ភ្នំពេញៈ ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ដាក់ឱ្យ​ដំណើរការ​សាខា​ច្រកចេញចូល​តែមួយ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​សាខា​ខណ្ឌ​ជ្រោយចង្វារ​សម្រាប់​ផ្តល់​សេវា​ផ្នែក​ផ្តល់​បណ្ណ​បើកបរ និង​ប្តូរ​ទុតិយតា​បណ្ណ​បើកបរ​យានយន្ត​ចាប់ពី​ថ្ងៃទី​ ១០ ខែ សីហា ឆ្នាំ​ ២០២១ ​តទៅ​ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​។

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹងថា ការផ្តល់សេវា​នេះ​នឹង​ត្រូវ​ធ្វើឡើង​រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ម៉ោង ៧:៣០ ​ព្រឹក​ដល់​ម៉ោង ១១:៣០ ​ថ្ងៃត្រង់ និង​ម៉ោង ១៣:០០ ដល់​ម៉ោង ១៧:០០ ​រសៀល​នៅក្នុង​បរិវេណ​មន្ទីរសាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែល​មាន​ទីតាំង​នៅ​ផ្លូវជាតិ​លេខ​ ៦ ជាប់​របង​វិទ្យាល័យ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ។

ជាមួយ​នឹង​ការដាក់ឱ្យ​ដំណើរការ​នេះ មន្ទីរ​សាធារណការ​បាន​ស្នើឱ្យ​អ្នក​មក​ទទួល​បណ្ណ​បើកបរ​ប្តូរ​ទុតិយតា​បណ្ណ​បើកបរ​យានយន្ត​ត្រូវ​ចូលរួម​អនុវត្ត​វិធានការ ៣កុំ ៣ការពារ និង​វិធានការ​ក្រសួង​សុខាភិបាល​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ធានា​សុវត្ថិភាព​ទាំងអស់គ្នា​។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ហ៊ាង សុទ្ធាយុត្តិ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការបង្កើន​កន្លែង​ផ្តល់​សេវា​បណ្ណ​បើកបរ​នេះ​ដើម្បី​សម្រួល និង​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ក្នុង​អំឡុងពេល​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​ថា​៖ «​ការរៀបចំ​នេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការសម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ក្រសួង​មាន​ទីតាំង​មន្ទីរ​ហើយ​សមស្រប តាម​ការធ្វើប្រតិភូកម្ម​នៃ​ការផ្ទេរ​មុខងារ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

លោក​បញ្ជាក់ថា​៖ «​មន្ត្រី​មន្ទីរ​ដែល​គាត់​ជា​សេនាធិការ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គឺ​គាត់​ចូលរួម​ក្នុង​ការផ្តល់ និង​ការប្រើ​ទីតាំង​នេះ គឺជា​រឿង​ល្អ ហើយ​យើង​សង្ឃឹមថា ការបង្កើត​នូវ​ទីកន្លែង​ផ្តល់​សេវាសាធារណៈ​ឱ្យបាន​ច្រើន​នេះ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​បាន​កាន់តែ​ល្អប្រសើរ​»​។

លោក​បន្តទៀតថា ការរៀបចំ​បន្ថែម​កន្លែង​ផ្តល់​សេវា​បណ្ណបើកបរ​នេះដែរ គឺជា​ការរៀបចំ​ស្របតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល និង​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ស្តីពី​ការរៀបចំ​ និង​ប្រព្រឹត្ត​ទៅ​របស់​អង្គភាព ការិយាល័យ​ច្រកចេញចូល​តែមួយ​ហើយ​ស្របតាម​ប្រកាស​នៃ​ការធ្វើប្រតិភូកម្ម សេវា​សាធារណៈ​នៅក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​។

ក្រសួង​សាធារណការ​ឱ្យ​ដឹងថា យោង​ការកើនឡើង​នៃ​ការប្រើប្រាស់​សេវា​បណ្ណ​បើកបរ​យានយន្ត​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​រយៈពេល​ថ្មីៗ​នេះ ក្រសួង​បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​អាច​ប្រឡង​យក​បណ្ណ​បើកបរ​យានយន្ត​ (​ទោចក្រ​ត្រីចក្រ​យានយន្ត និង​រថយន្ត​) ​នៅតាម​គ្រប់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ទូទាំង​ ២៥ រាជធានី-ខេត្ត ទាំង​ការប្រឡង​ទ្រឹស្តី និង​ដៃចង្កូត​។

សម្រាប់​នៅ​ភ្នំពេញ​វិញ​អង្គភាព​ផ្តល់​បណ្ណ​បើកបរ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ស្ថិតនៅ​ផ្លូវ​ ៥៩៨ (​ផ្លូវ​ឯកឧត្តម​ ជា សុផារ៉ា​) ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ចំណែកឯ​មណ្ឌល​ផ្តល់​បណ្ណបើកបរ​យានយន្ត មាននៅ ផ្សារ​ទំនើប​អ៊ីអន​ ១ និង​ ២ និង​ផ្សារ​ជីបម៉ុង​ណូរ៉ូម៉ល សម្រាប់តែ​ការផ្តល់សេវា​ប្តូរ និង​ពន្យារ​បណ្ណ​បើកបរ​ប៉ុណ្ណោះ​៕

វីដេអូ៖