ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ផ្លូវជាតិចំនួន ៣ ខ្សែ ដែលក្រាលកៅស៊ូ ២ ស្រទាប់ស្តើងនឹងត្រូវដំឡើងទៅជាផ្លូវក្រាលបេតុងកៅស៊ូនៅពេលខាងមុខ ខណៈផ្លូវជាតិទាំង ៣ ខ្សែនេះត្រូវបានចុះកិច្ចសន្យាសាងសង់រួចរាល់។
នៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់តាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ១៩ ខែសីហា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា គម្រោងលើកកម្ពស់គុណភាពផ្លូវពីផ្លូវកៅស៊ូ ២ ស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) រួមមាន ផ្លូវជាតិលេខ ៤១ តភ្ជាប់ផ្លូវជាតិលេខ ៣ និងផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ ៣១ តភ្ជាប់ផ្លូវជាតិលេខ ៣ ទៅស្រុកកំពង់ត្រាច ខេត្តកំពត និងផ្លូវជាតិលេខ ៣៣ តភ្ជាប់ពីខេត្តកែប ទៅស្រុកកំពង់ត្រាច។ នេះបើតាមហ្វេសប៊ុករបស់ក្រសួងនៅថ្ងៃនេះ។
លោក ស៊ុន ចាន់ថុល ថ្លែងថា៖ «គម្រោងលើកកម្ពស់គុណភាពផ្លូវទាំងបីខ្សែ នេះត្រូវបានចុះកិច្ចសន្យាសាងសង់រួចហើយ នៅរង់ចាំរៀបចំបើកការដ្ឋានសាងសង់នាពេល ខាងមុខប៉ុណ្ណោះ»៕