លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅព្រឹកថ្ងៃទី ២០ ខែសីហានេះថា គិតត្រឹមថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២១ ដំណាំស្រូវសរុបចំនួន ៦៧ ៩៤២ ហិកតា គឺស្មើនឹង ២,៥៦ ភាគរយ នៃផ្ទៃដីដំណាំស្រូវអនុវត្តបានទូទាំងប្រទេសបានទទួលរងផលប៉ះពាល់ ដោយសារគ្រោះរាំងស្ងួត។
ក្នុងនោះដំណាំស្រូវនៅក្នុងខេត្តចំនួន ៤ គឺខេត្តបន្ទាយមានជ័យកណ្តាលពោធិ៍សាត់ និងខេត្តសៀមរាបបានរងផលប៉ះពាល់ និងខូចខាតដោយគ្រោះរាំងស្ងួត ដែលតាមការវាយតម្លៃខេត្តទាំង ៤ នេះមានផ្ទៃដីដំណាំស្រូវខូចខាតសរុបចំនួន ១០ ៥៥៣ ហិកតា និងស្តារបានតែចំនួន ២ ៣៧៦ ហិកតាប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ ទាក់ទងនឹងលទ្ធផលការងារបង្កបង្កើនផលដំណាំរដូវវស្សាឆ្នាំ ២០២១ លោក វេង សាខុន បានឱ្យដឹងថា គិតមកត្រឹមថ្ងៃទី ១៩ ខែសីហា សម្រាប់ការងារប្រមូលផលស្រូវស្រាលដើមរដូវនេះ សម្រេចបានចំនួន ៣០២ ៣៣៧ ហិកតា លើផ្ទៃដីអនុវត្តស្រូវស្រាលសរុប ៨៩០ ៦៤៥ ហិកតា។
លោកថា៖ «ការប្រមូលផលដើមរដូវនាឆ្នាំនេះ ទទួលបានបរិមាណផលសរុបចំនួន ១ ២៦៧ ៧៩១ តោន លើសឆ្នាំមុន ៧៨៩ ១៥១ តោន។ ទិន្នផលគិតជាមធ្យម ៤,១៩៣ តោនក្នុង ១ ហិកតា»។
ចំណែកល្បឿនការងារបង្កបង្កើនផលដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរដូវវស្សាឆ្នាំ ២០២១ វិញ ការបង្កបង្កើនផលដំណាំសាកវប្បកម្ម ដែលមានពោតស ដំឡូងជ្វា បន្លែគ្រប់មុខ ម្ទេស និងឪឡឹក អនុវត្ដបានចំនួន ៥១ ៥៣៧ ហិកតា ស្មើនឹង ៩៥,៦៦ ភាគរយនៃផែនការ ៥៣ ៦៨៦ ហិកតា តិចជាងឆ្នាំមុន ១៦៥ ហិកតា។
ចំពោះផ្ទៃដីដំណាំឧស្សាហកម្ម ដែលមានពោតក្រហម ដំឡូងមី សណ្តែកបាយ សណ្តែកដី សណ្តែកសៀង ល្ង អំពៅ និងក្រចៅ ឈូក អនុវត្ដបានចំនួន ៧៦៦ ៣៧៥ ហិកតា ស្មើនឹង ៩៣,៤៦ ភាគរយនៃផែនការ ៨១៩ ៩៨៩ ហិកតា លើសឆ្នាំមុន ៧ ៩៤៤ ហិកតា។
លោក វេង សាខុន បានបញ្ជាក់ថា៖ «រហូតមកដល់សប្តាហ៍ទី៣ ក្នុងខែសីហានេះ ស្ថានភាពការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាមានសភាពលឿនជាងឆ្នាំមុន ដោយសម្រេចបាន ២ ៦៥៨ ៧៥៦ ហិកតា ស្មើនឹង ១០១,៩០ ភាគរយនៃផែនការដាំដុះ ដែលឆ្នាំមុនសម្រេចបានតែ ៩៤,៧៤ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា»៕