ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានកំណត់ឱ្យប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តចំនួន ១៥ ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពចាប់ពីពេលនេះ រហូតមានការជូនដំណឹងជាថ្មី។
លោក ម៉ម ប៊ុនហេង បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី ១៦ ខែសីហានេះ ស្តីពីភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពដោយកំណត់ខេត្តទាំង ១៥នោះ ជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវមានការអនុវត្តកាតព្វកិច្ចនេះ។
ភូមិសាស្ត្រខេត្តទាំង ១៥ នោះ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កែប កំពង់ធំ ព្រះវិហារ ប៉ៃលិន កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំ និងខេត្តឧត្តរមានជ័យ។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលនៅថ្ងៃទី ២២ ខែមីនា បានចេញនូវប្រកាសមួយស្តីពីកាតព្វកិច្ចពាក់ម៉ាស់និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងសហគមន៍ ដែលតម្រូវឱ្យមានការអនុវត្តនូវកាតព្វកិច្ចឱ្យបានត្រឹមត្រូវ៕