ភ្នំពេញ៖ ខណ្ឌដង្កោចាប់ឃាត់រថយន្ត ម៉ូតូរ៉ឺម៉ក ចំនួន ១៦ គ្រឿង ករណីដឹកសំរាម សំណល់រឹង យកមកបោះចោល ដុត នៅតាមដងផ្លូវ ទីសាធារណៈក្នុងរយៈពេល ៧ ខែឆ្នាំ ២០២១ ខណៈបរិមាណសំរាមនៅក្នុងភូមិសាស្ត្រខណ្ឌ មានប្រមាណពី ២០០ តោន ទៅ ២២០ តោន ក្នុង ១ ថ្ងៃ ឬប្រហែល ៧ ភាគរយ នៃចំនួនសំរាមសរុបក្នុងរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍ប្រចាំឆមាសទី១ ផ្តល់ឱ្យ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ១៨ សីហា ដោយលោកហ៊ាង ញ៉ អនុប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ នៃសាលាខណ្ឌដង្កោ ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២១ រដ្ឋបាលខណ្ឌដង្កោបានឃាត់រថយន្ត ម៉ូតូរ៉ឺម៉កចំនួន ១២ គ្រឿង យកមកធ្វើកិច្ចសន្យារក្សាទុក និងធ្វើកិច្ចសន្យា ដោយសារពួកគេបានដឹកសំរាម សំណល់រឹង មកបោះចោល ឬដុត នៅតាមដងផ្លូវសាធារណៈ។
តាមរបាយការណ៍ប្រចាំខែកក្កដា របស់ការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈក្នុងខែកក្កដា រដ្ឋបាលខណ្ឌដង្កោបានឃាត់រថយន្ត ម៉ូតូរ៉ឺម៉កចំនួន ៤ គ្រឿងទៀត ដែលតម្រូវឱ្យម្ចាស់យានយន្តទាំងនោះធ្វើកិច្ចសន្យា។
លោក ហ៊ាង ញ៉ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បច្ចុប្បន្នសាលាខណ្ឌបានចាត់វិធានការជាជំហានដំបូងតាមរយៈការឃាត់យានយន្ត និងការធ្វើកិច្ចសន្យា។
លោកនិយាយថា៖ «ប៉ុន្តែដោយសារបញ្ហាកូវីដ យើងយកមកអនុវត្តតាមគោលការណ៍របស់រដ្ឋបាលខណ្ឌដង្កោ គឺយើងទុក[យានយន្ត]រយៈពេល១សប្តាហ៍ លើកទី១ ដើម្បីឱ្យរាងចាល។ លើកទី២ បើនៅតែយកសំរាមចាក់អ៊ីចឹងទៀត ចាក់ពាសវាលពាសកាលទៀត អាហ្នឹងទុក ២ សប្តាហ៍ ដល់កន្លះខែ អាចដល់ ១ ខែ»។
លោកបន្តថា៖ «ហើយករណីដែលយើងចាប់ម៉ូតូរ៉ឺម៉ក ឡានសំរាម យកសំរាមចាក់ចោលហ្នឹងទៀត មុននឹងឱ្យគាត់ចេញទៅវិញ យើងឱ្យគាត់ធ្វើកិច្ចសន្យានៅមុខជាមួយនឹងគាត់ជាលើកទី១ អត់ឱ្យមានលើកទី២ ទេ។ បើមានលើកទី២ យើងនឹងផាកពិន័យ អនុវត្តតាមអនុក្រឹត្យលេខ ១១៣»។
យោងតាមអនុក្រឹត្យលេខ ១១៣ អនក្រ.បក មាត្រា៤២ បុគ្គលណាដែលចោលសំរាម សំណល់រឹង នៅលើទីសាធារណៈ តាមដងផ្លូវ ទីវាលដីកម្មសិទ្ធិ ឬទីកន្លែងដែលរដ្ឋបាលរាជធានី-ក្រុង-ស្រុក ខណ្ឌហាមឃាត់ការបោះចោលសំរាម សំណល់រឹងទីប្រជុំជន នឹងត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ពី ២០ ០០០ រៀល ដល់ ៤០០ ០០០ រៀល និងទណ្ឌកម្មផ្សេងៗ ដូចជាការប្រមូលវេចខ្ចប់សំរាមទាំងនោះទៅដាក់ទីតាំងដែលអាជ្ញាធរបានកំណត់ ឬទៅទីលានចាក់សំរាម។
ក្នុងឆ្នាំ ២០២០ រដ្ឋបាលខណ្ឌដង្កោបានចុះល្បាតឃាត់រថយន្ត ម៉ូតូរ៉ឺម៉កចំនួន ២៩ គ្រឿង ករណីដឹកសំរាម សំណល់រឹង-រាវ សំណល់អេតចាយសំពីងសំពោងយកមកបោះចោល ដុត បង្ហូរសំណល់រាវ បង្កផលប៉ះពាល់សោភណភាព សណ្តាប់ធ្នាប់ នៅតាមទីសាធារណៈ ដោយបានរក្សាទុកយានយន្តទាំងនោះរយៈពេល ៧ ថ្ងៃ និងធ្វើកិច្ចសន្យា និងផាកពិន័យនៅមន្ទីរបរិស្ថានរាជធានីភ្នំពេញ។
លោក ហ៊ាង ញ៉ បានបន្តថា ជាទូទៅក្រុមហ៊ុនប្រមូលសំរាម ដឹកជញ្ជូនសំរាមប្រមាណជា ២០០ ទៅ ២២០ តោន ក្នុង ១ ថ្ងៃ ដែលភាគច្រើនជាសំណល់ផ្ទះបាយ។ សំណល់របស់អ្នកជំងឺកូវីដ ១៩ ត្រូវបានប្រមូល និងបំផ្លាញដោយអង្គភាពគ្រប់គ្រងសំណល់វេជ្ជសាស្ត្រដាច់ដោយឡែក។ ខាងក្រុមហ៊ុនដឹកសំរាម និងខណ្ឌ ទទួលបន្ទុកលើសំរាមរបស់បុគ្គលិកសុខាភិបាល និងមន្ត្រីរាជការប្រចាំការនៅតាមទីតាំងព្យាបាលកូវីដ និងទីតាំងធ្វើចត្តាឡីស័កចំនួន៥កន្លែងក្នុងខណ្ឌដង្កោ។
បើតាមលោក ហ៊ាង ញ៉ បច្ចុប្បន្នការប្រមូលសំរាមក្នុងភូមិសាស្ត្រសង្កាត់ទាំង ១២ នៃខណ្ឌដង្កោធ្វើឡើងដោយរថយន្តក្រុមហ៊ុន Mizuda ចំនួន ១៣ គ្រឿង និងម៉ូតូរ៉ឺម៉កឧបត្ថម្ភដោយសាលារាជធានីភ្នំពេញចំនួន ១២ គ្រឿង។
លោកបន្តថា បច្ចុប្បន្នក្រុមការងាររបស់លោកក៏កំពុងតែលុបបំបាត់ដេប៉ូសំរាមនៅតាមដងផ្លូវ និងសំរាមរបាត់រប៉ាយនានានៅក្នុងខណ្ឌដង្កោដែលភាគច្រើនបង្កឡើងដោយប្រជាពលរដ្ឋអ្នកលក់ដូរចល័ត។
លោកអះអាងថា កន្លងមកមានអ្នកជំនាញផ្នែកបរិស្ថានបានចុះផ្សព្វផ្សាយពីបញ្ហារឿងបោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់ និងការដាក់ស្លាកបម្រាមនានា ការអប់រំស្តីពីការទុកដាក់សំរាមផ្សេងៗ ប៉ុន្តែនៅតែមានការបោះសំរាមរប៉ាត់របាយតាមដងផ្លូវក្នុងតំបន់នោះ។
តាមរបាយការណ៍របស់ការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ ខណ្ឌដង្កោបានធ្វើការចូលរួមលុបបំបាត់ដេប៉ូសំរាម បោសកើបប្រមូលសម្អាតសំរាមកកស្ទះរាយប៉ាយ នៅតាមដងផ្លូវសាធារណៈសម្រេចបានចំនួន ១២ លើក ក្នុងឆមាសទី១ នៃឆ្នាំ ២០២១ និង ៦ លើកក្នុងខែកក្កដា។
កញ្ញា សួន ស្រីដែត ដែលជានិស្សិតឆ្នាំទី៣ និងជាប្រជាពលរដ្ឋម្នាក់នៅសង្កាត់ចម្ការដូង ខណ្ឌដង្កោបាននិយាយថា បច្ចុប្បន្នមិនមានបញ្ហាក្នុងការប្រមូលអ្វីគួរឱ្យកត់សម្គាល់នោះទេ។ កញ្ញាថា ភាគច្រើនមានឡានសំរាមមកប្រមូលជាប្រចាំនៅពេលយប់ ដែលមានភាពល្អប្រសើរជាងពេលប៉ុន្មានខែមុន។
លោក នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បើតាមការប៉ាន់ប្រមាណ ក្នុង ១ ថ្ងៃ កម្ពុជាផលិតសំរាមប្រមាណជាង ១ ម៉ឺនតោន ឬជិត ៤ លានតោន នៅរយៈពេល ១ ឆ្នាំ។
លោកបានបន្តថា នៅក្នុងនោះ ៦៨% គឺជាប្រភេទសំណល់សរីរាង្គ ជាង ២០% គឺជាសំណល់ប្លាស្ទិក ហើយប្រមាណជាង ១០% ទៀត ជាសំណល់រឹង និងសំណល់គ្រោះថ្នាក់។ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានការផលិតសំរាមប្រមាណពី ២ ៧០០ តោន ទៅ ៣ ០០០ តោន ជារៀងរាល់ថ្ងៃ។
លោក នេត ភក្ត្រា ថ្លែងថា៖ «ទី១ ពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់រឹង សំរាមនេះ ក្រសួងបរិស្ថានបានផ្ទេរភារកិច្ចនេះទៅដល់ រដ្ឋបាលខេត្តរាជធានី។ តាមអ្វីដែលក្រសួងបរិស្ថានបានសង្កេតឃើញ គឺរដ្ឋបាលរាជធានីបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវការងារគ្រប់គ្រងសំណល់រឹង សំរាម។ ក្នុងនោះរាជធានីភ្នំពេញបានធ្វើកិច្ចការងារនេះបានយ៉ាងល្អជាមួយនឹងក្រុមហ៊ុនដែលទទួលបានសិទ្ធិលើការប្រមូលសំរាមនៅរាជធានីភ្នំពេញ ហើយបច្ចុប្បន្នបាននិងកំពុងតែដំណើរការប្រមូលសំរាមនៅតាមទីនានានៅក្នុងរាជធានីភ្នំពេញ»៕
រ៉ូ គឹមឡុង