ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​បញ្ជា​ឱ្យ​ប្រមូល​ទិញ​ផ្លែ​មៀន​ពី​ប្រជាកសិករ នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ទាំងអស់ ដែល​កំពុង​ជួបប្រទះ​បញ្ហា​ប្រឈម ក្នុង​ការនាំចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ដោយ​ផ្លែមៀន​ដែល​ទិញ​បាន គឺ​ធ្វើការ​ចែកចាយ​ជូន​ដល់​កងកម្លាំង​ទូទាំង​ខេត្តបាត់ដំបង​។

ការប្រកាស​យ៉ាង​ដូច្នេះ​បន្ទាប់ពី​ពេល​ថ្មីៗ​នេះ ផ្លែ​មៀន​ប៉ៃលិន​ [​តាង៉ែន​] ​ប្រមាណ​ជាង​ ៤០ ​តោន ​បាន​ខូច​បែក​ស្អុយ​ ដោយសារ​តែ​ជាប់គាំង​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ព្រោះតែ​អាជ្ញាធរ​ថៃ​បិទ​ព្រំដែន​ហាមឃាត់​ការឆ្លងកាត់​យក​ទៅ​លក់​។

លោក​ ហ៊ីង ប៊ុនហៀង ​នាយករង​ខុទ្ទកាល័យ​លោក​ ហ៊ុន សែន ដែល​ទទួលបញ្ជា​ក្នុង​ការប្រមូលទិញ​ផ្លែមៀន​ទាំងនេះ​ពី​ប្រជាកសិករ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៧ ​សីហា​ថា ការប្រមូលទិញ​ផ្លែមៀន​ទាំងនេះ​នឹង​ទិញ​ស្របទៅតាម​តម្លៃ​ទីផ្សារ ដែល​ប្រជាកសិករ​បាន​លក់​ក្នុងពេល​បច្ចុប្បន្ន​។ ក្នុងនោះ​លោក​ថា ការទទួល​ទិញ​ផ្លែមៀន​នេះ ក៏​មិន​កំណត់​ចំនួន​នោះដែរ ដោយ​ប្រជាកសិករ​មាន​ផ្លែមៀន​ប៉ុន្មាន គឺ​ទទួល​ទិញ​ទាំងអស់​។

លោក​បញ្ជាក់ថា​៖ «​យើង​យក​ទៅ​ឱ្យ​កងទ័ព​ហូប ក្រុមនគរបាល និង​កងកម្លាំង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ ទូទាំង​ខេត្តបាត់ដំបង​តែម្តង​។ ជា​ជំហាន​ដំបូង យើង​ចែកជូន​ដល់​កងកម្លាំង​យើង នៅក្នុង​ខេត្តបាត់ដំបង​សិន​»​។

លោក​បាន​បន្តថា បើសិន​ជា​ក្នុងករណី​ចំនួន​នៃ​ការប្រមូលទិញ​ផ្លែមៀន​ពី​ប្រជាកសិករ លើសពី​តម្រូវការ​សម្រាប់​ខេត្តបាត់ដំបង់​ទាំងមូល នោះ​ក្រុមការងារ​នឹង​បន្ត​ទិញ​ផ្លែ​មៀន​ទាំងនេះ​ទៅ​ចែកជូន​កងកម្លាំង​ជួរមុខ​នៅ​តាម​បណ្តា​ខេត្ត​នានា​ផ្សេងទៀត នៅតាម​ព្រំដែន​កម្ពុជា​ថៃ​។

កសិករ​ក្នុង​ខេត្តបាត់ដំបង​កំពុង​រៀបចំ​ផ្លែ​មៀន​របស់ខ្លួន​ដែល​ទើប​បេះ​ពី​ដើម​។ រូបថត សហការី

លោក សួន ជុំ សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សហគមន៍​មៀន​ប៉ៃលិន​បាន​លើកឡើង​ថា លោក និង​សមាជិក​ដទៃទៀត​បានដឹង​ពី​ព័ត៌មាន​នេះហើយ និង​មាន​ក្តីសប្បាយ​ចិត្តជា​ខ្លាំង ដែល​ប្រមុខ​រដ្ឋាភិបាល​បាន​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​បាន​ជួបប្រទះ​។

បន្ថែម​ពីនេះ​លោក​ថា បើសិនជា​អាច​លោក​ចង់ឱ្យ​រដ្ឋាភិបាល​កំណត់​ទីតាំង​មួយ​ជាក់លាក់ ដើម្បី​ឱ្យ​ប្រជាកសិករ​ប្រមូល​កសិផល​របស់ខ្លួន​ទៅ​លក់​ទីកន្លែង​រួម​តែមួយ​នោះ​តែម្តង ដើម្បី​បង្ក​ភាពងាយស្រួល និង​ចៀសវាង​ការខូចខាត​។

លោក​បញ្ជាក់ថា​៖ «​មៀន​ប៉ៃលិន​នៅក្នុង​ខែ​នេះ គឺ​ទើបតែ​ចាប់ផ្តើម ហើយ​មៀន​ដែល​ប្រឈម​នឹង​លក់​ចេញ​ហ្នឹង​គឺ​វា​មាន​បណ្ដុំ​ទាំង​ ៣ ខេត្ត​ហ្នឹង ដែល​ធ្វើការ​នាំចេញ​បន្តិច​ម្នាក់ៗ​។ ខែ​នេះ វា​ផ្តើម​អ៊ីចឹង​ម្នាក់ៗ​ប្រមូល​បាន ១០ ទៅ ២០ ​តោន​ទេ​។ តែ​ចាំមើល​តែ ១០ ទៅ ២០ ​ថ្ងៃ​ខាងមុខនេះ គឺ​នឹងមាន​ការប្រមូលផ្តុំ​ក្នុង​ទំហំ​ធំ​»​។

បើតាម​លោក សួន ជុំ បច្ចុប្បន្ន តម្លៃ​ទីផ្សារ​ផ្លែ​មៀន​ដែល​ឈ្មួញ​មក​ទិញ​ដល់​កន្លែង គឺ​មាន​តម្លៃ​ចាប់ពី ២ ០០០ ​រៀល​ដល់ ២ ៥០០ ​រៀល​ក្នុង ១ ​គីឡូក្រាម អាស្រ័យ​ទៅលើ​គុណភាព​នៃ​ផ្លែមៀន​នីមួយៗ ខណៈ​ដែល​ឈ្មួញ​នាំ​ផ្លែមៀន​ទាំងនេះ ទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ គឺ​មាន​តម្លៃ​ចាប់ពី ២៥ ​បាត ឬ​ស្មើ​ប្រមាណ ៣ ០០០ ​រៀល​ក្នុង ១ ​គីឡូ​។

សូមជម្រាបថា តាមរយៈ​ការទទួល​ទិញ​ផ្លែមៀន​របស់​រដ្ឋាភិបាល គឺ​ប្រជាកសិករ​ដែលមាន​ផលិតផល​ផ្លែមៀន​អាច​ទំនាក់ទំនង​មក​ក្រុមការងារ​របស់លោក ហ៊ីង ប៊ុនហៀង តាមរយៈ​លេខ​ទំនាក់ទំនង ០៩៧ ៧៧៧ ៣៧៣៧ លោក សេង ឌីលីន ០៨៨ ៩០៣ ៧៧៧៧​។ ការចាប់ផ្តើម​ទទួល​ទិញ​ផ្លែមៀន​ពី​ប្រជាកសិករ គឺ​ចាប់ពី​ថ្ងៃទី​ ១៨ ខែសីហា ឆ្នាំ​ ២០២១ ​នេះ​តទៅ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រដ្ឋបាល​ខេត្តបាត់ដំបង​បាន​ឱ្យ​ដឹងថា ការទទួល​ទិញ​ផ្លែមៀន​ក្នុង​ពេលនេះ ដោយសារ​ប្រមុខ​រដ្ឋាភិបាល​មាន​ទឹកចិត្ត​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ដូចជា​ផ្លែមៀន (​តាង៉ែន​) ដែល​បច្ចុប្បន្ន​កំពុង​ជួប​បញ្ហា​ទីផ្សារ​ក្នុង​ការលក់ដូរ ជាពិសេស​ការនាំ​ចេញ​ទៅ​ប្រទេស​ថៃ ។ ដូច្នេះ​រដ្ឋបាលខេត្ត​បាន​កំណត់​យក​ទីលាន​បាល់ទាត់​វាល​បែក​ចាន ជាប់​នឹង​ទីបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​ ៥ ស្ថិតនៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ជា​ទីតាំង​ទទួល​ទិញ​ផ្លែ​មៀន​ពី​ប្រជាកសិករ​៕

វីដេអូ៖