ភ្នំពេញៈ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) នៅ​ថ្ងៃទី​ ៩ សីហា បានប្រកាស​ផ្តល់ជំនួយ​បន្ថែមចំនួន​ ៤ ​លាន​ដុល្លារ ជា​ជំនួយ​បន្ទាន់​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ សម្រាប់​ប្រទេស​កម្ពុជា​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​ ៩ ខែសីហា ឱ្យដឹងថា ជំនួយ​នេះ​នឹង​ផ្តល់​ការគាំទ្រ​ទាន់​ពេលវេលា​។ ពិសេស​យោង​លើ​អំណោយ​នាពេល​ថ្មីៗ​នេះ​របស់​សហរដ្ឋអាមេរិក ជា​វ៉ាក់សាំង Johnson & Johnson ចំនួន​ ១ ០៦០ ១០០ ​ដូស ដែល​ត្រូវបាន​ផ្តល់​តាមរយៈ​យន្តការ​កូវ៉ាក់​ក្នុង​ការបង្កើន​នូវ​ភាពត្រៀម​ជាស្រេច​របស់​កម្ពុជា​ក្នុង​ការធ្វើការ​ចាក់​វ៉ាក់សាំង​កូវីដ​។

ជំរុញ​ការចាក់​វ៉ាក់សាំង​ក្នុងចំណោម​ប្រជាជន​ដែល​ត្រូវ​ចាក់​ធ្វើ​អន្តរាគមន៍​ផ្នែក​សុខភាព​សាធារណៈ ដើម្បី​គ្រប់គ្រង​ជំងឺ​កូវីដ​ និង​ពង្រឹង​ផ្នែក​មន្ទីរពិសោធន៍ ដើម្បី​លើកកម្ពស់​សមត្ថភាព​ក្នុង​ការធ្វើតេស្ត​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ថ្លែងថា ការលើកកម្ពស់​សន្តិសុខ ផ្នែក​សុខភាព​សកល និង​ការត្រៀម​ទប់ទល់​នឹង​ការ​ផ្ទុះឡើង​នៃ​ជំងឺ មាន​សារៈសំខាន់​ណាស់ មិន​ត្រឹមតែ​ដើម្បី​ការពារ​សុខភាព និង​សុវត្ថិភាព​តែប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ដើម្បី​ធានា​វិបុលភាព​នៃ​សេដ្ឋកិច្ច និង​ការពារ​សន្តិសុខ​របស់​ប្រទេស​ផងដែរ​។ លោក​ថ្លែងថា​៖ «​យើង​មាន​មោទនភាព​ក្នុង​ការផ្តល់​ការគាំទ្រ​នេះ ដែល​នឹង​ជួយ​ប្រជាជន​កម្ពុជា ក្នុង​ការការពារ​ខ្លួនគេ អ្នកជិតខាង និង​អនាគត​នៃ​សេដ្ឋកិច្ច​របស់គេ​»​។

បើតាម​លោក Murphy ជំនួយ​បន្ថែម​នេះ​បាន​មកពី​ផែនការ​ជួយសង្គ្រោះ​របស់​អាមេរិក គឺជា​ការបន្ថែម​លើ​ជំនួយ​ចំនួន​ជាង​ ១១ ​លាន​ដុល្លារ​របស់​អាមេរិក​ទាក់ទង​នឹង​ជំងឺ​កូវីដ​ ១៩ ដល់​កម្ពុជា តាំងពី​ជំងឺ​នេះ​បាន​ផ្ទុះ​ឡើងជា​លើកដំបូង​។

លោក​បន្តថា ការគាំទ្រ​នេះ​បាន​ដល់​ប្រជាជន​កម្ពុជា​ចំនួន​ជាង ១០ ​លាន​នាក់ ដោយមាន​ជា​សម្ភារ​លើកកម្ពស់​ការយល់ដឹង​ពី​ហានិភ័យ តាម​ទូរទស្សន៍ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម វិទ្យុ សារ​តាម​ទូរស័ព្ទដៃ និង​ផ្ទាំង​ផ្តល់ព័ត៌មាន​។ ការគាំទ្រ​នេះ​ថែមទាំង​បាន​លើកកម្ពស់​សមត្ថភាព​ផ្នែក​មន្ទីរពិសោធន៍ ពង្រឹង​ជំនាញ​របស់​គ្រូពេទ្យ​ក្នុង​ការមើលថែទាំ​អ្នកជំងឺ ហើយ​បាន​ជួយ​បន្ធូរបន្ថយ​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច​ពី​មេរោគ​រាតត្បាត​នេះ​។

លោក​បន្ថែមថា ការខិតខំ​ទាំងនេះ​គឺជា​ការងារ​បន្ត​ពី​ការងារ​ដែលមាន​មក​អស់​រយៈពេល​រាប់​ទសវត្សរ៍​មកហើយ ក្នុង​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស និង​ភាពជា​អ្នកដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការដោះស្រាយ​វិបត្តិ​ផ្នែក​សុខភាព​ជា​សកល​។ តាំងពី​ឆ្នាំ ១៩៩២ មក សហរដ្ឋអាមេរិក​បាន​ចំណាយ​ថវិកា​អស់​ជាង ១,៥៤ ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា តាមរយៈ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID​។

លោក​បញ្ជាក់ថា ថវិកា​នេះ​រួមមាន​ប្រាក់​ចំនួន​ជាង ៣៧៧ លាន​ដុល្លារ​ជា​ជំនួយ​សម្រាប់​ដោះស្រាយ​បញ្ហា​នៃ​ការស្លាប់​របស់​ទារក ក្មេង​អាយុ​ក្រោម ៥ ​ឆ្នាំ និង​មរណភាព​មាតា ជំងឺ​គ្រុនចាញ់ របេង អេដស៍ កង្វះ​អនាម័យ កង្វះ​អាហារូបត្ថម្ភ ភាពក្រិន និង​ដើម្បី​លើកកម្ពស់​សមត្ថភាព​របស់​ប្រទេស​កម្ពុជា ក្នុង​ការធ្វើ​ហិរញ្ញប្បទាន និង​គ្រប់គ្រង​ផ្នែក​ភ័ស្តុភារ និង​ព័ត៌មាន​សម្រាប់​ប្រព័ន្ធ​សុខាភិបាល​របស់ខ្លួន​។

ជំងឺ​គ្មាន​ស្គាល់​ព្រំដែន​កំណត់​ទេ​។ តាមរយៈ​ការងារ​របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID មជ្ឈមណ្ឌល​កម្ចាត់​ជំងឺឆ្លង​អាមេរិក វិទ្យាស្ថាន​ជាតិ​សុខភាព​អាមេរិក​អង្គភាព​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​របស់​កងទ័ព​ជើង​ទឹក​អាមេរិក និង​អង្គការ​ដទៃទៀត សហរដ្ឋអាមេរិក មាន​ការប្តេជ្ញាចិត្ត​ក្នុង​ការធ្វើ​ជា​ដៃគូ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​កម្ចាត់​រោគរាតត្បាត​កូវីដ​ ១៩ បន្ធូរបន្ថយ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ហើយ​កសាង​ឡើងវិញ​នូវ​ពិភពលោក​មួយ ដែលមាន​ការត្រៀម​រៀបចំ​ល្អ​ជាង​មុន ប្រឆាំង​នឹង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​ទៅ​អនាគត​។

ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល សុំ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​ ៩ ​សីហា​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ស្វាគមន៍​ចំពោះ​ការប្រកាស​ផ្តល់ជំនួយ​បន្ថែម​ជា​បន្តបន្ទាប់ ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ដែល​កម្ពុជា​កំពុង​ប្រឈម​នាពេលនេះ​។

លោក ផៃ ស៊ីផាន ថ្លែងថា​៖ «​កម្ពុជា និង​សហរដ្ឋអាមេរិក បាននិង​កំពុង​ [​ពង្រឹង​] ​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​កិច្ចសហប្រតិបត្តិការ​ជំនួយ​នេះ បង្ហាញ​អំពី​សហការ​ប្រតិបត្តិការ និង​ការជួយ​សង្គ្រោះ នៅពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ​នេះ​»​។

បើតាម​លោក ផៃ ស៊ីផាន កិច្ចសហប្រតិបត្តិការ និង​ការផ្តល់​ជំនួយ​ពី​រដ្ឋាភិបាល​អាមេរិក​មកដល់​កម្ពុជា​នឹង​បន្ត​មាន​វត្តមាន​ជា​អចិន្រៃ្តយ៍ នៅពេល​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​នេះ​៕

វីដេអូ៖