ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលតំណាងឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់ថវិកា និងបរិក្ខារពេទ្យជាច្រើនប្រភេទ ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាទៅដល់ភាគីនៃប្រទេសមីយ៉ាន់ម៉ានាព្រឹកថ្ងៃទី ១៩ ខែសីហា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ ១៩។
លោក ម៉ម ប៊ុនហេង ឱ្យដឹងថា ការផ្តល់ថវិកា និងបរិក្ខារពេទ្យនេះជាការបង្ហាញនូវសាមគ្គីភាពរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសមីយ៉ាន់ម៉ា ដែលប្រទេសនេះក៏កំពុងតែឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
លោកមានប្រសាសន៍ថា៖ «ខណៈដែលប្រទេសកម្ពុជាកំពុងតែមានការឆ្លងរាលដាលខ្លាំងនៃវីរុសកូវីដ ១៩ ប៉ុន្តែយើងនៅតែជួយទៅដល់ប្រទេសផ្សេងទៀតដែលនេះគឺជាសន្ដានចិត្តដ៏ទូលំទូលាយរបស់សម្តេចតេជោដែលលោកមានបេះដូងទូលាយ សម្តែងនូវសាមគ្គីភាពជាមួយនឹងប្រជាជននៅក្នុងតំបន់ ក៏ដូចជាប្រជាជនទាំងអស់ផងដែរ»។
លោកនាយករដ្ឋមន្ត្រីបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃទី ១៩ ខែសីហាថា កម្ពុជាដ្បិតតែជាប្រទេសតូច ហើយស្ថានភាពសេដ្ឋកិច្ច នៅមានកម្រិតយ៉ាងណាក្តី តែស្មារតីនៃការចូលរួមក្នុងសហគមន៍ ធម៌មេត្តា និងមនោសញ្ចេតនាក្នុងការជួយរំលែកការលំបាកនានា មានលម្ហធំទូលាយ ដែលជាវប្បធម៌ដ៏មហស្ចារ្យនៃជាតិសាសន៍នៅអាស៊ីមួយនេះ។
លោកបានលើកឡើងថា៖ «កាលពីខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់ម៉ាស់ប្រមាណ ២ លានម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ ១៩។ ក្រៅតែពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា ក៏បានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជាមួយប្រទេសសមាជិកអាស៊ាន និងមិនមែនសមាជិកអាស៊ានមួយចំនួនទៀតផងដែរ»។
គ្រឿងបរិក្ខារដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ឧបត្ថម្ភទៅមីយ៉ាន់ម៉ានេះ រួមមាន ម៉ាស់ចំនួន ៣ លាន ឧបករណ៍តេស្ដរហ័សចំនួន ៥០០ ០០០ សម្លៀកបំពាក់សុវត្ថិភាព PPE ចំនួន ២ ០០០ ឈុត ម៉ាស៊ីនផលិតអុកស៊ីហ្ស៊ែនស្វ័យប្រវត្តិចំនួន ១០០ គ្រឿង ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០ គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន ២០ គ្រឿង។
ក្រៅតែពីការផ្តល់ជាជំនួយបរិក្ខារពេទ្យនេះលោក ហ៊ុន សែន ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានឧបត្ថម្ភថវិកាប្រមាណ ២០ ម៉ឺនដុល្លារ ជូនប្រទេសមីយ៉ាន់ម៉ា ហើយកម្ពុជាក៏បានផ្តល់ថវិកាប្រមាណ ១០ ម៉ឺនដុល្លារ តាមរយៈសហគមន៍អាស៊ាន ជូនមីយ៉ាន់ម៉ាផងដែរ។
ទន្ទឹមនឹងនេះដែរ ដើម្បីរួមចំណែកជួយដោះស្រាយការលំបាករបស់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ាពីវិបត្តិជំងឺកូវីដ ១៩ នេះប្រធានកាកបាទក្រហមកម្ពុជា លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ក៏បានឧបត្ថម្ភថវិកាចំនួន ១០ ម៉ឺនដុល្លារជូនដល់កាកបាទក្រហមមីយ៉ាន់ម៉ាផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដា ឆ្នាំ ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានឧបត្ថម្ភថវិកាចំនួន ២០ ម៉ឺនដុល្លារ និងសម្ភារវេជ្ជសាស្ត្រមួយចំនួន ជូនដល់រដ្ឋាភិបាលវៀតណាម ហើយក្នុងអំឡុងឆ្នាំ ២០២០ កម្ពុជា ក៏បានឧបត្ថម្ភបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ នេប៉ាល់ និងទីម័រផងដែរ៕