ភ្នំពេញ៖ ក្រុមការងារស្រង់ទិន្នន័យដីធ្លីប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងនៅតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៃក្រសួងបរិស្ថានបានឯកភាពពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំជាមួយរដ្ឋបាលខេត្ត ដើម្បីកំណត់ថ្ងៃឱសានវាទក្នុងការបញ្ចប់ការប្រមូលទិន្នន័យ និងតារាងសម្រង់ទិន្នន័យឱ្យបានលឿនបំផុត ដើម្បីអាចផ្ទៀងផ្ទាត់ និងបូកសរុបជារបាយការណ៍ដាក់ជូនរដ្ឋមន្ត្រីពិនិត្យសម្រេច។
លោក សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារស្រង់ទិន្នន័យដីធ្លី ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងនៅតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ កាលពីថ្ងៃទី ៥ ខែសីហានេះ បានដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារនៃការស្រង់ទិន្នន័យដីធ្លីដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងនៅតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនេះ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទទួលបន្ទុកខេត្តសៀមរាប ព្រមទាំងសមាជិកក្រុមការងារទទួលបន្ទុកស្រុកនីមួយៗសរុបចំនួន ១២ នាក់។
ក្រសួងបញ្ជាក់ថា៖ «បន្ទាប់ពីកិច្ចពិភាក្សារួច ឯកឧត្តមប្រធាន លោក សៅ សុភាព បានឯកភាពពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំជាមួយរដ្ឋបាលខេត្ត ដើម្បីកំណត់ថ្ងៃឱសានវាទ ក្នុងការបញ្ចប់ការប្រមូលទិន្នន័យ shapefile និងតារាងសម្រង់ទិន្នន័យ ឱ្យបានលឿនបំផុត ដើម្បីអាចផ្ទៀងផ្ទាត់ និងបូកសរុបជារបាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២០ បានបញ្ជាផ្ទាល់ទៅរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី ឱ្យកាត់ឆ្វៀលដីឱ្យពលរដ្ឋដោយកាត់ចេញពីដីដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការកាត់ឆ្វៀលដីចេញពីតំបន់ការពារ ដើម្បីចែកទៅពលរដ្ឋធ្វើកម្មសិទ្ធិនោះ គឺអនុវត្តសម្រាប់តែពលរដ្ឋដែលបានទៅរស់នៅ និងបង្កបង្កើនផលលើដីតំបន់ការពារនោះពី ១០ ទៅ ២០ ឆ្នាំប៉ុណ្ណោះ ជាពិសេសពលរដ្ឋនៅខេត្តកោះកុង និងខេត្តព្រះវិហារជាដើម៕