ភ្នំពេញៈ អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានរិះគន់ការចេញរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch (HRW) ដែលថា ការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម ២ បានធ្វើឱ្យអន្តរាយដល់ការលើកស្ទួយសិទ្ធិមនុស្សនានានៅកម្ពុជា ដោយលោកចាត់ទុករបាយការណ៍នេះថា មានចរិតបម្រើឱ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងរារាំងដល់ដំណើរការអភិវឌ្ឍកម្ពុជា ហើយចង់ឱ្យពលរដ្ឋកម្ពុជាបន្តដុតចង្កៀងប្រេងកាត។
លោក នេត្រ ភក្ត្រា បានថ្លែងកាលថ្ងៃទី ១០ ខែសីហាថា វាជារបាយការណ៍បែបភូតកុហកដែលជារបាយការណ៍ដែលបំផ្លាញសិទ្ធិមនុស្ស បំផ្លាញសិទ្ធិសេដ្ឋកិច្ចទៅវិញទេ។ របាយការណ៍របស់ Human Rights Watch នេះមានចរិតជាការបម្រើឱ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងរារាំងដល់ដំណើរការអភិវឌ្ឍកម្ពុជាជាងការគិតគូរពីសិទ្ធិមនុស្សពិតប្រាកដ។
លោកបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរយ៉ាងហ្មត់ចត់រាល់គម្រោងសាងសង់នានា ហើយបានព្យាយាមកាត់បន្ថយផលប៉ះពាល់ទាំងឡាយតាមរយៈឧបករណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានជាមួយនឹងដំណោះស្រាយ និងវិធានការច្បាស់លាស់រួចហើយ»។
បើតាមលោក ភក្ត្រា ឧបករណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានជាមួយនឹងដំណោះស្រាយ និងវិធានការទាំងនោះមានដូចជាទី១ ត្រូវកំណត់ឱ្យគម្រោងបញ្ចេញបរិមាណទឹកគ្រប់គ្រាន់ទៅខ្សែទឹកខាងក្រោមអំឡុងពេលប្រតិបត្តិគម្រោងដែលអាចធានាបានពីការថែរក្សាប្រព័ន្ធអេកូឡូស៊ីក្នុងទន្លេ។
ទី២ គម្រោងបានផ្តល់ផ្ទៃដីទំហំ ៧០៨៦,៨០២ ហិកតាជូនប្រជាជនដែលរងផលប៉ះពាល់ពីគម្រោងព្រមទាំងសាងសង់លំនៅឋានដែលមានផ្ទះថ្មចំនួន ១១៨ ខ្នង ផ្ទះឈើចំនួន ៤៧១ ខ្នង បន្ថែមថវិកាសង់ដោយខ្លួនឯងចំនួន ១២៧ ខ្នង ជីកស្រះចំនួន ៦៣ ស្រះ សាលារៀនចំនួន ១២ សាលាមត្តេយ្យចំនួន ១២ សាលាឃុំចំនួន ២ វត្តអារាម ៣ ប៉ុស្តិ៍នគរបាល ២ ប៉ុស្តិ៍អាវុធហត្ថ ១ និងជីកអណ្តូងទឹក ១៨។
ដោយឡែកពលរដ្ឋចំនួន ១២ គ្រួសារដែលរស់នៅភូមិភ្លុក ឃុំភ្លុក ទទួលយកសំណងថវិកា ១០០ ភាគរយពីក្រុមហ៊ុនហើយក៏មានប្រជាពលរដ្ឋចំនួន ៥៦ គ្រួសារមិនព្រមទទួលសំណង និងសុខចិត្តរស់នៅលើទីទួលសុវត្ថិភាពព្រមទាំងផ្តល់ផលប៉ះពាល់ផ្សេងទៀត។
លោកបានបន្តថា៖ «ការពិពណ៌នាក្នុងរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស HRW ទាក់ទងនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម ២ គ្រាន់តែយុទ្ធនាការផ្សព្វផ្សាយព័ត៌មានបំភ្លៃ បំផ្លើស បំប៉ោងខុសពីការពិតអំពីកម្ពុជា និងដើម្បីធ្វើវិទ្ធង្សនាប្រឆាំងនឹងការអភិវឌ្ឍរបស់កម្ពុជា និងព្យាយាមចិញ្ចឹមទំនាស់ដើម្បីបម្រើរបៀបវារៈនយោបាយពិតប្រាកដមួយប៉ុណ្ណោះ»។
លោក នេត្រ ភក្ត្រា បានបន្ថែមថា ការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម ២ បានផ្តល់ផលវិជ្ជមានជាច្រើនដល់សេដ្ឋកិច្ចប្រទេសជាតិ និងពលរដ្ឋ ដូចជា គម្រោងមានសមត្ថភាពផលិតថាមពលអគ្គិសនី ៤០០ MW ជាសំណង់វារីអគ្គិសនីដ៏ធំមួយដែលចាត់ទុកថាជាថាមពលដែលអាចកកើតឡើងវិញបាន និងមានការលើកទឹកចិត្តក្នុងការប្រើថាមពលបែបនេះ។
លោកបញ្ជាក់ថា កម្ពុជាបានអភិវឌ្ឍប្រទេសពីការដុតចង្កៀងប្រេងកាតមកជាការប្រើប្រាស់ថាមពលកកើតឡើងវិញ គួរតែអង្គការសិទ្ធិមនុស្សមួយនេះកោតសរសើរទៅវិញទេ ដែលរាជរដ្ឋាភិបាលកម្ពុជាបានគិតគូរគ្រប់ជ្រុងជ្រោយលើការអភិវឌ្ឍប្រទេសជាតិដោយផ្តោតលើវិស័យអាទិភាព គឺមនុស្ស ផ្លូវ ភ្លើង និងទឹក។
លោកថ្លែងថា៖ «នេះគឺជាអ្វីដែលពលរដ្ឋខ្មែរចង់បានតែក្រុមអង្គការសិទ្ធិមនុស្សជ្រុលនិយមដូចជាអង្គការឃ្លាំមើលសិទ្ធិមនុស្ស HRW បែរជាចង់ឱ្យពលរដ្ឋកម្ពុជាបន្តដុតចង្កៀងប្រេងកាតក្នុងសតវត្សរ៍ទី ២១ នេះទៅវិញ»។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ស្ថានភាពទឹកទន្លេសេសាន និងគុណភាពទឹកខាងលើ និងខាងក្រោមទំនប់វារីអគ្គិសនីបច្ចុប្បន្នពុំមានការប្រែប្រួលទេ។ ក្នុងករណីប្រែប្រួលគឺប្រែប្រួលជាលក្ខណៈទូទៅនៃបណ្តាប្រទេសស្ថិតនៅតាមដងទន្លេមេគង្គទាំងអស់ (ប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម)។
តាមរបាយការណ៍របស់ HRW ដែលចេញផ្សាយកាលពីថ្ងៃទី ១០ ខែសីហាបានសរសេរថា ទំនប់វារីអគ្គសនីសេសានក្រោម ២ បានបញ្ចប់ការសាងសង់រួចរាល់នៅឆ្នាំ ២០១៨ ជាលទ្ធផលបានធ្វើឱ្យមានការផ្លាស់លំនៅរបស់មនុស្សជិត ៥ ០០០ នាក់ ដែលភាគច្រើនជាជនជាតិដើមភាគតិច និងជនជាតិដើមផ្សេងៗទៀត។
របាយការណ៍សរសេរថា «គម្រោងបង្កផលប៉ះពាល់ដល់មនុស្សរាប់ពាន់នាក់ផ្សេងទៀត ដែលរស់នៅខ្សែទឹកខាងលើ និងខ្សែទឹកខាងក្រោមនៃទំនប់ដែលរស់នៅពឹងអាស្រ័យលើការនេសាទសម្រាប់ប្រភពអាហារ និងប្រាក់ចំណូល»។
បើតាមរបាយការណ៍ដដែល គម្រោងទំនប់វារីអគ្គិសនីនេះ ក៏ប្រហែលជាបានរួមចំណែកធ្វើឱ្យធ្លាក់ចុះនូវទិន្នផលនេសាទនៅក្នុងប្រព័ន្ធទន្លេមេគង្គដែលនាំជាផលប៉ះពាល់យ៉ាងធំធេង ដោយហេតុថា មានមនុស្សរាប់សិបលាននាក់នៅកម្ពុជា វៀតណាម ថៃ និងឡាវ រស់នៅពឹងអាស្រ័យលើផលនេសាទនៅក្នុងប្រព័ន្ធទន្លេមេគង្គ។ សម្រាប់ពលរដ្ឋកម្ពុជាជាមធ្យម ត្រីជាប្រភពប្រូតេអ៊ីនប្រហែល ៦០ ទៅ ៧៥ ភាគរយនៃរបបអាហាររបស់គេ៕
វីដេអូ៖