កំពង់ស្ពឺៈ ពលរដ្ឋ ១៣៧ គ្រួសារ នៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទាមទារឱ្យអាជ្ញាធរខេត្តជួយពន្លឿនការបែងចែកដីចំនួន ៥៤ ហិកតា ក្នុងភូមិឃុំនេះ បន្ទាប់ពីមានអ្នកមានប្រាក់ និងអ្នកមានអំណាចឃុបឃិតជាមួយអាជ្ញាធរភូមិ ឃុំ លួចធ្វើប្លង់បំពានកម្មសិទ្ធិដីអាស្រ័យផលរបស់ពួកគាត់។
លោក ជា សាវឿន តំណាងពលរដ្ឋចំនួន ១៣៧ គ្រួសារនៅភូមិដូនអាត់បាននិយាយពីម្សិលមិញថា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានសម្រេចឱ្យអភិបាលខេត្តកំពង់ស្ពឺបែងចែកដី ៥៤ ហិកតាសម្រាប់ពលរដ្ឋ ១៣៧ គ្រួសារកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ប៉ុន្តែមកទល់ពេលនេះមិនទាន់មានការបែងចែកជូនពលរដ្ឋទេ។ ហេតុនេះក្នុងនាមលោកជាតំណាងពលរដ្ឋស្នើសុំឱ្យអាជ្ញាធរខេត្តពន្លឿនការដោះស្រាយបញ្ហាដីធ្លីនៅទីនេះបន្ទាន់។
លោក សាវឿន បានបន្តថា អាជ្ញាធរភូមិឃុំបានឃុបឃិតគ្នាលក់ដីអាស្រ័យផលរបស់ពលរដ្ឋនៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទងទៅឱ្យមន្ត្រីមានអំណាចម្នាក់ឈ្មោះ ប៉ាក់ ចាន់ផល នៅក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីធ្វើប្លង់កម្មសិទ្ធិបំពានយកដីរបស់ពលរដ្ឋ និងអ្នកមានអំណាចម្នាក់ទៀតនៅស្ថាប័នតុលាការ។
លោក សាវឿន បញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែសីហា លោកបានយកថ្មដាក់រាំងផ្លូវ និងទាមទារឱ្យលោក ប៉ាក់ ចាន់ផល ចេញមកសម្របសម្រួលជាមួយពួកគាត់ជាប្រជាពលរដ្ឋ។ លោកថ្លែងថា៖ «គេមករករឿងខ្ញុំបិទផ្លូវហ្នឹង គេសួរខ្ញុំថា ចង់យ៉ាងម៉េចជាមួយគេ។
ខ្ញុំថា ខ្ញុំអត់ចង់ម៉េចទេ ខ្ញុំចង់ឱ្យមានដំណោះស្រាយដីធ្លីហ្នឹងឱ្យបានល្អ គេសួរខ្ញុំថា ឥឡូវបើកផ្លូវឱ្យគេ ឬអត់ទុកឱ្យគេធ្វើវិញឬយ៉ាងម៉េច? ខ្ញុំថាពលរដ្ឋអត់មានអីធ្វើយ៉ាងម៉េចទេ ហើយគេគំរាមចង់យកខ្ញុំដាក់គុកទៀត» ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺថ្លែងពីម្សិលមិញថាបញ្ហាដីដែលពលរដ្ឋមានការស្នើសុំនេះគឺមានបញ្ហាស្មុគស្មាញខ្លាំង ព្រោះជាដីមានទំនាស់។
លោកថា ក្រសួងដែនដីពិតជាបានផ្ញើលិខិតជូនមកគណៈអភិបាលខេត្ត ដើម្បីសម្រេចបែងចែកដីជូនពលរដ្ឋពិតមែន ប៉ុន្តែលោកនៅមិនទាន់អាចបែងចែកបាន ព្រោះកំពុងស្ថិតនៅក្នុងការបន្តនីតិវិធី។ ក៏ប៉ុន្តែលោកមិនបានទុកការងារចោលឡើយដោយលោកកំពុងរិះរកវិធីដើម្បីដោះស្រាយឱ្យបានលឿន។
លោកថា៖ «ដីហ្នឹងគឺជាដីមានទំនាស់ អ៊ីចឹងមានអីទៅដោះស្រាយបានស្រួល។ យើងមិនអាចធ្វើអីរំលងច្បាប់បានទេរឿងហ្នឹង ហើយការដែលពលរដ្ឋគាត់ទាមទារឱ្យលឿនអាហ្នឹងយើងមិនដឹងធ្វើយ៉ាងម៉េចឱ្យលឿនទេ ប្រសិនបើពន្លឿនបានស្រួលនោះយើងធ្វើឱ្យគាត់ហើយ» ។
លោកអភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា បញ្ហាដីធ្លីខ្លះដោះស្រាយបានទាន់ពេល ប៉ុន្តែមានបញ្ហាខ្លះមិនងាយនោះទេ ព្រោះមានបញ្ហាពាក់ព័ន្ធច្រើន។ រឿងបញ្ហាដីធ្លីខ្លះត្រូវការពេលវេលាស៊ើបអង្កេតយូរអង្វែង ។
លោកបានបញ្ជាក់ថា៖ «រឿងវាស្មុគស្មាញណាស់ វាមិនមែនជារឿងដូចយើងមើលពីចម្ងាយ ដែលមិនមែនជាអ្នកកាន់រឿងចេះតែថា គ្រាន់តែចៅហ្វាយខេត្តស៊ីញ៉េទៅបាននោះទេ ស៊ីញ៉េទៅវាអត់បាន បើស៊ីញ៉េបានហើយចប់រឿងហ្នឹង យើងទៅទុកធ្វើស្អី»។
លោក កេត សុខុម មេឃុំស្គុះ ថ្លែងពីម្សិលមិញថា អាជ្ញាធរឃុំមិនបានលក់ដីរបស់ពលរដ្ឋនោះទេ។ ដីនោះពលរដ្ឋបានលក់ដូរដោយខ្លួនឯងតាំងពីឆ្នាំ ២០១០ មកម្ល៉េះ។
លោកបានបញ្ជាក់ថា៖ «ពលរដ្ឋ គាត់លក់ត្រង់នេះបន្តិចត្រង់នោះបន្តិច អ៊ីចឹងទៅ។ ដល់ក្រោយមកអ្នកទិញគាត់បង្រួមក្បាលដី គេធ្វើប្លង់ធ្វើអីបានតាំងពីឆ្នាំ ២០១៥ ហើយកាលនោះក៏អត់មានអ្នកមកជំទាស់អីដែរ» ។
លោកមេឃុំស្គុះ បញ្ជាក់ថា ទើបតែនៅឆ្នាំ ២០១៩ ប្រជាពលរដ្ឋបាននាំគ្នាមកតវ៉ាឡើងវិញ ក្រោយមានឧកញ៉ាម្នាក់បានអភិវឌ្ឍដីនៅតំបន់ក្បែរនោះ។ ពលរដ្ឋដែលទាមទារនោះក៏មានអ្នកដែលធ្លាប់លក់ដី ហើយមកតវ៉ាដើម្បីបានដីវិញផងដែរ។
លោកថ្លែងថា៖ «អ្នកខ្លះមានឈ្មោះលក់ឱ្យគេហើយបែរជាមកតវ៉ាដែរ ប៉ុន្តែពីដើមដីព្រៃមិនមានតម្លៃទេ ដល់ឥឡូវឧកញ៉ាគាត់អភិវឌ្ឍក្បែរៗហ្នឹងអ៊ីចឹងទៅប្រជាពលរដ្ឋក៏បះបោរអ៊ីចឹងទៅណាក្មួយ»។
លោក ប៉ាក់ ចាន់ផល អគ្គនាយករងនៃអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដីថ្លែងពីម្សិលមិញថា ដីនៅភូមិឃុំនោះ លោកបានទិញពីឯកជនតាំងពីឆ្នាំ ២០០៨ និងបានធ្វើប្លង់កម្មសិទ្ធិរួចរាល់ព្រមទាំងបានដាំដុះដំណាំផ្សេងៗលើដីនោះដោយគ្មានការតវ៉ាកើតឡើងនោះទេ។ ក្រោយមកទើបមានពលរដ្ឋដែលមិនដឹងមកពីណានាំគ្នាតវ៉ានាំឱ្យមានបញ្ហាក្នុងសង្គម។
លោកថ្លែងថា៖ «បើនិយាយទៅបំពុល បរិយាកាសសង្គមតែម្តងធ្វើឱ្យចលាចល ហើយទី ២ ទៀត គឺបរិហារកេរ្តិ៍យើង ចំណែកទី ៣ ទៀតគឺពួកគាត់ច្រណែននិន្ទាឈ្នានីសយើងហើយចុងក្រោយគឺពួកគាត់មានមហិច្ឆតាដោយគ្មានការពិចារណា ចង់បំភាន់ភ្នែករាជរដ្ឋាភិបាល និងមហាជនដើម្បីឱ្យយល់ច្រឡំ»៕