
សកម្មភាពមន្ត្រី និងឯកជនចូលរួមប្រជុំពិភាក្សារឿងបច្ចេកវិទ្យាព័ត៌មានកន្លងមក។ រូបថត ក្រសួងសាធារណការ
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីរៀបចំផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន ដែលមន្ត្រីរំពឹងថា ផែនការមេនេះនឹងជួយឱ្យការគ្រប់គ្រងការងាររបស់ក្រសួង កាន់តែមានប្រសិទ្ធភាពនាពេលអនាគត។
ក្រុមការងារបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានជួបពិភាក្សាគ្នាជាមួយក្រុមហ៊ុន VIETTEL ដែលជាក្រុមហ៊ុនផ្តល់ការប្រឹក្សាផ្នែកបច្ចេកវិទ្យា កាលពីថ្ងៃទី ៦ ខែសីហា ក្នុងកម្រិតក្រុមបច្ចេកទេស តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែច្បាស់អំពីការរៀបចំផែនការមេបច្ចេកវិទ្យានេះ។
លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និង ទំនាក់ទំនងសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេស ដែលបានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១១ ខែសីហាថា កិច្ចពិភាក្សានេះគឺត្រៀមលក្ខណៈក្នុងការសហការគ្នា ដើម្បីប្រមូលធាតុចូលដែលពាក់ព័ន្ធទៅនឹងតម្រូវការនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងអង្គភាពនីមួយៗនាពេលបច្ចុប្បន្នក៏ដូចជាពេលអនាគតសម្រាប់ការរៀបចំផែនការមេបច្ចេកវិទ្យាសម្រាប់រយៈពេល ១០ ឆ្នាំខាងមុខ។
ការរៀបចំផែនការមេនេះ ក៏ដោយសារតែកន្លងមកការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូនហាក់មិនទាន់មានភាពស៊ីចង្វាក់គ្នាឱ្យបានល្អនោះទេ បើទោះជាក្រសួងបានវិវឌ្ឍខ្លួនមកប្រើប្រាស់បច្ចេកវិទ្យាខ្លះៗក៏ដោយ ការងារខ្លះ គឺនៅដាច់ដោយដុំៗ ដែលត្រូវទាមទារឱ្យមានការរៀបចំផែនការមេ ដើម្បីបញ្ចូលការងារទាំងនោះឱ្យស៊ីចង្វាក់គ្នា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប។
លោកបានបញ្ជាក់ទៀតថា៖ «យើងនឹងយកបច្ចេកវិទ្យាក្នុងវិស័យសាធារណការនេះជួយកាត់បន្ថយចំណាយ កាត់បន្ថយធនធានមនុស្ស បង្កើនប្រសិទ្ធភាពការងារ។ វាមិនត្រឹមតែជួយដល់រដ្ឋបាលផ្ទៃក្នុងនោះទេ គឺជួយទៅដល់វិស័យឯកជន ដើម្បីងាយស្រួលក្នុងការវិនិយោគ»។
លោក ហ៊ាង សុទ្ធាយុត្តិ បានអះអាងថា បើទោះជាការងារបច្ចេកទេសទាក់ទងវិស័យសាធារណៈទាំងនេះត្រូវបានការសហការជាមួយវិស័យឯកជន ប៉ុន្តែជាក់ស្តែងរាល់សេចក្តីសម្រេច និងការងារលម្អិតនានា គឺនៅតែត្រូវបានគ្រប់គ្រងដោយក្រសួងដដែល ហើយវិស័យឯកជនទាំងនេះ គឺគ្រាន់តែចូលរួមជាមួយក្រសួងក្នុងការផ្តល់ជាការប្រឹក្សា និងផ្នែកបច្ចេកទេសប៉ុណ្ណោះ។
លោកបានរៀបរាប់ថា៖ «យើងរៀបចំផែនការមេបច្ចេកវិទ្យា ឱ្យដំណើរការបានទៅដោយរលូន និងជាប្រយោជន៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានទាន់ឱ្យបានស្របតាមគោលនយោបាយឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា ២០២១-២០៣០ ឱ្យទទួលបានជោគជ័យក្នុងរយៈពេល ១០ ឆ្នាំនេះ»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានលើកឡើងថា ការចាប់យកយុទ្ធសាស្ត្រផ្តល់សេវាតាមប្រព័ន្ធឌីជីថល គឺជារឿងមួយដែលល្អ សម្រាប់ក្រសួងសាធារណការ និងវិស័យសាធារណៈទូទៅ ព្រោះវាជាជំហានមួយត្រឹមត្រូវ ដើម្បីចំណេញពេលវេលា ថវិកា ធនធានមនុស្ស ជាពិសេសគឺកាត់បន្ថយអំពើពុករលួយ។
លោកបន្តថា៖ «កិច្ចការនេះ ធ្វើបានជោគជ័យ គឺទាល់តែយើងមានផែនការមេមួយ មានន័យថា ក្រសួងនីមួយៗគឺត្រូវតែរៀបចំប្រព័ន្ធគ្រប់គ្រងតែមួយក្នុងការទទួលព័ត៌មាន និងក្នុងការឆ្លើយតបព័ត៌មានឱ្យទាន់ពេលវេលា ទៅដល់អ្នកប្រើប្រាស់។ យើងត្រូវមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ និងក្បាលម៉ាស៊ីនបញ្ជា ហើយការរៀបចំពីដំបូងទៅ គឺត្រូវមានផែនការមេជាក់លាក់ ហើយការអញ្ជើញអ្នកជំនាញមកធ្វើកិច្ចការងារនេះ គឺជារឿងចាំបាច់»។
ជាមួយនឹងការរៀបចំផែនការលោក ប៉ិច ពិសី លើកទឹកចិត្តឱ្យអ្នកជំនាញយកចិត្តទុកដាក់លើប្រសិទ្ធភាពនៃការទទួលបានសេវាដល់អ្នកប្រើប្រាស់ បន្ទាប់ពីប្រព័ន្ធបច្ចេកវិទ្យាទាំងនេះដំណើរការ ព្រោះបើអ្នកប្រើប្រាស់មិនអាចប្រើប្រាស់ប្រព័ន្ធទាំងនេះបានដោយរលូន ពួកគេនឹងទៅរកសេវាឯកជន៕