
ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ រដ្ឋបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យៈ អភិបាលខេត្តបន្ទាយមានជ័យសម្រេចបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញ ដើម្បីទទួលពលករដែលវិលត្រឡប់ចូលស្រុកកំណើត បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបិទបញ្ចប់វិធានការបិទខ្ទប់ខេត្តជាប់ព្រំដែនរយៈពេល ១៤ ថ្ងៃកន្លងមក។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យស្តីពីដំណើរការបើកច្រកព្រំដែនឡើងវិញ ដែលបានផ្ញើជូនអភិបាលខេត្តស្រះកែវនៃប្រទេសថៃចុះថ្ងៃទី ១២ ខែ សីហា បានឱ្យដឹងថា៖ « វិធានការបិទខ្ទប់ខេត្ត ជាប់ព្រំដែនរយៈពេល ១៤ ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ ១៩ ប្រភេទដែលតា (Delta) ត្រូវបញ្ចប់នៅម៉ោង ២៣៖៥៩ នាទី ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១។ ដូចនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យសូមដំណើរការបើកព្រំដែនឡើងវិញ ចាប់ពីម៉ោងសូន្យថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២១ តទៅ»។
ជាមួយគ្នានេះអភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី និងអភិបាលខេត្តស្រះកែវនៅថ្ងៃទី ១៣ ខែសីហានេះ បានចុះជួបពិភាក្សាកិច្ចការងារមួយចំនួនលើបញ្ហានេះ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជួបជាមួយអភិបាលខេត្តស្រះកែវ ដើម្បីបើកព្រំដែន។ រូបថត រដ្ឋបាលខេត្តបន្ទាយមានជ័យ
ក្នុងកិច្ចពិភាក្សានោះភាគីទាំងពីរបានសន្យារួមគ្នាបន្តកិច្ចសហប្រតិបត្តិការល្អ ក្នុងការសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗនៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំង ២ ជាពិសេសការគ្រប់គ្រងបងប្អូនពលករ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងមេរោគថ្មី Delta ចូលក្នុងសហគមន៍។
ក្នុងជំនួបនោះដែរ លោក អ៊ុំ រាត្រី បានស្នើអភិបាលខេត្តស្រះកែវ និងសមត្ថកិច្ចពាក់ព័ន្ធជួយសម្របសម្រួលដោះស្រាយបញ្ហាបងប្អូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកទឹកដីកម្ពុជា ទាំងសុខភាព សុវត្ថិភាពពួកគាត់ និងស្នើសុំកុំឱ្យមានការបញ្ជូនពលករខ្មែរទាំងនោះមកជាគំហុក។
លោកថា៖ «មានបញ្ហាអ្វីសូមផ្តល់ព័ត៌មានបន្ទាន់ មកភាគីកម្ពុជា ដើម្បីត្រៀមលក្ខណៈទទួលបងប្អូន តាមវិធានសុខាភិបាល»៕