ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញបង្ហើបឱ្យដឹងថា អាជ្ញាធរក្រុងភ្នំពេញមិនមានគម្រោងបន្តដាក់បម្រាមគោចរក្នុងមូលដ្ឋានរបស់ខ្លួនទៀតទេ បន្ទាប់ការអនុវត្តបម្រាមគោចររយៈពេល ១៤ ថ្ងៃ មានស្ថានភាពល្អប្រសើរ និងអត្រាការឆ្លងថ្មីនៃអ្នកជំងឺកូវីដ ១៩ មានការថយចុះ។
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ សីហានេះថា៖ «រដ្ឋបាលរាជធានីភ្នំពេញមកទល់ពេលនេះ ការអនុវត្តបម្រាមគោចររយៈពេល ១៤ ថ្ងៃ ទទួលបានលទ្ធផលល្អ ហើយរដ្ឋបាលមិនមានគម្រោងក្នុងការបន្តបម្រាមគោចរទៀតទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយរង់ចាំការប្រជុំវាយតម្លៃចុងក្រោយ»។
លោកបន្តថា ជាធម្មតាអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នឹងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃ ស្ថានភាពជាក់ស្តែងនិងការអនុវត្តបម្រាមគោចរនៅមុន ១ ថ្ងៃ នៃការកំណត់កាលបរិច្ឆេទ។
លោកបានបញ្ជាក់ថា៖ «យើងត្រូវប្រជុំត្រួតពិនិត្យវាយតម្លៃមួយនៅថ្ងៃ ១១ ឬ ១២ សីហា អាស្រ័យលើពេលវេលាកំណត់របស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ( ឃួង ស្រេង) អ៊ីចឹងក្រោយការវាយតម្លៃរួចហើយ គឺយើងនឹងចេញសេចក្តីសន្និដ្ឋានមួយថា យើងបន្តឬមិនបន្តទៀត។ «អ្វីក៏ដោយនៅពេលស្ថានភាពល្អប្រសើរយើងគួរយល់ហើយ ព្រោះយើងធ្វើសំណាកអាជីវផ្សារដើមគទាំងមូលអត់មានអ្នកឆ្លងផង អ៊ីចឹងរឿងនេះកម្រណាស់»។
សូមជម្រាបថា សាលារាជធានីភ្នំពេញបានចេញសេចក្តីសម្រេចមួយដោយបានដាក់បម្រាមគោចររយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ខែកក្កដា រហូតដល់ថ្ងៃទី ១២ ខែសីហានេះ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ ១៩។ ក្នុងបម្រាមនោះ រាល់ការប្រមូលផ្តុំភោជនីយដ្ឋានអាហារដ្ឋានរួមនឹងការធ្វើដំណើរដែលមិនចាំបាច់ត្រូវផ្អាកចាប់ពីម៉ោង ៩ យប់ដល់ម៉ោង ៣ ទៀបភ្លឺ៕
វីដេអូ៖