រតនគិរីៈ អង្គការ​អភិរក្ស​សត្វស្លាប​បានឱ្យ​ដឹងថា ចំនួន​សត្វស្លាប​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​វាល​កំបោរ ដែល​ស្ថិតនៅ​ដែនជម្រក​សត្វព្រៃ​លំផាត់ ខេត្ត​​រតនគិរី​បាន​ថយចុះ បើ​ធៀប​នឹង​ឆ្នាំមុន ខណៈ​ឆ្នាំនេះ​សហគមន៍​តំបន់​នេះ​បាន​កត់ត្រា​ចំនួន​សត្វ​ស្លាបមាន​ ៣៥ ​ប្រភេទ​។

អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​ពីថ្ងៃ​ទី​ ១៦ ខែសីហា​ថា ទោះបី​មាន​គម្រោង​អាជីវកម្ម​រ៉ែ​ថ្ម​ក្នុង​ដី​សហគមន៍​ក៏ដោយ ក៏​គណៈកម្មការ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​វាល​កំបោរ​នៃ​ដែនជម្រក​សត្វព្រៃ​លំផាត់​បាន​បន្តសកម្មភាព​ចុះ​ល្បាត​ក្នុង​ខែកក្កដា​កន្លង​ទៅបាន​ចំនួន​ ៣ ​លើក ដោយ​ ១ ​លើកៗ​ចុះ​ល្បាត​ចំនួន​ ១ ​យប់ និង​ ២ ​ថ្ងៃ​។

អង្គការ​ដដែល​បញ្ជាក់​ថា​ «​ជា​លទ្ធផល សហគមន៍​បាន​កត់ត្រា​ទិន្នន័យ​សត្វ​បាន​ចំនួន​ ៣៥ ​ប្រភេទ ព្រមទាំង​ត្រួតពិនិត្យ​ទីតាំង​ត្រពាំង​បាន​ចំនួន​ ១០ ​ត្រពាំង​។ ជាការ​កត់សម្គាល់ យើង​ឃើញថា ចំនួន​សត្វ​មាន​​ការថយចុះ​នៅក្នុង​សហគមន៍​តំបន់​ការពារធម្មជាតិ​នេះ [​វាលកំបោរ​] បើ​ប្រៀបធៀប​ជាមួយ​ទិន្នន័យ​នា​ឆ្នាំ​កន្លងទៅ​»​។

លោក​ ប៊ូ វរសក្ស នាយកកម្មវិធី​ប្រចាំ​កម្ពុជា​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​ពីថ្ងៃ​ទី​ ១៦ ខែសីហា​ថា​៖ «​អ្វីដែល​ថយចុះ​នេះ​ប្រៀបធៀប​ទៅ​ចំនួន​ឃើញ​វា​តិចជាង​ឆ្នាំមុន​។ ឧបមា​ថា យើង​ធ្លាប់​កត់ត្រា​មាន​ទីតាំង​សម្បុក​ពងកូន [​សត្វ​] ត្រដក់​អ៊ីចឹង [​ឥឡូវ​] លែងឃើញ​អ៊ីចឹង​។ យើង​គិត​​ថា​ចំនួន​វា​ធ្លាប់​ឃើញ​ច្រើន​អ៊ីចឹង​​វា​ឃើញ​ថយចុះ ក្នុង​ហ្វូង​វា​»​។

លោក​ថ្លែងថា ប្រភេទ​សត្វ​ស្លាប​​ដែល​ថយចុះ​នេះ មានដូចជា​សត្វ​ដែល​ងាយ​រងគ្រោះ ដូចជា​​ត្រដក់​តូច និង​សត្វ​ត្រយង​ចង្កំកស និង​ប្រភេទ​សត្វ​មួយចំនួន​​ទៀត​។ ​ដោយឡែក​នៅ​តំបន់​វាលកំបោរ​នេះ​សហគមន៍​ធ្លាប់​កត់ត្រា​ប្រភេទ​សត្វ​ទាំងនេះ​។

លោក ប៊ូ វរសក្ស បាន​បន្តថា មូលហេតុ​នៃ​ការថយចុះ​នេះ ប្រហែល​មកពី​ការរំខាន​ដោយសារ​មនុស្ស​ជាច្រើន​បាន​ចូល​ទៅកាន់​ទីតាំង​តំបន់​វាល​កំបោរ​នេះ ហើយ​សហគមន៍​តំបន់​នេះ​នៅតែ​បន្ត​ការពារ​ដោយ​បន្ត​ស្វែងរក​សម្បុក​សត្វ​ទាំងនេះ​ និង​បន្ត​ផ្សព្វផ្សាយ​អប់រំ​ដល់​​អ្នកពាក់ព័ន្ធ​នៅ​តំបន់​នេះ​ ដើម្បី​ចូលរួម​ការពារ​ប្រភេទ​សត្វ​ទាំងនេះ​។

លោក​ថ្លែងថា​៖ «​បងៗ​ឧទ្យានុរក្ស​គាត់​តែងតែ​ធ្វើការ​តាមដាន​ និង​បើ​មាន​សម្បុក​ពងកូន​យើង​ល្បាត​ក្បែរៗ​ហ្នឹងហើយ​ត្រពាំង​ដែលជា​ទីជម្រក​ហ្នឹង​យើង​តែងតែ​ល្បាត​ទៅ​ខ្លាច​មានការ​ដាក់​អន្ទាក់ ខ្លាច​មាន​ការបំពុល​អី​កើតឡើង​អ៊ីចឹង​»​។

គួរ​បញ្ជាក់ដែរថា ក្រុម​អភិរក្ស​សត្វ​ស្លាប​បាន​រកឃើញ​សម្បុក​​ត្រយង​យក្ស​នៅ​តំបន់​ដែនជម្រក​សត្វព្រៃ​លំផាត់​ទាំងមូល​​ចំនួន​ ១០ ​សម្បុក នៅ​ឆ្នាំនេះ​គឺមាន​ការកើនឡើង​បើ​ធៀប​ឆ្នាំមុន ដែល​បាន​រក​ឃើញតែ​ចំនួន​ ៨ ​សម្បុក​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​កាលពី​ថ្ងៃទី​ ១៥ ខែសីហា​ថា ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​អង្គការ​ជាច្រើន ដែល​​ក្នុងនោះ​មាន​អង្គការ​ជីវិត​សត្វស្លាប​អន្តរជាតិ សមាគម​សង្គ្រោះ​​សត្វព្រៃ​កម្ពុជា​ (WCS) ​ក្នុង​​កិច្ចការពារ និង​អភិរក្ស​សត្វ​ត្រយងយក្ស និង​សត្វ​ត្រយង​ចង្កំ​កស​នេះ​ឱ្យបាន​គង់វង្ស​។

លោក​ថ្លែងថា​៖ «​តាមរយៈ​ការអនុវត្ត​គម្រោង​ស្រូវ​សត្វត្រយង ដែល​មិន​ត្រឹមតែ​ធានា​ដល់​ការផលិត​ស្រូវ​សម្រាប់​ប្រើប្រាស់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​ធានា​បាន​និរន្តរភាព​សម្រាប់​ការប្រើប្រាស់​ខ្សែចង្វាក់​ផ្គត់ផ្គង់ ដើម្បី​គាំទ្រ​ការអភិរក្ស​ការពារ​សត្វព្រៃ ព្រៃឈើ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​»​។

លោក ភក្ត្រា បាន​បន្តថា នេះ​គឺជា​ការគាំទ្រ និង​ផ្តល់​ជម្រើស​ថ្មី​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​ដូចដែល​ពួកគាត់​ប្រាថ្នា និង​ជាមួយ​គ្នា​​នេះ​ការអភិរក្ស​ធនធានធម្មជាតិ​ និង​សត្វព្រៃ​អាច​សម្រេចបាន​ជោគជ័យ​៕

វីដេអូ៖