ភ្នំពេញៈ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងថា ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ នឹងបន្តខិតខំប្រឹងប្រែងលើកកម្ពស់យន្តការដែលផ្ដោតសំខាន់លើការពង្រឹងសកម្មភាពរួមគ្នាជាក់ស្ដែង ដោយឈរជាមូលដ្ឋានភាពបើកចំហ ស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាព និងភាពសុខដុមរមនា នៅក្នុងអាស៊ាន ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមរួម ដែលតំបន់យើងទាំងមូលកំពុងជួបប្រទះ។
លោកនាយករដ្ឋមន្ដ្រីថ្លែងបែបនេះតាមរយៈ សារលិខិតអបអរសាទរទិវាអាស៊ាន ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២១។
លោកនាយករដ្ឋមន្ដ្រីថ្លែងថា ក្នុងឆ្នាំនេះប្រទេសព្រុយណេដែលជាប្រធានប្តូរវេនរបស់អាស៊ានមានឆន្ទៈជំរុញដំណើរការអាស៊ានឆ្ពោះទៅមុខបន្ថែមទៀតក្រោមមូលបទ «យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន» ដែលស័ក្តិសមបំផុតជាមួយនឹងបញ្ហាប្រឈមដ៏ស្រួចស្រាល់ផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសង្គម នាពេលបច្ចុប្បន្ន ដើម្បីឈានឆ្ពោះទៅរកការសម្រេចទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥។
បើតាមលោកនាយករដ្ឋមន្ដ្រី មិនដល់ ៥ ខែទៀតទេ កម្ពុជានឹងទទួលតួនាទីជាប្រធានប្ដូរវេនរបស់អាស៊ានជាលើកទី ៣ គិតចាប់តាំងពីបានចូលរួមក្នុងសមាគមនេះក្នុងឆ្នាំ ១៩៩៩។
លោកបានថ្លែងថា៖ «ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជា នឹងបន្តខិតខំប្រឹងប្រែងលើកកម្ពស់យន្តការ ដែលផ្ដោតសំខាន់លើការពង្រឹងសកម្មភាពរួមគ្នាជាក់ស្ដែង ដោយឈរជាមូលដ្ឋានភាពបើកចំហ ស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាព និងភាពសុខដុមរមនានៅក្នុងអាស៊ាន ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមរួម ដែលតំបន់យើងទាំងមូលកំពុងជួបប្រទះ»។
លោកនាយករដ្ឋមន្ដ្រីបន្តថា៖ «កាន់តែសំខាន់ជាងនេះទៅទៀតដោយមានការគាំទ្រ និងសាមគ្គីភាពយ៉ាងរឹងមាំរបស់ប្រទេសសមាជិកអាស៊ាន និងដៃគូខាងក្រៅ កម្ពុជានឹងខិតខំធានាឱ្យបាននូវការផ្តល់ផលប្រយោជន៍ជាក់ស្តែងជូនប្រជាជន នៅក្នុងតំបន់ទាំងមូលដោយមិនទុកអ្នកណាម្នាក់ចោលឡើយ»។
លោកនាយករដ្ឋមន្ដ្រីបញ្ជាក់ថា អាទិភាពចំពោះមុខរបស់អាស៊ាននៅពេលនេះ គឺការធានាឱ្យបាននូវលទ្ធផលជាទីគាប់ចិត្តបន្ថែមទៀតពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីងើបចេញឱ្យផុតពីវិបត្តិវីរុសកូវីដ ១៩ ជាមួយនឹងភាពធន់កាន់តែរឹងមាំខ្លាំងក្លា។
លោកបានបញ្ជាក់ថា ការងារបន្ទាន់របស់យើងគឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តនូវវិធានការនានា ដែលស្ថិតក្រោមយុទ្ធសាស្ត្រទូលំទូលាយទាំង ៥ នៃក្របខ័ណ្ឌស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ានដែលរួមមាន ទី ១ ការពង្រឹងប្រព័ន្ធសុខាភិបាល ទី ២ ការពង្រឹងសន្តិសុខមនុស្សជាតិ ទី ៣ ការពង្រីកសក្តានុពលនៃទីផ្សារក្នុងតំបន់អាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែទូលំទូលាយ ទី ៤ ការពន្លឿនផ្នែកព័ត៌មានឌីជីថលប្រកបដោយបរិយាប័ន្ន និង ទី ៥ ការបោះជំហានឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព និងភាពធន់រឹងមាំ។
បើតាមលោកនាយករដ្ឋមន្ដ្រី កម្ពុជាមានគោលបំណងជំរុញដំណើរការកសាងសហគមន៍អាស៊ានដោយផ្តោតលើការសម្រេចឱ្យបាននូវគោលដៅ និងគំនិតផ្តួចផ្តើមសំខាន់ៗដែលបានឯកភាពរួចហើយ ក្រោមផែនការលម្អិតនៃសហគមន៍ទាំង ៣ របស់អាស៊ាននៅឆ្នាំ ២០២៥ ក្នុងនោះរួមមានផែនការមេ ស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ និងផែនការការងារដំណាក់កាលទី ៤ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន។
លោកនាយករដ្ឋមន្ដ្រីសង្ឃឹមថាពេលដែលយើងបង្ហូតទង់អាស៊ាននៅថ្ងៃនេះ (ទិវាអាស៊ាន ថ្ងៃទី ៨ ខែសីហា ឆ្នាំ២ ០២១) គ្រប់គ្នានឹងចងចាំនូវដំណើរដ៏វែងឆ្ងាយដែលបានឆ្លងកាត់អស់ពេលជាងពាក់កណ្ដាលសតវត្សរ៍កន្លងមកនេះ និងមានមោទនភាពក្នុងនាមជាប្រជាជនអាស៊ានចាប់តាំងពីការកកើតអង្គការនេះមក។
លោកបានថ្លែងថា៖ «នៅពេលដែលយើងបន្តដំណើររួមគា្នទៅមុខ ខ្ញុំមានជំនឿជឿជាក់ថា អាស៊ានត្រៀមលក្ខណៈបានយ៉ាងល្អក្នុងការជម្នះរាល់បញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកដើម្បីគូសបញ្ជាក់សាជាថ្មីថា យើងមានការ ប្ដេជ្ញាចិត្ត និងសមត្ថភាពក្នុងការពង្រឹង និងលើកកម្ពស់សន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់សម្រាប់សុខុមាលភាពប្រជាជនរបស់យើង»៕