កំពតៈ ខេត្តកំពតនឹងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោនៅថ្ងៃទី ១២ ខែសីហា ខាងមុខនេះ ដោយជំរុញរដ្ឋបាលក្រុងមួយនេះឱ្យបម្រើសេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍ជូនពលរដ្ឋឱ្យបានល្អប្រសើរ។
ក្រុងបូកគោគឺជារដ្ឋបាលក្រុងមួយត្រូវបានរដ្ឋាភិបាលទើបបង្កើតថ្មីហើយត្រូវបានធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកាលពីថ្ងៃទី ២៥ ខែកក្កដា។
រដ្ឋបាលខេត្តកំពតបញ្ជាក់ក្នុងហ្វេសប៊ុកកាលពីថ្ងៃទី ៦ ខែសីហា ថា៖ «នៅថ្ងៃទី ១២ ខែសីហា ខាងមុខនេះនឹងឈានដល់ការរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោជាផ្លូវការ ដើម្បីបម្រើសេវារដ្ឋបាល សេវាសាធារណៈ និងកិច្ចអភិវឌ្ឍមូលដ្ឋានជូនតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរថែមទៀត»។
បើតាមហ្វេសប៊ុកដដែលនេះលោក ជាវ តាយ អភិបាលខេត្តកំពតនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីរបស់លោកកាលពីថ្ងៃទី ៦ ខែសីហា បានថ្លែងថា ការបង្កើតរដ្ឋបាលក្រុងបូកគោនេះមានគោលដៅលើកកម្ពស់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅប្រជាពលរដ្ឋ។
ប្រភពដដែលបញ្ជាក់ថា លោកបានជំរុញដល់មន្ត្រីរដ្ឋបាលក្រុងបូកគោដែលទើបបង្កើតថ្មីនេះឱ្យយកចិត្តទុកដាក់ប្រើធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព ដើម្បីបម្រើផលប្រយោជន៍ សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀតជូនពលរដ្ឋ។
ហ្វេសប៊ុកដដែលបញ្ជាក់ថា ទីតាំងអគាររដ្ឋបាលក្រុងបូកគោ គឺត្រៀមដាក់ឲ្យដំណើរការដើម្បីបម្រើការងារនៅសណ្ឋាគារមួយកន្លែងដែលផ្ដល់ដោយឯកជន ដែលមានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ ៣ ទល់ចំណុចប្រសព្វផ្លូវឡើងឧទ្យានព្រះមុនីវង្សបូកគោស្ថិតនៅក្នុងសង្កាត់បឹងទូក៕