ភ្នំពេញៈ អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃនៅថ្ងៃទី ១៦-១៧ ខែសីហា បានដឹកនាំកិច្ចប្រជុំជាមួយរដ្ឋបាលខេត្ដចំនួន ២ អំពីការកំណត់ទីតាំង ដើម្បីរៀបចំទីលានចាក់សំរាម ខណៈក្រសួងបរិស្ថានកំពុងបន្តគាំទ្រ និងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឈានឆ្ពោះទៅរកការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៦-១៧ ខែសីហា បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងរដ្ឋបាលខេត្ត កណ្ដាល និងខេត្ដសៀមរាប អំពីការកំណត់ទីតាំង ដើម្បីរៀបចំទីលានចាក់សំរាម សម្រាប់ការអនុវត្តគម្រោងកែលម្អការគ្រប់គ្រងសំណល់រឹង និងសំណល់ប្លាស្ទិករបស់ធនាគារពិភពលោកតាមប្រព័ន្ធវីដេអូ Zoom។
កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងតំណាងរដ្ឋបាលក្រុង ស្រុកពាក់ព័ន្ធនៃខេត្តទាំង ២ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ព្រមទាំងក្រុមការងារបច្ចេកទេសនៃធនាគារពិភពលោក (World Bank) ផងដែរ។
លោក ប្រាក់ សំអឿន ប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា៖ «គម្រោងនេះ មិនទាន់អនុម័តយល់ព្រមពីធនាគារពិភពលោកទេ និងមិនទាន់អនុវត្ត។ គ្រាន់តែយើងត្រៀមលក្ខណៈការងារមួយចំនួនមុន»។
ទាក់ទងនឹងការគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ក្រសួងបរិស្ថាន កំពុងបន្តគាំទ្រ និងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបំពាក់សម្ភារ និងបណ្តុះបណ្តាលជំនាញបន្ថែម ដើម្បីឈានឆ្ពោះទៅរកការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលនៃការគ្រប់គ្រងសំណល់រឹង សំរាម នៅតាមរាជធានី ខេត្ដ និងថ្នាក់មូលដ្ឋាន។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ក្រសួងបរិស្ថាន បានផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសដល់មន្ត្រីមូលដ្ឋានដោយផ្តល់លទ្ធភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង នៅតាមមូលដ្ឋានសាមី។ ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រងសំរាមសំណល់រឹងនៅតាមមូលដ្ឋានសាមីឱ្យមានប្រសិទ្ធភាពខ្ពស់។ លើកកម្ពស់គុណភាពបរិស្ថាន ដើម្បីចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយនិរន្តរភាព។
លោកថ្លែងថា៖ «ក្រោយមានកិច្ចអន្តរាគមន៍ពីក្រសួងបរិស្ថានយើងសង្កេតឃើញថា រដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ៤ បាននិងកំពុងអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនបានយ៉ាងល្អប្រសើរ រួមមាន៖ ស្រុកបន្ទាយស្រី (ខេត្តសៀមរាប) ក្រុងព្រៃវែង និងស្រុកស្វាយអន្ទរ (ខេត្តព្រៃវែង) និងស្រុកអូររាំងឪ (ខេត្តត្បូងឃ្មុំ)»។
ចំណែកក្រុងព្រះសីហនុ និងស្រុកព្រៃនប់ក្នុងខេត្តព្រះសីហនុ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ស្រុកស្នួល ខេត្តក្រចេះ និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កំពុងឈានឆ្ពោះទៅរកការគ្រប់គ្រងសំរាមសំណល់រឹង ប្រកបដោយប្រសិទ្ធភាពក្នុងពេលអនាគតខាងមុខ។
លោក ភក្ត្រា បន្តអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងញែកសំរាមតាមប្រភេទ ចៀសវាងការបោះសំរាមចោលផ្តេសផ្តាស ដែលធ្វើឱ្យប៉ះពាល់ដល់សោភណភាព និងផាសុកភាពសង្គម៕