ក្នុងចំណោម ២៤៥ នាក់ ត្រូវបានអនុញ្ញាតឲ្យបញ្ជូនទៅកាន់មណ្ឌលព្យាបាលជំងឺកូវីដ ១៩ ដែលមានទីតាំងក្នុងវិទ្យាល័យសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យបន្ទាប់ពីរកឃើញមានវិជ្ជមានជំងឺកូវីដ ១៩ដោយមានទាំងប្រភេទបំប្លែងថ្មី Delta ផង»។
បើតាមលោក ដារ៉ាន់ ពលករខ្មែរដែលបាត់បង់ការងារនៅប្រទេសថៃដោយសារវិបត្តិជំងឺកូវីដ ១៩ នៅតែបន្តសម្រុកវិលត្រឡប់មកកម្ពុជាតាមច្រករបៀងជិតច្រកព្រំដែនតំបន់បឹងត្រកួនជារៀងរាល់ថ្ងៃ។ អ្នកខ្លះត្រូវបានគេដឹកមកទម្លាក់ក្នុងតំបន់ព្រៃចម្ការមីនជាប់ព្រំដែនក៏មាន។ យ៉ាងណាក្ដីពួកគេត្រូវបានអាជ្ញាធរខេត្តសាកែវប្រទេសថៃ ជួយនាំយកទៅទីតាំងប្រមូលផ្ដុំ១កន្លែងក្នុងទឹកដីថៃទល់មុខច្រកតំបន់បឹងត្រកួនរបស់កម្ពុជា ប៉ុន្តែការផ្គត់ស្បៀងអាហារនិងសម្ភារប្រើប្រាស់ដូចជា ដំបូលតង់ កន្ទេលភួយមុង រួមទាំងថ្នាំព្យាបាលជំងឺទូទៅនិងសាប៊ូនិងអាល់កុលសម្រាប់លាងដៃជើងដើម្បីបង្ការការឆ្លងជំងឺកូវីដ ១៩ គឺជាបន្ទុករបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។
លោកបានបន្ថែមថា៖ «រដ្ឋបាលខេត្តបន្ទាយមានជ័យ តាមរយៈគណៈកម្មការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ ស្រុកថ្មពួក បានផ្ដល់អាហារ៣ពេល ក្នុង ១ ថ្ងៃ ដល់ពលករខ្មែរដែលកំពុងជាប់គាំងក្នុងទឹកដីថៃមុខច្រកតំបន់បឹងត្រកួនព្រមទាំងបានសហការជាមួយភាគីថៃចុះត្រួតពិនិត្យសុខភាពរបស់ពួកគេជារៀងរាល់ថ្ងៃផងដែរ។ក្នុងស្ថានភាពសង្ស័យមានការឆ្លងជំងឺកូវីដ ១៩ យើងប្រមូលសំណាកធ្វើតេស្តរកជំងឺកូវីដ ១៩ ភ្លាមៗ ហើយបញ្ជូនមកព្យាបាលនៅមណ្ឌលបាលជំងឺកូវីដ ក្នុងខេត្តបន្ទាយមានជ័យរបស់យើងភ្លាមផងដែរ ក្នុងករណីរកឃើញមានអ្នកវិជ្ជមាន»។
លោកដារ៉ាន់ បានប្រាប់ឲ្យដឹងទៀតថា ពលករខ្មែរដែលកំពុងជាប់គាំងក្នុងទឹកដៃថៃទាំងនោះ នឹងត្រូវបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កទាំងអស់ ក្រោយឱសានវាទនៃការបិទខ្ទប់ព្រំដែនកម្ពុជា-ថៃ ត្រូវបានបញ្ចប់ ។
កាលពីថ្ងៃទី ៣ ខែសីហា ក្រុមការងារស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវរបស់ថៃ បានចុះសួរសុខទុក្ខនិងផ្ដល់អំណោយដល់បងប្អូនពលករខ្មែរដែលកំពុងជាប់គាំងនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកតាប្រាយ៉ា ខេត្តសាកែវ ឈមនឹងស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។រីឯនៅថ្ងៃទី ៥ សីហា ក្រុមការងារដដែលនេះក៏បាននាំស្បៀងអាហារចែកជូនបន្ថែមផងដែរ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាម Telegram កាលពីថ្ងៃទី ៤ ខែសីហា ថា៖«ក្រៅពីផ្ដល់ជំនួយសង្គ្រោះបឋម...ក្រុមការងារក៏បានសហការជាមួយជាអាជ្ញាធរពាក់ព័ន្ធទាំងកម្ពុជា-ថៃ នៃស្រុក-ខេត្តខាងលើ ដើម្បីដឹកជញ្ជូន និងរៀបចំកន្លែងស្នាក់នៅដែលមានសុវត្ថិភាពជូនពួកគាត់នៅខាងទឹកដីថៃ នៅចំណុចច្រកព្រំដែនតាប្រាយ៉ា-បឹងត្រកួន ផងដែរ»៕