មណ្ឌលគិរី៖ អង្គការ WCS កំពុង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហគមន៍​មូលដ្ឋាន ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ដើម្បី​ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ បង្កើន​ការ​យល់ដឹង អំពី​ការ​ការពារ សម្បុក​ពង​កូន​របស់​សត្វ​ក្រៀល បន្ទាប់​ពី​បាន​រក​ឃើញ​សម្បុក​សត្វ​ក្រៀល​មួយ​ដែល​មាន​ពង​ចំនួន​ ២ ជា​លើក​ដំបូង ប៉ុន្តែ​ត្រូវ​បាន​គេ​លួច​បាត់។

សត្វ​ក្រៀល​ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ ច្រើន​រស់​នៅ រកស៊ី និង​ធ្វើ​សម្បុក​ពង​កូន​តាម​តំបន់​ដីសើម និង​តំបន់ វាលស្មៅ។ របាយ​សត្វក្រៀល មាន​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា តំបន់​អាស៊ី​អាគ្នេយ៍ និង​ភាគ​ខាង​ជើង នៃ​ប្រទេស​អូស្ត្រាលី។

នៅ​ក្នុង​ប្រទេស​កម្ពុជា សត្វ​ក្រៀល​មាន​វត្តមាន​ច្រើន​បំផុត​នៅ​តាម​តំបន់​ការពារ​ទេសភាព​ភាគ​ខាង​ជើង ដែល​អង្គការ WCS កំពុង​អនុវត្ត​សកម្មភាព​អភិរក្ស​នៅ​ទីនោះ ដើម្បី​ការពារ​សម្បុក​ពង​កូន​របស់​សត្វ​ប្រភេទ​នេះ តាមរយៈ​កម្មវិធី​តាមដាន និង​ការពារ​សម្បុក។

WCS បាន​បង្ហាញ​អំពី​សម្បុក​ពង​កូន​របស់​សត្វ​ក្រៀល ដែល​បាន​រក​ឃើញ​លើក​ដំបូង​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា។

កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា កន្លង​ទៅ ក្រុម​ការងារ​ស្រាវជ្រាវ​សត្វព្រៃ​ប្រចាំ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា នៃ​អង្គការ WCS បាន​ទទួល​ព័ត៌មាន​ពី​សហគមន៍​តាម​ទូរស័ព្ទ ដែល​បាន​រាយការណ៍​ថា ពួក​គាត់​បាន​ឃើញ​សត្វ​ក្រៀល និង​សម្បុក​របស់​វា​មាន​ពង​ ២ នៅ​ទីនោះ។

២ ថ្ងៃ​បន្ទាប់​មក ក្រុម​ការងារ​បាន​ទៅ​ដល់​ទីនោះ ដើម្បី​ចាប់​ផ្តើម​ផែនការ​ការពារ​សម្បុក ក៏​ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយ​ពង​ទាំង ២ នោះ ត្រូវ​គេ​លួច​បាត់។

ដោយ​ផ្អែក​លើ​ហេតុការណ៍​នេះ អង្គការ WCS បាន​បង្កើន​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន ដោយ​សហការ​យ៉ាង​ជិត​ស្និទ្ធ ជាមួយ​សហគមន៍​មូលដ្ឋាន ដើម្បី​ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ បង្កើន​ការ​យល់ដឹង​អំពី​ការ​ការពារ​សម្បុក​សត្វ និង​សារៈសំខាន់​របស់​សត្វ​ប្រភេទ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

វីដេអូ៖