ពោធិ៍សាត់ៈ កាកបាទក្រហមកម្ពុជាបានប្រគល់ផ្ទះ ២៥០ ខ្នង ជូនដល់អតីតយុទ្ធជនក្រីក្រ និងមានពិការភាព ស្ថិតនៅខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់ជីវភាពដល់ក្រុមគ្រួសារពួកគាត់ ដែលបានធ្វើពលិកម្មដ៏ធំធេង ចំពោះជាតិមាតុភូមិ។
ពិធីប្រគល់ទទួលផ្ទះជូនអតីតយុទ្ធជនក្រីក្រ និងមានពិការភាព ដែលចូលមករស់នៅទីតាំងសម្បទានដីសង្គមកិច្ចត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៥ ខែសីហា ស្ថិតក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តរួមនឹងលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ តំណាង លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់លោក លាង ទិត្យដ្ឋាន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការផ្តល់ផ្ទះជូនអតីតយុទ្ធជនចំនួន ២៥០ ខ្នងនេះ គឺជាជំហានទី ២ ហើយ ខណៈជំហានទី ១ សមាគមអតីតយុទ្ធជនកម្ពុជាបានផ្តល់ផ្ទះចំនួន ៥០ ខ្នងកាលពីខែមិថុនា ឆ្នាំ ២០២១។
លោកថា៖ «តាមគម្រោង គឺនឹងសង់ផ្ទះជូនពួកគាត់ចំនួន ៦២៨ ខ្នងផ្ទះ ឥឡូវយើងបានប្រគល់ជូនពួកគាត់ចំនួន ៣០០ ខ្នងហើយទាំងជំហានទី ១ និងទី ២ ហើយក្រុមការងារនឹងបន្តសាងសង់ផ្ទះជូនពួកគាត់បន្តទៀត»។
លោកបន្តថា ទន្ទឹមនេះដែរ អភិបាលខេត្តពោធិ៍សាត់បានផ្តល់ជាអង្ករក្នុងមួយគ្រួសារទទួលបាន ៥០ គីឡូក្នុង ១ ខែរហូតដល់ដំណាច់ឆ្នាំ ២០២១។ «ពួកគាត់សុទ្ធតែជាអតីតយុទ្ធជនក្រីក្រ ខ្វះខាត អ៊ីចឹងហើយទើបអាជ្ញាធរបានផ្តល់គ្រាប់ពូជស្រូវ គ្រាប់ពូជដំណាំដល់ពួកគាត់បង្កបង្កើនផលពេលគាត់ទៅដល់មានជីវភាពរស់នៅស្រួលតែម្តង»។
បើតាមលោក ទិត្យដ្ឋាន ក្រុមការងារក៏បាននិងកំពុងសាងសង់សាលារៀន និងមណ្ឌលសុខភាព ដើម្បីឱ្យក្មេងៗបានសិក្សារៀនសូត្រ និងសម្រាកព្យាបាលនៅទីនោះផ្ទាល់តែម្តង។
លោក សំ ចាន់គា មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកប្រចាំការខេត្តពោធិ៍សាត់បានថ្លែងថា ការផ្តល់លំនៅឋានជូនដល់អតីតយុទ្ធជនក្រីក្រ គឺជាការយកចិត្តទុកដាក់មួយផ្នែកដល់ពលរដ្ឋដែលកំពុងជួបការលំបាក។
លោកថា៖ «ការដែលអាជ្ញាធរ ឬរដ្ឋាភិបាលផ្តល់ផ្ទះនេះ គឺជាកាតព្វកិច្ចមួយរបស់រដ្ឋាភិបាលក្នុងការលើកស្ទួយសិទ្ធិមានទីជម្រក និងសិទ្ធិមានលំនៅឋានសមរម្យ។ អ៊ីចឹងក្នុងនាមយើងជាសង្គមស៊ីវិល យើងគាំទ្រសូមឱ្យរដ្ឋាភិបាលបន្តអនុវត្តរបៀបនេះបន្តទៀត តែយើងក៏ស្នើសុំដែរ រាល់ការបណ្តេញពលរដ្ឋចេញគឺសុំឱ្យគិតពីទីជម្រកសមរម្យរបស់ពលរដ្ឋ និងកុំឱ្យមានការរើសអើង»។
យ៉ាងនេះក្តីលោកថា រដ្ឋាភិបាលគួរមានកញ្ចប់ថវិកាសម្រាប់ផ្តល់ឱ្យពួកគាត់ យ៉ាងហោចណាស់ក៏បាន ៦ ខែដែរ ព្រោះបើផ្តល់តែផ្ទះហើយពួកគាត់អត់អាចរកមុខរបរ គឺអាចនឹងធ្វើឱ្យពួកគាត់មានការលំបាកក្នុងការរស់នៅទីតាំងតាំងលំនៅថ្មីនោះ។
សូមជម្រាបថា សម្បទានដីសង្គមកិច្ច គឺជាយន្តការផ្ទេរដីឯកជនរបស់រដ្ឋតាមផ្លូវច្បាប់ ដើម្បីផ្តល់ជូនពលរដ្ឋដែលខ្វះខាតដីសម្រាប់សង់លំនៅឋាន និងដីធ្វើកសិកម្មជាលក្ខណៈគ្រួសារក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ៕