ភ្នំពេញៈ អាជ្ញាធរមីន (CMAA) និងមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) កាលពីម្សិលមិញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីអនុវត្តគម្រោងលើកកម្ពស់កម្មវិធីសង្គ្រោះជនពិការ ដោយសារមីននៅតាមបណ្តារដ្ឋសមាជិកអាស៊ាន។
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន និងលោក Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសប្រ៊ុយណេប្រចាំកម្ពុជា និងជាប្រធានគណៈកម្មការអចិន្រៃ្តយ៍ ARMAC បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខានេះ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារវាងលោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន និងលោក ព្រហ្ម សួនប្រសិទ្ធ នាយកប្រតិបត្តិមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន។
លោក លី ធុជ បានថ្លែងថា វឌ្ឍនភាពនេះមិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់មួយទៀតសម្រាប់កិច្ចសហប្រតិបត្តិការរវាង CMAA និង ARMAC ប៉ុណ្ណោះទេប៉ុន្តែក៏ជាព្រឹត្តិការណ៍សំខាន់មួយទៀតសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ ARMAC ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅក្នុងតំបន់អាស៊ាន។
លោកថ្លែងថា៖ «ខ្ញុំក៏ជឿជាក់ដែរថាបណ្តាញជំនួយជនរងគ្រោះអាស៊ានដែលត្រូវបានបង្កើតឡើងក្រោមគម្រោងនេះនឹងបម្រើជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់ជនរងគ្រោះ ដោយសារមីន និងជនពិការដទៃទៀតនៅក្នុងតំបន់ និងលើសពីនេះដើម្បីគាំទ្រសិទ្ធិភាពរបស់ពួកគេ និងលើកកម្ពស់គុណភាពជីវិតរបស់ពួកគេ»។
លោកថា៖ «ខ្ញុំលើកទឹកចិត្តឱ្យ ARMAC ធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានជំនួយជនរងគ្រោះ CMAA ដើម្បីធានាបាននូវលទ្ធផលល្អបំផុត។ ខ្ញុំមានទំនុកចិត្តថាការរួមចំណែករបស់កម្ពុជាចំពោះប្រទេសដទៃទៀតនឹងបន្តមានផលប៉ះពាល់កាន់តែច្រើនតាមរយៈគម្រោងនេះ និងសកម្មភាពផ្សេងៗរបស់ ARMAC»។
បើតាមលោក លី ធុជ ជាបន្តបន្ទាប់ប្រទេសកម្ពុជាបានរួមចំណែកដល់ប្រទេសដែលរងផលប៉ះពាល់ដោយមីនផ្សេងទៀត។ សហគមន៍សកម្មភាពកម្ចាត់មីនរបស់កម្ពុជាបានចែករំលែកចំណេះដឹង និងបទពិសោធជាមួយប្រទេសដទៃទៀតដែលរងផលប៉ះពាល់ដោយមីននៅជុំវិញពិភពលោកអស់ជាច្រើនទសវត្សរ៍មកហើយ។ ក្នុងនោះរួមមានដូចជា ប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម អាហ្វហ្គានីស្ថាន កូឡុំប៊ី អ៊ីរ៉ាក់ តាជីគីស្ថាន ដែលទាំងនេះគ្រាន់តែជាប្រទេសខ្លះប៉ុណ្ណោះ។
អាជ្ញាធរមីនបានឱ្យដឹងថា បន្ទាប់ពីការចុះអនុស្សរណៈយោគយល់គ្នារវាង CMAA និង ARMAC កាលពីឆ្នាំ ២០១៨ កន្លងមក ក្រុមការងារនៃស្ថាប័នទាំង ២ បានធ្វើការយ៉ាងជិតស្និទ្ធ និងបានសហការ អនុវត្តការងារលើផ្នែកបោសសម្អាតមីន អប់រំយល់ដឹងអំពីមីន កៀរគរធនធាន និងកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន។
លោកឯកអគ្គរាជទូតប្រ៊ុយណេ ថ្លែងថា គម្រោងនេះបានផ្តួចផ្តើមដោយ ARMAC និងមានការគាំទ្រពីប្រទេសសមាជិកអាស៊ាន។ គម្រោងនេះបានផ្អែកលើការកំណត់នូវគម្លាតសំខាន់ៗ ដើម្បីគាំទ្រជនរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ដូចជាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងតំបន់ដោយមានការគាំទ្រយ៉ាងជ្រាលជ្រៅពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េតាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ។ លោកថា៖ «ខ្ញុំសូមឆ្លៀតឱកាសនេះសម្តែងនូវការកោតសរសើរដោយស្មោះចំពោះសាធារណរដ្ឋកូរ៉េដែលបានផ្តល់មូលនិធិដល់ ARMAC ចំនួន ២ លានដុល្លារគាំទ្រដល់គម្រោងនេះក្រោមមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ»។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសសមាជិកអាស៊ានដែលរងផលប៉ះពាល់ដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដែលកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំសម្បើមមួយ ដើម្បីដោះស្រាយជំនួយជនរងគ្រោះនៅក្នុងប្រទេសរបស់ពួកគេ៕