ភ្នំពេញៈ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបញ្ជាទិញវ៉ាក់សាំងការពារជំងឺដុំពកស្បែកគោក្របី ឬ LSD ពីប្រទេសអាហ្វ្រិកខាងត្បូង ខណៈមន្ត្រី នៅតាមបណ្តាខេត្តមួយចំនួន ចុះចាក់ថ្នាំព្យាបាលជំងឺដុំពកនេះដល់សត្វគោរបស់ប្រជាកសិករ ដើម្បីកាត់បន្ថយការឈឺងាប់។
លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១២ សីហា បន្ទាប់ពីធ្វើការសិក្សាទៅលើប្រភេទវ៉ាក់សាំងការពារជំងឺនេះជាច្រើនកន្លងមកអគ្គនាយកដ្ឋានសុខភាពសត្វបានបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺដុំពកនេះ ពីប្រទេសអាហ្វ្រិកខាងត្បូង។
តាមគម្រោងវ៉ាក់សាំងនេះនឹងត្រូវបញ្ចូនមកដល់កម្ពុជាយ៉ាងយូររយៈពេល ១ ទៅ ២ សប្តាហ៍ខាងមុខនេះ ដើម្បីបន្តយកមកចែកចាយទូទាំងប្រទេសក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺដុំពកស្បែកគោក្របី។
លោកបញ្ជាក់ថា៖ «ការចាក់ថ្នាំបង្ការជំងឺដុំពក យើងកំពុងស្វះស្វែងរកទិញជាបន្តបន្ទាប់តាមផែនការ បន្ទាប់ពីយើងបានប្រើរយៈពេល ២ សប្តាហ៍ដើម្បីចរចាជាមួយក្រុមហ៊ុន។ អគ្គនាយកដ្ឋានបានទាក់ទងទៅដល់ក្រុមហ៊ុននៅប្រទេសអាហ្វ្រិកខាងត្បូងតែម្តង ដើម្បីទិញវ៉ាក់សាំងដែលមានគុណភាពល្អ»។
តាមលោក តាន់ ផាន់ណារ៉ា កម្ពុជា ក្នុងដំណាក់កាលដំបូងនេះបញ្ជាទិញវ៉ាក់សាំងនេះជាជំហានទី១ ចំនួន ២ ម៉ឺនកម្រិត និងលើកទី២ ចំនួន ៥ ម៉ឺនកម្រិត ហើយក្នុងនោះក្រសួងនឹងពិចារណាបញ្ជាទិញជាបន្តបន្ទាប់ទៀតនូវប្រភេទវ៉ាក់សាំងនេះទៅតាមស្ថានភាពជាក់ស្តែង។
លោកបានបញ្ជាក់ថា៖ «ម្យ៉ាងទៀត ការរីករាលដាលនេះគឺវានៅតែឆ្លងរប៉េះរប៉ោះ (ក្នុងតំបន់មួយចំនួន) ។ ដោយសារការរាលដាលនៃជំងឺដុំពកនេះឯង បានយើងប្រឹងប្រែងណាស់ក្នុងការរិះរកវិធី ដើម្បីយើងទិញថ្នាំការពារមកចាក់ដល់គោ-ក្របីរបស់កសិករយើង»។
ជំងឺដុំពកស្បែកគោក្របី គឺជាជំងឺម្យ៉ាងដែលអាចបង្កទៅជាក្រមរ ហើយអាចបង្កទៅជាដំបៅចំពោះសត្វឈ្មោលអាចបាត់បង់សមត្ថភាពបង្កកំណើត និងមេផើមអាចរលូតកូន ខណៈមេរោគនេះអាចឆ្លងពីសត្វមួយទៅសត្វមួយតាមការប៉ះពាល់ផ្ទាល់ ឬពីសត្វទៅសត្វ ដោយប្រយោលតាមភ្នាក់ងារចម្លងផ្សេងៗ។ ជំងឺនេះអាចធ្វើឱ្យសត្វគោក្របីរបស់អ្នកស្រុកមានអត្រាឈឺពី ៥-៤៥ % និងអត្រាងាប់តិចជាង ១០ %។
ជាមួយគ្នានេះ មន្ត្រីបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តស្ទឹងត្រែងកាលពីថ្ងៃទី ១១ សីហាបានចុះចាក់ថ្នាំព្យាបាលជំងឺដុំពកសត្វគោក្នុងក្រុងស្ទឹងត្រែង ខណៈតំបន់នេះកំពុងកើតមានជំងឺដុំពកនេះលើគោអ្នកស្រុកជាច្រើន។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទខេត្តស្ទឹងត្រែង និយាយថា ការចុះចាក់ថ្នាំព្យាបាលដល់សត្វគោរបស់ប្រជាកសិករ គឺដើម្បីកាត់បន្ថយការឈឺងាប់ ការខាតបង់ផលប្រយោជន៍របស់កសិករ។
ក្នុងករណីបើមានគោក្របីកើតជំងឺនេះលោកស្នើឱ្យមន្ត្រីបសុព្យាបាលនៅតាមមូលដ្ឋានសូមរួសរាន់ជួយចាក់ថ្នាំព្យាបាល ឬផ្តល់ប្រឹក្សាដល់ម្ចាស់គោ ដើម្បីធ្វើចំណាត់ការភ្លាមៗក្នុងការទប់ស្កាត់នូវជំងឺដុំពកនេះកុំឱ្យមានការរីករាលដាលទៅលើគោក្របីផ្សេងទៀត។
បន្ទាប់ពីមានការផ្ទុះនូវជំងឺដុំពកស្បែកគោក្របីនៅដើមខែមិថុនា ឆ្នាំ ២០២១ ដែលករណីដំបូងកើតមាននៅខេត្ត ព្រះវិហារ និងឧត្តរមានជ័យ និងបន្ទាប់មកដល់ខេត្តជាប់ព្រំដែនថៃមួយចំនួនទៀតក្រសួងកសិកម្ម ឱ្យដឹងថា មានគោឈឺចំនួន ៦ ៨០៤ ករណី ក្នុងនោះបានជាសះស្បើយចំនួន ៦៥% និងកំពុងឈឺនៅឡើយមាន ៣៥% និងបានងាប់ចំនួន ១% (ភាគច្រើនលើកូនគោ)។ នេះបើតាមតួលេខគិតពីដើមខែមិថុនាដល់ថ្ងៃ ២៩ កក្កដា៕