ស្ទឹងត្រែងៈ អាជ្ញាធរមូលដ្ឋាននៃខេត្តស្ទឹងត្រែង និងសហគមន៍មូលដ្ឋានគ្រោងរៀបចំរូបសំណាក គ្រោងឆ្អឹងសត្វផ្សោត សម្រាប់ដាក់តាំងនៅអន្លង់ផ្សោតអូរឈើទាលក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដើម្បីទុកជាកេរដំណែលសម្រាប់អ្នកចង់ទស្សនាប្រភេទសត្វនេះ។
លោក សន ប៉ាន់ មេភូមិអន្លង់ស្វាយ ឃុំព្រះរំកិល និងជាប្រធានក្រុមឆ្មាំទន្លេ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ១៧ សីហាថា សត្វផ្សោតជាសត្វដ៏កម្រនៅលើពិភពលោក។ កន្លងមកនៅក្នុងអន្លង់ផ្សោតអូរឈើទាល មានសត្វផ្សោតជាច្រើន ប៉ុន្តែបច្ចុប្បន្ននៅសល់តែ ១ ក្បាលប៉ុណ្ណោះ ដែលមានអាយុជាង ២០ ឆ្នាំ បន្ទាប់ពី ២ ក្បាលបានងាប់ក្នុងឆ្នាំនេះ។
លោកបញ្ជាក់ថា៖ «ទោះបីជា វាទៅជាយ៉ាងណាក៏វាមានសល់វត្ថុតាងណាមួយ កេរដំណែលណាមួយទុកឱ្យបងប្អូនដែលចង់មកទស្សនា ក៏យើងមានថតរូបភាពជាសន្លឹកហ្នឹងដាក់នៅលើនោះ [ទូ] ផងដែរ ហើយឆ្អឹងរបស់វាយើងដាក់ក្នុងទូអ៊ីចឹងទៅ»។
លោក សន ប៉ាន់ ថ្លែងថា៖ «ផ្សោត យើងឆ្នាំនេះវាបានស្លាប់អស់ ២។ អាក្រោយ [ផ្សោតងាប់ចុងក្រោយ] នេះយើងបានសម្រិតសម្រាំងយកសាច់វាចេញ យកឆ្អឹងមកតាំងពិព័រណ៍មុន។ យើងនឹងធ្វើទូកញ្ចក់។ យើងកំពុងកៀរគរ រកថវិកាជួយដើម្បីយើងធ្វើឱ្យបានលឿនដ៏ខ្លីខាងមុខនេះ»។
បើតាមលោកមេភូមិ តំបន់អន្លង់ផ្សោតអូរឈើទាល គឺជាតំបន់ដែលមានសក្តានុពលមួយដែលមានសេវាទេសចរណ៍ដើរ ដោយសារសត្វផ្សោត ដោយមានភ្ញៀវទេសចរមកពីខេត្តផ្សេងៗក្នុងប្រទេស និងក្រៅប្រទេស។
លោក ប៉ាន់ ថ្លែងថា អាជ្ញាធរមូលដ្ឋាន និងសហគម៍មូលដ្ឋានបានបង្កើតគំនិតផ្តួចផ្តើមនេះឡើង ដោយធ្វើការកៀរគរការគាំទ្រពីសប្បុរសជន និងឱ្យស្ថាប័នពាក់ព័ន្ធទទួលដឹងឮ ដើម្បីជួយជំរុញ និងជួយផ្សព្វផ្សាយគំនិតផ្តួចផ្តើមនេះ។ មន្ទីរកសិកម្ម និងខណ្ឌរដ្ឋបាលជលផលក៏បានចុះមកប្រជុំពិភាក្សា គ្នាអំពីកិច្ចការនេះផងដែរ។
លោកស្រី សមវិចិត្រ នាយខណ្ឌស្ដីទីរដ្ឋបាលជលផលខេត្តស្ទឹងត្រែងប្រាប់នាថ្ងៃទី ១៧ សីហាថា កន្លងមកសំណាកសាកសពសត្វផ្សោតត្រូវបានយកទៅរក្សាទុកនៅអង្គការមូលនិធិអភិរក្ស និង សង្គ្រោះសត្វព្រៃ កម្ពុជា (WWF) ដើម្បីធ្វើការវះកាត់ពិសោធរកមូលហេតុនៃការស្លាប់។ ដោយសារមានការស្នើសុំពីអាជ្ញាធរមូលដ្ឋាន និងសហគម៍ទើបខណ្ឌរដ្ឋបាលជលផល និងអង្គការ WWF បានទុកសំណាកឆ្អឹងសត្វផ្សោតនៅអន្លង់ផ្សោតអូរឈើទាលនេះ ដើម្បីឱ្យសហគមន៍ និងអាជ្ញាធរមូលដ្ឋានទុកផ្សព្វផ្សាយដល់អ្នកទេសចរ និងមនុស្សជំនាន់ក្រោយដែលមកទស្សនាផ្សោតនៅអន្លង់ផ្សោតអូរឈើទាលនេះ។
លោកថ្លែងថា៖ «ខាងយើងដល់ពេលសត្វផ្សោតងាប់ ឬក៏ស្លាប់ម្តងៗ គឺជលផលយើងហើយ និងឆ្មាំទន្លេ និងសហគមន៍ជាអ្នកទៅប្រមូលយកមកជាអ្នកវះកាត់ជាអ្នកដឹកជញ្ជូនអី ថ្លៃចំណាយគឺខាងខ្ញុំទាំងអស់។ តែដល់ពេលមានការស្នើសុំអ៊ីចឹង គឺពួកខ្ញុំជួយទាក់ទងទៅថ្នាក់លើដើម្បីទុកគ្រោងឆ្អឹងសត្វផ្សោតហ្នឹង ដើម្បីជាប្រយោជន៍របស់ពួកគាត់តែម្តង»។
លោកស្រី សមវិចិត្រ បន្តថា ទាក់ទងនឹងការកៀរគរ និងរៀបចំសេវាទេសចរណ៍ ខណ្ឌរដ្ឋបាលជលផលរបស់លោកមិនបានផ្តល់ ជាថវិកានោះទេ។ ប៉ុន្តែមន្ទីរកសិកម្ម និងខណ្ឌរដ្ឋបាលជលផលបានចូលរួមប្រជុំរៀបចំផែនការជាមួយ អាជ្ញាធរស្រុក សហគមន៍មូលដ្ឋាន និងមន្ទីរទេសចរណ៍ និងបានជជែកគ្នាអំពីការអភិវឌ្ឍ ការរៀបចំ គ្រោងឆ្អឹងសត្វផ្សោត និងការរៀបចំទីតាំងនៅតំបន់អន្លង់ផ្សោតអូរឈើទាលនេះ។
លោកថ្លែងថា៖ «យើងប្រហែលត្រូវការអ្នកជំនាញពីអង្គការ WWF តាមកាស្នើសុំរបស់អាជ្ញាធរ ឬសហគមន៍ ឬមន្ទីរទេសចរណ៍ ដើម្បីឱ្យគាត់ជាអ្នកជំនាញមកជួយរៀបចំគ្រោងឆ្អឹងសត្វផ្សោតហ្នឹងឱ្យវាត្រឹមត្រូវតាមសភាពដើមវិញ»។
មុនឆ្នាំ ២០០៧ ផ្សោតនៅអន្លង់អូរឈើទាលជាប់ព្រំដែនប្រទេសឡាវត្រូវបានកត់ត្រាមានចំនួន ១៥ ក្បាល។ បន្ទាប់ពីត្រូវបានកត់ត្រាក្នុង ២០១៧ សត្វផ្សោតនៅអន្លង់អូរឈើទាលនេះមានចំនួន ៣ ក្បាល។ នៅខែមេសាឆ្នាំ ២០២១ ផ្សោត ១ ក្បាលបានងាប់ និងចុងក្រោយនៅខែមិថុនាងាប់ ១ ក្បាលទៀត បច្ចុប្បន្ននៅសល់តែ ១ ក្បាលប៉ុណ្ណោះ។
សត្វផ្សោតជាទូទៅអាចរស់បានប្រហែលត្រឹមអាយុពី ២០ ទៅ ៣០ ឆ្នាំ។ ផ្សោត ១ ក្បាល ដែលងាប់ចុងក្រោយ កាលពីខែមិថុនា គឺជាផ្សោតញីទម្ងន់ ១៨០ គីឡូក្រាមប្រវែង ២៣០ សង់ទីម៉ែត្រ។ ការងាប់នេះត្រូវបានគេសង្ស័យបណ្ដាលមកពីវ័យចំណាស់ ព្រោះផ្សោតនេះស្ថិតក្នុងអាយុចន្លោះពី ២៥ ឆ្នាំទៅ ៣០ ឆ្នាំ។
អ្នកជំនាញខាងសត្វផ្សោតមានការបារម្ភ អំពីការបង្កកំណើត ដោយសារបញ្ហាជំនាប់ច្រើនដែលធ្វើឱ្យក្រុមផ្សោតនៅអន្លង់ឈើទាលដែលជាក្រុមស្ថិតនៅប៉ែកខាងលើមិនដែលមកជួបគ្នាជាមួយក្រុមផ្សោតនៅអន្លង់កាំពីដែលនៅប៉ែកខាងក្រោមនៅខេត្តក្រចេះ៕