មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានឱ្យដឹងថា យុទ្ធនាការជាតិក្រោមប្រធានបទ «រួមគ្នាទប់ស្កាត់ការចម្លងនៃវីរុសកូវីដ ១៩» នឹងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ ១៩ លោក ម៉ម ប៊ុនហេង នៅថ្ងៃទី ១៦ ខែសីហា ខាងមុខនេះ។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងថា ចំណុចសំខាន់ដែលមិនអាចខ្វះបាន គឺការអប់រំទៅដល់ប្រជាពលរដ្ឋពីការការពារ និងការប្រយុទ្ធនឹងជំងឺកូវីដ ១៩ នេះ ដូចនេះហើយបានជាអនុគណៈកម្មការអប់រំបណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈធ្វើការរៀបចំជាយុទ្ធនាការជាតិនេះឡើង។
លោកស្រីមានប្រសាសន៍ថា៖ «ប្រធានបទនេះសំខាន់ គឺយើងត្រូវរួមគ្នាទប់ស្កាត់ ដែលមិនមែនធ្វើតែនរណាម្នាក់ទេ គឺត្រូវតែរួមគ្នាទាំងរដ្ឋាភិបាល ទាំងបងប្អូនប្រជាពលរដ្ឋ ទាំងសហគមន៍ និងអ្វីដែលសំខាន់ គឺផ្តោតទៅលើការអនុវត្តវិធានការរបស់បុគ្គល ក្រុមគ្រួសារ និងសហគមន៍»។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ការ ធ្វើ យុទ្ធនាការ នេះ មិនមានធ្វើការប្រមូលផ្តុំគ្នានោះទេ ដោយធ្វើការតាមប្រព័ន្ធអនឡាញ Zoom ទៅកាន់គ្រប់រាជធានី-ខេត្ត ទូទាំងប្រទេស ដោយសារយុទ្ធនាការនេះនឹងធ្វើព្រមគ្នាទាំងអស់គ្នា។
ជាមួយគ្នានេះដែរ យុទ្ធនាការនេះក៏មានរៀបចំជាបដា និងសារអប់រំទៅដល់ប្រជាពលរដ្ឋ ហើយយុទ្ធនាការនេះមិនមែនធ្វើតែមួយថ្ងៃទេ គឺត្រូវបន្តធ្វើនៅគ្រប់ខេត្ត ភូមិ ឃុំ ដើម្បីឱ្យមានការដឹងឮគ្រប់គ្នា និងទទួលបានជោគជ័យដូចអ្វីដែលយើងធ្លាប់បានធ្វើ៕