ភ្នំពេញៈ មន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃរំពឹងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដល់ជនជាប់ឃុំនៅតាមពន្ធនាគារនឹងចប់រួចរាល់យ៉ាងយូរនៅចុងខែសីហានេះ ខណៈបច្ចុប្បន្នកំពុងចាក់វ៉ាក់សាំងជូនអ្នកនៅសេសសល់ជិត ៥ ពាន់នាក់។ នេះបើតាមលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញ។
លោក នុត សវនា បានថ្លែងថា បច្ចុប្បន្នក្រុមគ្រូពេទ្យ និងក្រុមការងារចាក់វ៉ាក់សាំងកំពុងអនុវត្ដការចាក់វ៉ាក់សាំងប្រភេទ Johnson & Johnson និង AstraZeneca ដល់ជនជាប់ឃុំដែលនៅសេសសល់នៅតាមពន្ធនាគារក្នុងខេត្ដចំនួន ៧។
លោកថ្លែងថា៖ «យើងកំពុងចាក់ដេញទៅហើយស្អែកនេះចាក់នៅពន្ធនាគារខេត្ដកំពង់ធំខានស្អែកចាក់នៅបន្ទាយមានជ័យ ហូរហែតៗគ្នា។ យើងមិនទាន់បូកសរុបទេ គ្រាន់តែថាយើងកំពុងអនុវត្ដការចាក់វ៉ាក់សាំងដល់ជនជាប់ឃុំដែលនៅសេសសល់ហើយអាចយ៉ាងយូរចុងខែសីហានេះអស់ហើយ»។
បើតាមលោក នុត សវនា អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដល់ជនជាប់ឃុំក្នុងពន្ធនាគាររាជធានី-ខេត្ដបានជាង ៧៣ ភាគរយនៃជនជាប់ឃុំសរុបជាង ៣៧ ០០០ នាក់ ហើយក៏កំពុងបន្ដអនុវត្ដការចាក់ដល់ជនជាប់ឃុំ តាមពន្ធនាគារក្នុងខេត្ដចំនួន ៧ ខេត្ដ ដែលនៅសេសសល់ក្នុងនោះមានជនជាប់ឃុំប្រមាណជិត ៥ ពាន់នាក់។
លោកបញ្ជាក់ថា បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធនាគារមានវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ គ្រប់គ្រាន់ សម្រាប់ចាក់ដល់ជនជាប់ឃុំ និងមន្ដ្រីពន្ធនាគារ។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្មីៗនេះថា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានយកចិត្ដទុកដាក់ខ្លាំងណាស់ ទោះបីជាជនកំពុងជាប់ឃុំក្នុងពន្ធនាគារ ក៏ត្រូវផ្ដល់វ៉ាក់សាំងចាក់ជូនឱ្យបានមួយចំនួនហើយដែរ។
លោកស្រីថ្លែងថា៖ «ទោះបីជាជនជាប់ឃុំក្នុងពន្ធនាគារក៏ដោយគឺបានផ្ដល់នូវវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនដល់ពួកគាត់ឱ្យបានចាក់គ្រប់ៗគ្នា»។
លោក អំ សំអាត នាយករងអង្គការ សិទ្ធិមនុស្ស (លីកាដូ) លើកឡើងពីម្សិលមិញថា ក្នុងអំឡុងពេលដែលកូវីដ ១៩ កំពុងរីករាលដាលក្នុងសហគមន៍នេះ នៅតាមបណ្តាពន្ធនាគារមួយចំនួនក៏រីករាលដាលកូវីដ ១៩ នេះដែរ ហើយមានអ្នកជាប់ឃុំខ្លះក៏បានស្លាប់ដោយជំងឺនេះដែរ។ ទោះបីមានការចាក់វ៉ាក់សាំងដល់អ្នកជាប់ឃុំក៏ស្ថានភាពពន្ធនាគារស្ថិតក្នុងការបារម្ភខ្លាំង។
លោកថា៖ «ពន្ធនាគារគឺមានភាពចង្អៀតណែនខ្លាំង ដូច្នេះគឺមានហានិភ័យខ្ពស់ប្រសិនបើមានការឆ្លងកូវីដ ១៩ ចូលទៅគឺអាចបង្កឱ្យមានការឆ្លងរីករាលដាលលឿន ព្រោះបន្ទប់នីមួយៗចង្អៀតខ្លាំង បច្ចុប្បន្ននេះកូវីដ ១៩ បំប្លែងថ្មី Delta ក៏បានឆ្លងចូលសហគមន៍ទៀត ដូច្នេះចំពោះពន្ធនាគារបើមានកូវីដ ១៩ បំប្លែងថ្មីចូលដល់ទៀតនោះភាពប្រឈមគឺកាន់តែខ្លាំងឡើង»។
បើតាមលោក សំអាត អង្គការលីកាដូនៅតែទទូចសុំឱ្យតុលាការ និងក្រសួងយុត្តិធម៌ពន្លឿនសេចក្តីសម្រេចរបស់ក្រសួងយុត្តិធម៌ស្ពីពីការដោះលែងអ្នកជាប់ឃុំដែលជិតរួចផុតទោសដោយភ្ជាប់លក្ខខណ្ឌ និងពិនិត្យមើលលើអ្នកឃុំណាដែលមិនមានតម្រូវការចាំបាច់ត្រូវឃុំខ្លួនបណ្តោះអាសន្ន អាចដោះលែងឱ្យនៅក្រៅឃុំ និងពិនិត្យមើលលើអ្នកជាប់ឃុំដែលងាយប្រឈមដូចជា អ្នកមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ជនពិការ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតាមម្តាយ ដែលអាចឱ្យនៅក្រៅឃុំបាន។ កត្ដានេះជាការកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ និងជួយសម្រួលដល់ការគ្រប់គ្រង និងការទប់ស្កាត់ការរីករាលកូវីដ ១៩ ក្នុងពន្ធនាគារ។
បើតាមអគ្គនាយកដ្ឋានពន្ធនាគារ ក្រោយមានការផ្ទុះរីករាលដាលជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍ ពន្ធនាគារខេត្តព្រះសីហនុ មណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ ពន្ធនាគាររាជធានីភ្នំពេញ ពន្ធនាគារខេត្តកណ្តាល ពន្ធនាគារខេត្តកំពង់ស្ពឺ និងពន្ធនាគារខេត្តបន្ទាយមានជ័យគឺត្រូវបានរកឃើញមានការឆ្លងក្នុងចំណោមជនជាប់ឃុំក្នុងកម្រិតផ្សេងៗគ្នា។
ការឆ្លងនៅកន្លែងនីមួយៗមានពី ១០ ទៅ ២០ ភាគរយនៃចំនួនជនជាប់ឃុំក្នុងនោះក៏មានជនជាប់ឃុំចំនួន ៥ នាក់បានស្លាប់ ដោយសារជំងឺកូវីដ ១៩ ផងដែរ។ ប៉ុន្ដែអគ្គនាយកដ្ឋានពន្ធនាគារបានសហការជាមួយមន្ដ្រីសុខាភិបាលអនុវត្ដវិធានការ គ្រប់គ្រងសភាពការណ៍បាន និងព្យាបាលជនជាប់ឃុំដែលឆ្លងជំងឺកូវីដ ១៩ បានជាសះស្បើយជាបន្តបន្ទាប់៕