ភ្នំពេញៈ រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ការគាំទ្រថវិកាប្រមាណ ៦៥ លានដុល្លារ ដល់កម្ពុជាសម្រាប់ដំណើរការកម្មវិធីអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំនៅកម្ពុជា។
ការប្រកាសគាំទ្របែបនេះធ្វើឡើងក្នុងជំនួបរវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក PabloKang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាតាមរយៈប្រព័ន្ធវីដេអូកាលពីថ្ងៃទី ១៨ ខែសីហា។
សេចក្តីប្រកាសព័ត៌មានក្រសួងសេដ្ឋកិច្ចកាលពីថ្ងៃទី ១៨ ខែសីហា បញ្ជាក់ថា លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលីដែលតែងតែបន្តផ្តល់ការគាំទ្រទាំងបច្ចេទេសនិងហិរញ្ញវត្ថុសម្រាប់កិច្ចអភិវឌ្ឍន៍នៅកម្ពុជាស្ទើរលើគ្រប់វិស័យជាពិសេសវិស័យកសិកម្មតាមរយៈកម្មវិធីខ្សែចង្វាក់តម្លៃកសិកម្មកម្ពុជាជំហានទី១ និងទី២ (CambodiaAgriculturalValueChainProgram) ដែលផ្តោតលើស្តារនិងកសាងប្រព័ន្ធធារាសាស្ត្រកសិកម្ម,ការលើកកម្ពស់ពាណិជ្ជនីយកម្មកសិកម្មនិងភាពធន់កសិកម្មជាដើម។
ក្នុងជំនួបនោះ លោក Pablo Kang ថ្លែងប្រាប់លោក អូន ព័ន្ធមុនីរ័ត្ន នូវវឌ្ឍនភាពនៃគម្រោងនានាដែលទទួលបានការគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលីដូចជាគំនិតផ្តួចផ្ដើមភាពជាដៃគូមេគង្គ-អូស្ត្រាលី (Mekong-AustraliaPartnership),មជ្ឈមណ្ឌលមេគង្គ-អូស្ត្រាលី សម្រាប់ទឹក និងប្រព័ន្ធធារាសាស្ត្រ (Mekong-Australia Centre for WaterandIrrigation),ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (P4I) និងការវិនិយោគកសិ-ចំណីអាហារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា លោក Pablo Kang ក៏បានលើកឡើងនូវសំណើផ្តល់គាំទ្រដល់កម្ពុជាលើកិច្ចការមួយចំនួនទៀតដូចជា ការសិក្សាបុរេសមិទ្ធិក្នុងការបង្កើតសួនកសិឧស្សាហកម្ម, កម្មវិធីពន្លកចំណេះនិងការគាំទ្រដល់កម្ពុជាក្នុងការធ្វើប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «បន្ថែមពីនេះឯកឧត្តមអគ្គរាជទូត [Pablo Kang] ក៏បានជម្រាបជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី [អូន ព័ន្ធមុនីរ័ត្ន] អំពីកម្មវិធីអភិវឌ្ឍន៍ក្នុងរយៈពេល ៥ ឆ្នាំបន្ទាប់ ដែលមានថវិកាគាំទ្រប្រមាណ ៩០ លានដុល្លារអូស្ត្រាលី [៦៥ លានដុល្លារអាមេរិក] និងអាទិភាពសំខាន់ៗដែលនឹងផ្តោតសម្រាប់កម្មវិធីជំហានបន្ទាប់នេះ»។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចមិនអាចទាក់ទងបានដើម្បីសុំការបញ្ជាក់បន្ថែមបានទេ ជំរុញបញ្ហានេះកាលពីថ្ងៃទី ១៨ ខែសីហា។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ក្នុងជំនួបដដែលនេះលោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលីដែលបានផ្តល់ការគាំទ្រហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសប្រកបដោយប្រសិទ្ធភាពខ្ពស់កន្លងមក។
លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានប្រកាសគាំទ្រចំពោះសំណើបន្តផ្តល់ជំនួយហិរញ្ញវត្ថុនិងបច្ចេកទេសបន្ថែមដល់កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ក្នុងជំហានបន្ទាប់របស់រដ្ឋាភិបាលអូស្ត្រាលីផងដែរ។
លោកថ្លែងថា អាទិភាពចំពោះមុខរបស់រដ្ឋាភិបាល គឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ ១៩ និងការកសាងសមត្ថភាពកម្ពុជា ដើម្បីអាចរស់នៅជាមួយជំងឺកូវីដ ១៩ ក្នុងរយៈពេលមធ្យមនិងវែង ហើយអំឡុងពេលនេះ រាជរដ្ឋាភិបាលកំពុងរៀបចំផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ ១៩ ដោយផ្តោតលើគោលការណ៍គន្លឹះចំនួន ៣ គឺការងើបឡើងវិញ កំណែទម្រង់ និងភាពធន់ (៣Rs) ដែលផ្តោតលើការគាំទ្រវិស័យអាទិភាពជាច្រើន ជាពិសេសវិស័យដែលរងផលប៉ះពាល់ខ្លាំងដោយវិបត្តិជំងឺកូវីដ ១៩។
លោកថ្លែងថា៖ «ក្នុងន័យនេះជំនួយហិរញ្ញវត្ថុនិងបច្ចេកទេសរបស់រដ្ឋាភិបាលអូស្ត្រាលីគឺមានលក្ខណៈស្របគ្នាទៅនឹងអាទិភាពគោលនយោបាយរបស់រដ្ឋាភិបាលក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ ១៩ ដែលនឹងរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងអនុវត្តផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ ១៩»។
លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានស្នើលោក Pablo Kang ធ្វើការពិភាក្សាបន្ថែមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍នានា ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងអភិវឌ្ឍន៍ទាំងនោះមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក និងមានភាពប្រទាក់ក្រឡាគ្នា៕