ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាបានស្វាគមន៍ការបន្តការចរចាលើអត្ថបទរបស់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC textual negotiation) ដែលជាការឆ្លុះបញ្ចាំងនូវឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់ប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន ដើម្បីរក្សាស្ថិរភាពតំបន់ តាមរយៈការគ្រប់គ្រងភាពខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ ( 1982 UNCLOS)។
លោក ប្រាក់ សុខុន បានថ្លែងបែបនេះក្នុងពេលកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី ២៨ កាលពីម្សិលមិញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបទេសកម្ពុជានាថ្ងៃទី ៧ ខែសីហានេះ។
សេចក្ដីប្រកាសបានឱ្យដឹងថា កិច្ចប្រជុំវេទិកាតំបន់អាស៊ានកោតសរសើរចំពោះវឌ្ឍនភាពនៃដំណើរការវេទិកាតំបន់អាស៊ាន និងបានគូសបញ្ជាក់អំពីការរួមចំណែកយ៉ាងសំខាន់ដល់ការកសាងជំនឿទុកចិត្ត សន្តិភាព សន្តិសុខ និងស្ថិរភាព នៅក្នុងអាស៊ី-ប៉ាស៊ីហ្វិក។ ដើម្បីបន្តរក្សាបានសន្ទុះវិជ្ជមាននេះ រដ្ឋមន្ត្រីការបរទេសបានចែករំលែកការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញដំណើរការវេទិកាតំបន់អាស៊ានឆ្ពោះទៅមុខ តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់បន្ទាត់សកម្មភាពក្រោមផែនការសកម្មភាពទីក្រុងហាណូយ ដំណាក់កាលទី ២ ឆ្នាំ ២០២០-២០២៥ (HPOA II) របស់វេទិកាតំបន់អាស៊ាន។
លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវេទិកាតំបន់អាស៊ានដែលជាវេទិកាពហុភាគីនិយមសម្រាប់កិច្ចសន្ទនាពិគ្រោះយោបល់ ការកសាងទំនុកចិត្ត និងលើកកម្ពស់ភាពជឿជាក់ សម្រាប់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល ហើយអ្វីទាំងអស់នេះគួរតែត្រូវបានឱបក្រសោប ដើម្បីប្រមូលផ្ដុំសាមគ្គីភាពអន្តរជាតិ ប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតកូវីដ ១៩ ដោយគ្មានការចោទប្រកាន់គ្នា និងធ្វើនយោបាយូបនីយកម្ម។
តាមរយៈកិច្ចប្រជុំវេទិកាតំបន់អាស៊ានលោករដ្ឋមន្ដ្រីបានបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះការបន្តចរន្តទំនាក់ទំនង ដែលជាជំហានប្រកបដោយការស្ថាបនាឆ្ពោះទៅរកការលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់គ្នារវាងភាគីកូរ៉េទាំងពីរ។
លោកថ្លែងថា៖ «ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាបានស្វាគមន៍ការបន្តការចរចាលើអត្ថបទរបស់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC textual negotiation) ដែលជាការឆ្លុះបញ្ចាំងនូវឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់ប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន ដើម្បីរក្សាស្ថិរភាពតំបន់ តាមរយៈការគ្រប់គ្រងភាពខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ ( 1982 UNCLOS)»។
កិច្ចប្រជុំនេះរដ្ឋមន្ត្រីការបរទេសអាស៊ានបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការលើកកម្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ តំបន់ និងអន្តរជាតិ ឆ្ពោះទៅរកការឆ្លើយតបរួមគ្នា និងប្រកបដោយប្រសិទ្ធភាព និងការស្តារឡើងវិញពីជំងឺរាតត្បាតកូវីដ ១៩ ។
កិច្ចប្រជុំបានអនុម័តសេចក្តីប្រកាសរួម ស្តីពីការលើកកម្ពស់របៀបវារៈស្តីពីយុវជន សន្តិភាព និងសន្តិសុខ សំដៅបង្កើនការចូលរួមរបស់យុវជនប្រកបដោយបរិយាប័ន្ននៅក្នុងការទប់ស្កាត់ និងដោះស្រាយជម្លោះ ក៏ដូចជាក្នុងការកសាងសន្តិភាព និងការរក្សាសន្តិភាព។
កិច្ចប្រជុំក៏បានពិភាក្សាអំពីទិសដៅនាពេលអនាគតរបស់វេទិកាតំបន់អាស៊ាន និងបានឯកភាពរក្សាដំណើរការវេទិកាតំបន់អាស៊ាន ជាវេទិកាមួយដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅ អាស៊ី-ប៉ាស៊ីហ្វិក តាមរយៈការសន្ទនា ការពិគ្រោះយោបល់ និងអនុវត្តសកម្មភាពនានាដែលគាំទ្រដល់ការកសាងទំនុកចិត្ត និងការជឿជាក់ក្នុងចំណោមអ្នកចូលរួម។
រដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវេទិកាតំបន់អាស៊ានក្នុងការសម្រួលកិច្ចសហការដែលយកអាស៊ានជាស្នូលលើបញ្ហានយោបាយ និងសន្តិសុខតំបន់ ដែលជាការចាប់អារម្មណ៍ និងការបារម្ភរួមគ្នា។ ក្នុងន័យនេះ រដ្ឋមន្ត្រីវេទិកាតំបន់អាស៊ានក៏បានចែករំលែកទស្សនៈរបស់ខ្លួនអំពីតម្លៃនៃការឈានចូលដំណាក់កាលការបង្ការផ្នែកការទូត នៅក្នុងដំណើរការវេទិកាតំបន់អាស៊ាន ជាពិសេសនៅក្នុងការគិតគូរពិចារណាលើភាពស្មុគស្មាញដែលកំពុងកើតមាន និងភាពមិនច្បាស់លាស់ដែលកំពុងប៉ះពាល់ដល់តំបន់៕