ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃម្សិលមិញបានប្រកាសលទ្ធផលនៃគម្រោងស្រាវជ្រាវលើការពង្រីកវិសាលភាពដាំដុះពូជស្រូវថ្មីមួយឈ្មោះថា «ផ្កាមាលតី» ដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ និងផ្តល់ផលខ្ពស់ជាងស្រូវធម្មតា ក្រោយពីធ្វើការបង្កាត់ពូជ និងចែកចាយឱ្យកសិករដាំដុះសាកល្បងអស់រយៈពេល ១០ ឆ្នាំរួចមក។
លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពូជស្រូវឈ្មោះផ្កាមាលតី ដែលជាពូជស្រូវកណ្តាលប្រកាន់រដូវត្រូវបានអភិវឌ្ឍន៍ឡើងតាមរយៈការបង្កាត់រវាងពូជស្រូវក្រអូបផ្ការំដួល (មេ) និងពូជស្រូវកណ្តាលខា ៣ (បា) ហើយត្រូវបានជ្រើសរើស និងពិសោធន៍ស្រាវជ្រាវនៅលើក្សេត្របរិស្ថានផ្សេងៗអស់រយៈពេល ១៤ ឆ្នាំ។ នៅដើមឆ្នាំ ២០១៨ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានបញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់។
លោកបានបញ្ជាក់ពីគោលបំណងនៃការបង្កាត់ពូជនេះដូច្នេះថា៖ «និយាយរួមទៅគឺដើម្បីទីផ្សារ ព្រោះវាជាប្រភេទអង្ករល្អ ប្រណីត បាយទន់ឆ្ងាញ់ និងមួយទៀតគឺវាធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជាភ្លៀងមិនទៀងទាត់ ឬតំបន់ខ្វះទឹក ព្រោះពូជនេះវាធន់»។ លោកបន្តថា ការចំណាយពេលយូរក្នុងការបង្កាត់ពូជ និងពិសោធន៍នោះ គឺដោយសារតែវិទ្យាស្ថានចង់បានពូជមួយដែលល្អ ហើយធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ឬការខ្វះខាតទឹក។
ដើម្បីពង្រីកវិសាលភាពការដាំដុះពូជស្រូវផ្កាមាលតីនេះ នៅចុងឆ្នាំ ២០១៨ ដោយមានការសហការណ៍ឧត្ថម្ភថវិកាពីរដ្ឋាភិបាលអូស្ត្រាលីតាមរយៈគម្រោងកាវ៉ាក់ (CAVAC) ដែលមានរយៈពេល ៤ ឆ្នាំ (២០១៨-២០២១) ពូជស្រូវផ្កាមាលតីត្រូវបានពន្លឿនការផ្សព្វផ្សាយតាមរយៈការធ្វើស្រែបង្ហាញសរុប ២២០ កន្លែង, ស្រែផលិតកម្មពូជក្នុងចំណាត់ថ្នាក់ចុះបញ្ជី ១២ កន្លែង និងទិវាស្រែបង្ហាញផលិតកម្មពូជ ១១ កន្លែងនៅតាមខេត្តគោលដៅចំនួន ៦។ ក្នុងនោះមានដូចជាខេត្តស្វាយរៀង ព្រៃវែង កំពង់ធំ ឧត្តរមានជ័យ បាត់ដំបង និងពោធិ៍សាត់។ នេះបើយោងតាមហ្វេសប៊ុករបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។
លោករដ្ឋមន្ត្រីក៏បានឱ្យដឹងផងដែរថា ទន្ទឹមនឹងនេះកសិករចំនួន ២៣១ នាក់បានទទួលផលផ្ទាល់ពីគម្រោងនេះ ក្រោយពីទទួលបានគ្រាប់ពូជសុទ្ធ និងបច្ចេកទេសផលិតកម្មពូជស្រូវ។ ក្រៅពីនោះ កសិករជិតខាង មន្ត្រីផ្សព្វផ្សាយកសិកម្ម ឈ្មួញ និងម្ចាស់ម៉ាស៊ីនកិនស្រូវចំនួន ២៨៤ នាក់ផ្សេងទៀតបានទទួលព័ត៌មានពីពូជស្រូវផ្កាមាលតី និងទទួលយកពូជនេះសម្រាប់បង្កបង្កើនផលនៅរដូវក្រោយ។ តាមរយៈគម្រោងនេះ ពូជស្រូវផ្កាមាលតីសរុបចំនួន ៤០ តោនត្រូវបានផលិតនៅតាមខេត្តគោលដៅសម្រាប់ផ្សព្វផ្សាយបន្ត។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ «យោងលើលទ្ធផលនៃការធ្វើស្រែបង្ហាញចំនួន ២២០ កន្លែង ពូជស្រូវផ្កាមាលតីដុះលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់ជាងពូជកសិករជាមធ្យម ១៤% និង ២៧% ក្នុងលក្ខខណ្ឌកូនរដូវប្រាំងអូសបន្លាយរយៈពេលយូរ»។
លោក ឡោ ប៊ុណ្ណា ក៏បានបន្ថែមថា ប្រជាកសិករនៅទូទាំងប្រទេសអាចសាកល្បងយកពូជស្រូវនេះទៅដាំដុះ និង ចែកចាយពួកគាត់បន្តទៅកសិករផ្សេងទៀតបាន ហើយបើកសិករត្រូវការខាងមន្ត្រីជំនាញអាចចុះទៅជួយណែនាំពីការដាំដុះផងដែរ។ លោកក៏បានឱ្យដឹងផងដែរថា សមាគមន៍ស្រូវខ្លះបានទិញពូជសុទ្ធគ្រឹះ ដើម្បីយកទៅដាំដុះ ហើយតៀមនាំចេញអង្ករទៅលក់នៅក្រៅប្រទេសផងដែរ។ ពូជសុទ្ធគ្រឹះនេះ ១ គីឡូគឺមានតម្លៃ ៣,៥០ ដុល្លារ តែពូជដែលកសិករដាំដុះបានមានតម្លៃថោកជាងនេះច្រើន៕