ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងស្ថាប័ន អង្គការ ក្រុមហ៊ុនឯកជនពាក់ព័ន្ធមួយចំនួន បានរៀបចំសិក្ខាសាលារយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែសីហា ស្ដីពី «កិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា» ដើម្បីលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃប្រព័ន្ធអនឡាញចំពោះកុមារ ជាពិសេសកុមារតូច។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំថ្លែងនៅថ្ងៃ ១៦ សីហាថា សិក្ខាសាលារយៈពេល ៥ ថ្ងៃនេះនឹងចាប់ធ្វើពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ សីហា ឆ្នាំ ២០២១ វេលាម៉ោង ៩ ដល់ម៉ោង ១០:៣០ នាទីព្រឹកតាមរយៈប្រព័ន្ធវីដេអូ Zoom និងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ។ លោកថ្លែងថា៖ «ការរៀបចំសិក្ខាសាលានេះឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃប្រព័ន្ធអនឡាញចំពោះកុមារ ជាពិសេសកុមារតូចៗឱ្យចៀសផុតពីការបៀតបៀន និងការរំលោភបំពានតាមអនឡាញ»។
លោក សុវាចា បានឱ្យដឹងថា សិក្ខាសាលានេះមានក្រុមសិក្ខាកាមគោលដៅ រួមមាន គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សចូលរួម សរុបប្រមាណ ៥០០ នាក់។ ចំណែកក្រសួងស្ថាប័ន អង្គការ និងក្រុមហ៊ុនឯកជនពាក់ព័ន្ធចូលរួមមាន ក្រសួងប្រៃសណីយ៍ ក្រសួងអប់រំ ក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា ក្រសួង កិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អង្គការ UNICEF អង្គការ APLE Cambodia ក្រុមហ៊ុន Facebook និងក្រុមហ៊ុន Ezecom។
បើតាមលោក សុវាចា នៅថ្ងៃទី ២៣ ខែសីហា សិក្ខាសាលានឹងធ្វើឡើងក្រោមប្រធានបទ «ស្ថានភាពនៃហានិភ័យតាមប្រព័ន្ធអនឡាញចំពោះកុមារនៅកម្ពុជា»។ ថ្ងៃទី ២៤ ខែសីហា ក្រោមប្រធានបទ «ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតប លើការកេងប្រវ័ញ្ចផ្លូវភេទចំពោះកុមារតាមប្រព័ន្ធអនឡាញ»។
ថ្ងៃទី ២៥ ខែសីហា ក្រោមប្រធានបទ «កិច្ចការពារកុមារលើប្រព័ន្ធអនឡាញក្នុងវិស័យអប់រំ»។ ថ្ងៃទី ២៦ ខែសីហា ក្រោមប្រធានបទ «ការចូលរួមរបស់វិស័យឯកជនក្នុងការការពារកុមារលើប្រព័ន្ធអនឡាញ»។ ចំណែកថ្ងៃទី ២៧ ខែសីហា ជាកម្មវិធីបិទសិក្ខាសាលា។
លោក ខឹម វ៉ាន់ដូរ អ្នកឯកទេសកិច្ចការពារកុមារនៃអង្គការសកម្មភាពដើម្បីកុមារ (APLE) (Vando Khoem, Child Protection Specialist) បានថ្លែងថា សិក្ខាសាលានេះ គឺជាយុទ្ធនាការមួយដែលមានសារៈសំខាន់ខ្លាំងណាស់ដោយដំណើរការវិវឌ្ឍន៍នៃការប្រើប្រាស់បច្ចេកវិទ្យាកាន់តែមានភាពទូលំទូលាយ។ ប៉ុន្ដែទន្ទឹមនឹងការប្រើប្រាស់រីកចម្រើន បញ្ហា និងហានិភ័យមួយចំនួនក៏អាចកើតមានឡើងផងដែរ ពិសេសចំពោះកុមារ។
លោកថ្លែងថា៖ «ការអប់រំផ្សព្វផ្សាយនេះ គឺមានគោលដៅដើម្បីលើកកម្ពស់ ការយល់ដឹង និងអំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងឪពុកម្ដាយរបស់កុមារ និងសាធារណជន ដើម្បីកុំឱ្យពួកគាត់ពាក់ព័ន្ធជាមួយសកម្មភាពណានៅលើអនឡាញ ដែលមានហានិភ័យសម្រាប់ខ្លួនគាត់ និងកុមារ និងអ្នកប្រើប្រាស់ដទៃទៀតក្នុងនោះមានដូចជាការចុច Like, Share ព័ត៌មាន ឬមាតិកាការផ្សព្វផ្សាយណាមួយ»។
លោក វ៉ាន់ដូរ បានឱ្យដឹងថា ក្រោយសាលារៀនផ្អាកការសិក្សានៅក្នុងថ្នាក់រៀនបណ្ដោះអាសន្ន សិស្សានុសិស្សនៅទូទាំងប្រទេសបានបែរសិក្សាតាមអនឡាញវិញ កត្ដានេះធ្វើឱ្យកំណើនជនល្មើសឆ្លៀតឱកាសក្នុងការលួងលោម បោកបញ្ឆោតកុមារ ដើម្បីបៀតបៀន ឬរំលោភបំពានមានច្រើនជាងមុន។
បើតាមលោក វ៉ាន់ដូរ តាមរយៈរបាយការណ៍ដែលអង្គការរបស់លោកបានរកឃើញ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២១ នេះមានករណីកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ទាំងតាមប្រព័ន្ធអនឡាញ និងដោយផ្ទាល់មានជាង ១១៦ ករណី ខណៈកាលពីឆ្នាំ ២០២០ មានចំនួន ៥០ ករណី។
ក្រសួងមហាផ្ទៃ និងអង្គការពាក់ព័ន្ធកាលពីថ្ងៃទី ១៤ កក្កដា ឆ្នាំ ២០២១ បានប្រកាសដាក់ឱ្យប្រើប្រាស់ «ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ»។
លោកស្រី ញ៉ោប សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងរយៈពេលនៃការផ្ទុះជំងឺរាតត្បាតអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញត្រូវបានរកឃើញថា បានកើនឡើងជាលំដាប់មិនថាបរិបទក្នុងប្រទេសកម្ពុជា ឬពិភពលោកនោះទេ។
លោកស្រីបង្ហាញតាមការស្រាវជ្រាវថ្មីថាក្នុងរៀងរាល់ ៥ នាទីម្តង អំពើជួញដូររូបអាសអាភាសរបស់កុមារលើប្រព័ន្ធអ៊ីនធឺណិតត្រូវបានកើតឡើងក្នុងបរិបទជាសកលស្របពេលកម្ពុជាក៏មានសម្ទុះកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធអនឡាញរបស់កុមារក្នុងពេលបច្ចុប្បន្ន។
លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា លើកឡើងថា ពាក់ព័ន្ធនឹងកិច្ចការពារកុមារពីការបៀតបៀន ឬរំលោភបំពានតាមប្រព័ន្ធអនឡាញនេះ គឺមានសារៈសំខាន់ណាស់ ដោយសារក្នុងបរិបទបច្ចុប្បន្នកុមារភាគច្រើនគឺរៀនសូត្រ និងប្រើប្រាស់ពេលវេលាច្រើននៅលើប្រព័ន្ធនេះ។
លោកថ្លែងថា៖ «ហានិភ័យនៃការរំលោភបំពានដល់កុមារតាមប្រព័ន្ធអនឡាញក៏មានកម្រិតខ្ពស់ដែរបើយើងមើលទៅតាមបណ្ដាញព័ត៌មាន និងកិច្ចពិភាក្សាផ្សេងៗ គឺយើងឃើញថា រូបភាពនៃការរំលោភបំពានដល់កុមារតាមប្រព័ន្ធអនឡាញនេះ គឺមានការកើនឡើង»។
លោក គីមថាន សំណូមពរដល់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមចំណែកនៅក្នុងការអនុវត្ដនូវផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដើម្បីចូលរួមទប់ស្កាត់លើបញ្ហានេះ៕