គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានប្រកាសឱ្យប្រជាពលរដ្ឋនិងពលករដែលមានអាយុ ១៨ ឆ្នាំឡើងទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំងរួសរាន់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់គ្នា ស្របពេលជាមួយរដ្ឋបាលរាជធានីខេត្ត កំពុងតែបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទូទាំងប្រទេសនៅឡើយ។
អ្នកនាំពាក្យ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន បានចេញសេចក្តីជូនដំណឹងមួយនៅរសៀលថ្ងៃទី១៤ ខែសីហានេះ ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ និងពលករ ដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩។
លោកស្រីថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននិងកំពុងបើកយុទ្ធនាការចាក់វ៉ក់សាំងកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ និងពលករ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង នៅទូទាំងប្រទេស ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងការមកចាក់វ៉ាក់សាំង បានយ៉ាងផុសផុល។
លោកស្រី ឱ វណ្ណឌីន បានបន្តថា៖ «រហូតមកដល់បច្ចុប្បន្ននេះ គ.វ.ក-១៩ សង្កេតឃើញថា នៅមានប្រជាពលរដ្ឋ និងពលករមួយចំនួនមិនទាន់បានមកចាក់វ៉ាក់សាំងកូវីដ១៩ នៅឡើយ ដោយមូលហេតុផ្សេងៗ ដូចជាពលករ ឬប្រជាពលរដ្ឋ ឬនិស្សិតដែលបានវិលត្រឡប់មកពីបរទេស ហើយទើបបានបញ្ចប់ការធ្វើចត្តាឡីស័ក ស្ត្រីទើបសម្រាលកូនរួច និងមូលហេតុផ្សេងៗទៀត»។
គួររំឫកថា គ.វ.ក-១៩ បានរៀបចំទីតាំងនៃមន្ទីរពេទ្យចំនួន ២ កន្លែង គឺមន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (ពេទ្យជប៉ុន) សម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩ ដល់បងប្អូនទាំងជនជាតិខ្មែរ រួមទាំងពលករ និងជនបរទេស ដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ហើយកំពុងរស់នៅក្នុងរាជធានីភ្នំពេញ។
ទន្ទឹមនឹងនេះ សម្រាប់ប្រជាពលរដ្ឋ និងពលករ ដែលកំពុងរស់នៅតាមបណ្តាខេត្តនានា អាចទៅចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមទីតាំងដែលកំពុងធ្វើយុទ្ធនាការ ដោយភ្ជាប់ទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ។
លោកស្រី ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា ៖ «គ.វ.ក-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងពលករមានអាយុចាប់ពី ១៨ ឆ្នាំឡើង ទាំងអស់ ដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ សូមរួសរាន់ទៅចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់គ្នា ស្របពេលជាមួយរដ្ឋបាលរាជធានីខេត្ត កំពុងតែបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នៅទូទាំងប្រទេស»៕