ភ្នំពេញៈ អាជ្ញាធរដែនដីក្នុងខណ្ឌទួលគោករាជធានីភ្នំពេញបានទុកពេល ៣ ថ្ងៃឱ្យពលរដ្ឋជាង ៦០ គ្រួសារ ដែលរស់នៅក្នុងភូមិ ១៤ សង្កាត់បឹងកក់ទី១ រុះរើរបង និងផលដំណាំចេញពីតាមបណ្ដោយផ្លូវរថភ្លើងដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី ១៩ សីហា ខណៈពលរដ្ឋប្រកាន់ជំហរតវ៉ាមិនព្រមអនុវត្តតាមការណែនាំនេះ។
សេចក្តីជូនដំណឹងចុះថ្ងៃទី ១៦ ខែសីហារបស់សាលាសង្កាត់បឹងកក់ទី១ នៃសាលាខណ្ឌទួលគោកបានឱ្យដឹងថា ពលរដ្ឋដែលរស់នៅអាងស្តុកទឹកទួលគោកទី២ តាមបណ្តោយផ្លូវដែកក្នុងភូមិ ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដែលបានដាំដំណាំដើមចេក និងធ្វើរបងនៅតំបន់អាងស្តុកទឹកស្អុយទួលគោកទី២ នាពេលថ្មីៗនេះ គឺត្រូវរុះរើចេញក្នុងរយៈពេល ៣ ថ្ងៃ គិតចាប់ពីថ្ងៃទី ១៦ ដល់ទី ១៩ សីហា។
សេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា ការឱ្យពលរដ្ឋរុះរើដោយខ្លួនឯងនេះក៏ព្រោះទីតាំងនោះកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍នៅនឹងកន្លែង និងរៀបចំធ្វើបណ្ណកម្មសិទ្ធិជូនពលរដ្ឋដែលមានទំហំដី ៤ ម៉ែត្រ x១០ ម៉ែត្ររបស់រាជរដ្ឋាភិបាល។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា «ដើម្បីឱ្យដំណើរការអភិវឌ្ឍន៍ខាងលើទទួលបានលទ្ធផលល្អ និងតាមផែនការដែលបានគ្រោងទុក សូមលោក-លោកស្រីរុះរើរបង និងដំណាំចេញពីទីតាំងដោយខ្លួនឯងចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២១ ជាកំហិត»។
ជាមួយគ្នានេះអាជ្ញាធរខណ្ឌទួលគោកក៏បានព្រមានដែរថាក្នុងករណីពលរដ្ឋដែលមានការប៉ះពាល់មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ គណៈបញ្ជាការឯកភាពខណ្ឌ-សង្កាត់នឹងចុះអនុវត្តតាមផ្លូវច្បាប់ដោយមិនទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិឡើយ។
លោក ធន់ សារ៉េត ជាពលរដ្ឋដែលរស់នៅលើដីនេះប្រមាណ ៤០ ឆ្នាំបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ពលរដ្ឋនឹងមិនព្រមរុះរើតាមសេចក្តីជូនដំណឹងនោះទេ។ ការដែលពលរដ្ឋបដិសេធយ៉ាងដូច្នេះ ក៏ព្រោះតែពួកគាត់បានរស់នៅលើទីតាំងដីជាយូរឆ្នាំមកហើយ។
លោកបានឱ្យដឹងដែរថា កាលពីឆ្នាំ ២០១៧ កន្លងទៅ ពលរដ្ឋក៏បានយល់ព្រមផ្ដល់ដីប្រវែង ២៥ ម៉ែត្រកន្លះ សម្រាប់ការពង្រីកប្រឡាយទឹក និងផ្លូវអមប្រឡាយ ៦ ម៉ែត្រទៀត ជូនសាលារាជធានីភ្នំពេញ ដើម្បីស្ដារ និងរំដោះទឹកកុំឱ្យលិចលង់ក្នុងទីក្រុងផងដែរ។
លោកបានរៀបរាប់ថា៖ «វាអយុត្តិធម៌ណាស់សម្រាប់ពួកខ្ញុំ។ ខ្ញុំបានផ្តល់ជូនដីរដ្ឋកន្លងទៅជាច្រើនហើយ ហើយពួកយើងសល់តែប៉ុន្មាននេះទេ ហើយគាត់ចង់បានដីរបស់យើងពាក់កណ្តាលទៀតទៅធ្វើការបែងចែកឱ្យអ្នកផ្សេង។ ខ្ញុំសួរថា ចុះកូនចៅខ្ញុំបានអី ពួកយើងមានតែដីប៉ុណ្ណឹងហើយសង្ឃឹមថា ទទួលបានសិទ្ធិកាន់កាប់ត្រឹមត្រូវ»។
ជាមួយនឹងការប្រកាន់ជំហរតវ៉ាបែបនេះ លោក ធន់ សារ៉េត បានអះអាងថា នៅថ្ងៃទី ១៩ ដែលជាថ្ងៃកំណត់នោះមកដល់ ពលរដ្ឋទាំងអស់នឹងប្រមូលផ្តុំគ្នាដើម្បីប្រឆាំងនឹងការចុះរុះរើទ្រព្យសម្បត្តិរបស់ខ្លួន។
លោកបានបញ្ជាក់ថា៖ «បើដល់ថ្ងៃគេមករុះរើ គឺខ្ញុំមានតែប្រើកម្លាំងទប់ទល់ពលរដ្ឋទាំងជាង ៦០ គ្រួសារនេះ ប្តេជ្ញាតវ៉ាដាក់កង់ឡានបិទមិនឱ្យចូលទេ។ ពួកយើងបារម្ភវាបារម្ភហើយ ប៉ុន្តែពួកយើងគ្មានជម្រើសនោះទេ យើងការពារដីរបស់ពួកយើងដែលបានរស់នៅ ៤០ ឆ្នាំនេះ»។
លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ក្នុងករណីពលរដ្ឋមិនពេញចិត្តនឹងសេចក្តីជូនដំណឹងនេះគឺអាចទៅតវ៉ានៅសាលាសង្កាត់ ឬសាលាខណ្ឌបាន។ លោកបន្តថា ការដែលរដ្ឋបាលខណ្ឌសម្រេចយ៉ាងដូច្នេះ ក៏ព្រោះតែពលរដ្ឋកំពុងរស់នៅលើតំបន់មិនរៀបរយហើយជាដីចំណីផ្លូវសាធារណៈរបស់រដ្ឋ។
ដូច្នេះដើម្បីទទួលបានសិទ្ធិកាន់កាប់ស្របច្បាប់ អាជ្ញាធរត្រូវបែងចែកដល់ពលរដ្ឋឱ្យបានត្រឹមត្រូវតាមគោលនយោបាយអភិវឌ្ឍន៍នៅនឹងកន្លែង ហើយដីមួយផ្នែកទៀត ដែលពលរដ្ឋកាន់កាប់ គឺត្រូវបែងចែងដល់ពលរដ្ឋដទៃទៀត។
លោកអភិបាលខណ្ឌបានបញ្ជាក់ថា៖ «បើពួកគាត់ មិនពេញចិត្តឱ្យគាត់មកសង្កាត់ មកខណ្ឌ ព្រោះដីនេះគឺជាដីចំណីប្រឡាយ និងដីចំណីផ្លូវរថភ្លើង។ យើងនឹងសម្របសម្រួលជាមួយគាត់ឱ្យទទួលយកគោលនយោបាយអភិវឌ្ឍន៍នៅនឹងកន្លែងទៅតាមការបែងចែងរបស់សាលារាជធានី»៕