កោះកុងៈ អាជ្ញាធរស្រុកស្រែអំបិលកំពុងចុះពិនិត្យស្រាវជ្រាវករណីអតីតអធិការនគរបាលស្រុកទន្ទ្រានយកដីព្រៃដោយគ្មានច្បាប់អនុញ្ញាតនៅចំណុចវាលពួច ភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិលថ្លែងពីម្សិលមិញថា បន្ទាប់ពីទទួលបានព័ត៌មានថាមានការឈូសឆាយដីព្រៃ ស្ថិតនៅភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ដោយមានលោក ម៉ា ទី អតីតអធិការនគរបាលស្រុកស្រែអំបិលនៅពីក្រោយខ្នង លោកបានចាត់ឱ្យមន្ត្រីរបស់លោកចុះទៅសិក្សាស្រាវជ្រាវករណីនេះហើយកាលពីរសៀលថ្ងៃទី ៧ សីហា។
លោកថ្លែងថា៖ «ខ្ញុំមិនទាន់អាចប្រាប់ថា រឿងរ៉ាវយ៉ាងណានោះទេ ព្រោះពេលនេះមន្ត្រីកំពុងចុះពិនិត្យ និងធ្វើកិច្ចការហ្នឹងហើយ។ បើមានលទ្ធផលយ៉ាងណាចាំជម្រាបជូនពេលក្រោយ»។
លោក ទី យោង មេឃុំដងពែងថ្លែងពីម្សិលមិញថា ករណីឈូសឆាយដីព្រៃនេះគឺមិនមែននៅក្នុងឃុំដងពែងទាំងអស់នោះទេ គឺមានការឆ្វៀលចូលត្រង់ព្រំប្រទល់ឃុំដងពែង និងឃុំជីខលើ។ ក្នុងនោះមានការកាយព្រំចូលដីក្នុងឃុំជីខលើ ប្រមាណជាង ១០ ហិកតា។
លោកថ្លែងថា៖ «ការឈូសឆាយកាយហ្នឹងមិនមែនជាការឆ្វៀលដីឯកជនទេណា គឺដីព្រំប្រទល់ឃុំ។ ខ្ញុំយល់ថា គួរតែទុកឱ្យយើងអាហ្នឹង បើគេចង់ធ្វើយ៉ាងម៉េចអីយ៉ាងម៉េច អាហ្នឹងឱ្យគេឆ្លងមកយើងសិន។ ប៉ុន្តែមកដល់ពេលនេះ មិនទាន់ឃើញគេឆ្លងយើងផង»។
លោក ស៊ុន ឃាង មេឃុំជីខលើ ថ្លែងពីម្សិលមិញថា មិនមានករណីឈូសឆាយទន្ទ្រានយកដីព្រៃដូចការផ្សព្វផ្សាយនោះទេ។ ករណីនេះគឺជាការកាយព្រំដីបន្ទាប់ពីបានទិញពីប្រជាពលរដ្ឋ។
លោកថា អាជ្ញាធរស្រុកបានចុះទៅពិនិត្យជាក់ស្តែងប៉ុន្តែមិនដឹងថា មានការសម្រេចយ៉ាងណានោះទេ។ លោកថ្លែងថា៖ «ខ្ញុំបានចុះទៅជាមួយអាជ្ញាធរស្រុកកាលពីម្សិលមិញដែរ។ ប៉ុន្តែខ្ញុំមិនបានដឹងថា អាជ្ញាធរស្រុកគាត់សម្រេចយ៉ាងណានោះទេ ហើយទំហំផ្ទៃដីក៏ខ្ញុំមិនបានដឹងច្បាស់ថា មានប៉ុន្មានដែរ ព្រោះខាងស្រុកគាត់វាស់វែង»។
ទោះយ៉ាងណា លោក ស៊ុន ឃាង បញ្ជាក់ថា ដីនៅទីតាំងនោះ អាជ្ញាធរខេត្តបានសម្រេចកាត់ឆ្វៀលមកឱ្យប្រជាពលរដ្ឋដែលបានអាស្រ័យផលនៅទីនោះរូចរាល់ហើយ គ្រាន់តែមិនទាន់បានធ្វើបណ្ណកម្មសិទ្ធិតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «ខ្ញុំមិនដឹងថា ដីដែលទើបកាយព្រំថ្មីនោះមានទំហំប៉ុន្មានទេ។ ប៉ុន្តែកាលដែលខ្ញុំបានស្នើសុំឱ្យខេត្តកាត់ឆ្វៀលជូនពលរដ្ឋប្រមាណជាជាង ៣ ពាន់ហិកតា រាប់បញ្ចូលទាំងតំបន់ប្រើប្រាស់ច្រើនយ៉ាងទាំងគម្របព្រៃឈើ ទាំងគម្រោងរបៀងនៃដីតំបន់ ហើយពលរដ្ឋដែលអាស្រ័យផលនៅទីនោះភាគច្រើនគឺធ្វើចម្ការចន្ទី»។
លោក សុខ សុទ្ធី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង ថ្លែងពីម្សិលមិញថាករណីនេះលោកបានឱ្យអាជ្ញាធរស្រុកចុះទៅពិនិត្យស្រាវជ្រាវ ហើយលទ្ធផលមិនទាន់ដឹងថា យ៉ាងណានោះទេ។ ប៉ុន្តែបើតាមសេចក្តីរាយការណ៍របស់អភិបាលស្រុកបានឱ្យដឹងថា ការឈូសឆាយដីនៅទីនោះគឺមិនមានសុំច្បាប់អនុញ្ញាតត្រឹមត្រូវ។ ហេតុនេះ ស្រុកកំពុងណែនាំឱ្យម្ចាស់ទីតាំងទៅធ្វើការសុំច្បាប់ឱ្យបានត្រឹមត្រូវក្នុងការកាយព្រំ ឬធ្វើការឈូសឆាយ។
លោកបានថ្លែងថា៖ «ដីហ្នឹងបានអនុក្រឹត្យកាត់ចេញជាដីប្រជាពលរដ្ឋហើយ តែបញ្ហាគឺគាត់ធ្វើការអភិវឌ្ឍដីហ្នឹងគ្រាន់តែគាត់មិនបានសុំច្បាប់មកអាជ្ញាធរខេត្តតែប៉ុណ្ណឹងទេបាទ។ អ៊ីចឹងដីហ្នឹងអត់មាននៅក្នុងឧទ្យានជាតិ ឬដីរដ្ឋមួយណាទេ គឺរដ្ឋាភិបាលបានកាត់ចេញជាដីរបស់ប្រជាពលរដ្ឋហើយ មានន័យថា ជាដីគាត់ស្រាប់គាត់ប្រមូលទិញប្រមូលអីពីពលរដ្ឋអ៊ីចឹងទៅ»។
លោក សុទ្ធី បានបញ្ជាក់ថា នេះមិនមែនជាការរំលោភទន្ទ្រានយកដីរដ្ឋនោះទេ ប៉ុន្តែអាជ្ញាធរតម្រូវឱ្យគាត់ធ្វើយ៉ាងណាដើម្បីអាចឈូសឆាយបានត្រឹមត្រូវ។ ពោល គឺត្រូវតែមានការសុំធ្វើបណ្ណកម្មសិទ្ធ។ សុំច្បាប់ពីរដ្ឋបាលខេត្ត និងស្រុកដើម្បីអភិវឌ្ឍ ដីឱ្យបានត្រឹមត្រូវកុំឱ្យមានការជាន់ទៅលើដីរបស់ប្រជាពលរដ្ឋផ្សេងទៀត។
មិនអាចទាក់ទងទៅអតីតអធិការនគរបាលស្រុកស្រែអំបិលលោក ម៉ា ទី បានទេពីម្សិលមិញ ដោយសារទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន៕