
លោក ស៊ុន ចាន់ថុល ក្នុងពិធីចាប់ផ្ដើមសាងសង់មន្ទីរពិសោធន៍ កាលថ្ងៃ ១៦ សីហា។ រូបក្រសួង
ភ្នំពេញៈ ក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន (MOLIT) នៃសាធារណរដ្ឋកូរ៉េ តាមរយៈវិទ្យាស្ថានកូរ៉េសំណង់ស៊ីវិល និងបច្ចេកវិទ្យាសាងសង់នៃ “គម្រោងនវានុវត្តន៍ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា” បានផ្តល់ជំនួយសម្រាប់សាងសង់អគារមន្ទីរពិសោធន៍ ១ ដល់វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនដើម្បីបម្រើដល់ការសិក្សាស្រាវជ្រាវ និងពិសោធន៍វត្ថុធាតុដើមផ្លូវថ្នល់ និងជួយដល់ការបណ្តុះបណ្តាលធនធានវិស្វករ និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់របស់វិទ្យាស្ថាននេះផងដែរ។
តាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញបានឱ្យដឹងថា អគារមន្ទីរពិសោធន៍នេះចាប់ផ្តើមសាងសង់នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ ដែលមានទំហំ ១៨ ម៉ែត្រx ២៥ ម៉ែត្រ កម្ពស់ ២ ជាន់។ ក្នុងនោះ រួមមានបន្ទប់ Asphalt Test Lab,បន្ទប់ Concrete Test Lab, បន្ទប់ Curing Room និង Storage Room ព្រមទាំងបន្ទប់ការិយាល័យដោយគ្រោងចំណាយថវិកាប្រមាណ ៥៨ ម៉ឺនដុល្លារអាមេរិក និងប្រើពេល ៧ ខែសម្រាប់សាងសង់ដែលគ្រោងបញ្ចប់នៅចុងខែមីនា ឆ្នាំ ២០២២ ។
តាមសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា វិទ្យាស្ថាននេះបានទទួលជំនួយឥតសំណងពីសាធារណរដ្ឋកូរ៉េនូវ “គម្រោងនវានុវត្តន៍ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា” មានទឹកប្រាក់សរុបប្រមាណជាង ៣,២ លានដុល្លារអាមេរិក ឬ ៣ ៩២០ លានវ៉ុនសម្រាប់រយៈពេល ៣ ឆ្នាំ (២០២០-២០២៣) ។
ជំនួយនេះផ្តោតលើឧបករណ៍ពិសោធន៍សម្រាប់វាយតម្លៃគុណភាពផ្លូវថ្នល់ដោយផ្តល់នូវអគារមន្ទីរពិសោធន៍បច្ចេកវិទ្យាសំណង់សម្រាប់សិក្សាស្រាវជ្រាវ និងពិសោធគុណភាពវត្ថុធាតុដើមផ្លូវថ្នល់,រថយន្តអង្កេតផ្លូវថ្នល់ស្វ័យប្រវត្តិសម្រាប់ប្រមូលទិន្នន័យគុណភាពផ្លូវថ្នល់,កម្មវិធីគ្រប់គ្រងផ្លូវថ្នល់ និងការបណ្តុះបណ្តាលបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដល់មន្ត្រីជំនាញពាក់ព័ន្ធ។
រីឯគម្រោងមានគោលដៅចម្បងក្នុងការបង្កើតប្រសិទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជាតាមរយៈការពង្រឹងការគ្រប់គ្រងប្រព័ន្ធផ្លូវថ្នល់ ការបណ្តុះបណ្តាលអ្នកជំនាញជាន់ខ្ពស់ ការផ្តល់សម្ភារបច្ចេកទេស និងអគារមន្ទីរពិសោធន៍បច្ចេកវិទ្យាសំណង់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ការសង់អគារមន្ទីរពិសោធន៍នេះនឹងបម្រើដល់ការសិក្សាស្រាវជ្រាវ និងពិសោធវត្ថុធាតុដើមផ្លូវថ្នល់ផង និងជួយដល់ការបណ្តុះបណ្តាលធនធានវិស្វករ និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់របស់វិទ្យាស្ថាននេះផង ខណៈបច្ចុប្បន្នមាននិស្សិតជំនាន់ទី១ ចំនួន ១៩១ នាក់ បាននិងកំពុងសិក្សាលើជំនាញមួយចំនួនក្នុងនោះមានជំនាញផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក កំពង់ផែ ប្រព័ន្ធចម្រោះទឹកកខ្វក់ សេដ្ឋកិច្ច គ្រប់គ្រងការដឹកជញ្ជូនផ្លូវគោក គ្រប់គ្រងភ័ស្តុភារកម្ម និងនាវាចរណ៍ ជាដើម។
លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ បន្ថែមថា ការសង់អគារមន្ទីរពិសោធន៍នេះគឺជាដំណឹងល្អមួយសម្រាប់ពលរដ្ឋកម្ពុជាក្នុងការបង្កើនប្រសិទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជាដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាតពាក់ព័ន្ធនឹងវិស័យនេះ។
លោកបានបន្តថា មន្ទីរពិសោធន៍នេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសិក្សាស្រាវជ្រាវ ចងក្រងវត្ថុធាតុដើមនៅទូទាំងប្រទេស រួមមាន ទាំងថ្ម ទាំងខ្សាច់ និងទាំងក្រួស ដែលទាក់ទងនឹងវិស័យសំណង់ផ្លូវថ្នល់ ។
លោកថា៖ «យើងអាចនិយាយបានថា ជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងត្រួតពិនិត្យលើវត្ថុធាតុដើមពាក់ព័ន្ធនឹងការសាងសង់ផ្លូវវាយ៉ាងម៉េច?
យើងត្រូវយកវត្ថុធាតុដើមមកពីណាមានគុណភាពយ៉ាងម៉េច ក្រួសនៅកន្លែងណា ថ្មនៅទីណា នេះជាគោលដៅធំ និងគោលដៅធំមួយទៀតរបស់យើងគឺជាកន្លែងឱ្យសិស្សនិស្សិតរបស់យើងបានស្រាវជ្រាវ និងពិសោធផ្ទាល់ »។
យ៉ាងណាក្តី លោកបញ្ជាក់បន្ថែមថា ការពិសោធក្នុងមន្ទីរពិសោធន៍នេះមិនដូចការពិសោធនៅសហគ្រាសសាធារណៈទេ គឺការពិសោធស្រាវជ្រាវវត្ថុធាតុដើមក៏ដូចជាស្រាវជ្រាវស្វែងរករបកគំហើញផ្សេងៗទាក់ទងវិស័យផ្លូវថ្នល់នៅកម្ពុជាតែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងការសាងសង់មន្ទីរពិសោធន៍នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានណែនាំដល់ក្រុមប្រឹក្សាបច្ចេកទេស និងអ្នកសាងសង់ធ្វើឱ្យមានគុណភាពខ្ពស់ ដើម្បីទុកជាកន្លែងសិក្សាស្រាវជ្រាវ និងពិសោធសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត៕