ភ្នំពេញៈ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនបានផ្តល់វ៉ាក់សាំងកូវីដ ១៩ ស៊ីណូហ្វាមចំនួន ៥០ ម៉ឺនដូសទៀតដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលនឹងដឹកមកដល់ប្រទេសកម្ពុជា នៅសប្តាហ៍ក្រោយដែលរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន នឹងទៅទទួល។
យោងតាមលិខិតរបស់លោក ប៉ាង ធារ៉ូ អនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ នៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី ២០ ខែសីហានេះ បានឱ្យដឹងថា វ៉ាក់សាំងកូវីដ ១៩ ប្រភេទស៊ីណូហ្វាម (Sinopharm) ចំនួន ៥០ ម៉ឺនដូសនឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ២៣ ខែសីហា។
លោកបានបញ្ជាក់ថា ក្នុងពិធីប្រគល់ទទួលវ៉ាក់សាំងនេះតម្រូវឱ្យអ្នកចូលរួមទាំងអស់ធ្វើតេស្តរហ័ស (Rapid Test) ដើម្បីរកមេរោគកូវីដ ១៩។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានថ្លែងនាព្រឹកថ្ងៃទី ២០ ខែសីហានេះ ក្នុងពេលចុះយកថវិកា និងសម្ភារមួយចំនួន ជូនលោកយាយអាយុ ១០៨ ឆ្នាំក្នុងខេត្តរតនគិរី ដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ ថា ប្រទេសកម្ពុជា បានទទួលវ៉ាក់សាំងកូវីដ ១៩ ពីប្រទេសចំនួន ៥។
លោកស្រីបានបញ្ជាក់ពីវ៉ាក់សាំងទាំងនោះថា វ៉ាក់សាំងស៊ីណូហ្វាមដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញបានចំនួនប្រមាណជាង ៧ លានដូស វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួនជាង ១៤ លានដូស វ៉ាក់សាំងកូវីសែល ចំនួន ៣២៤ ០០០ ដូស វ៉ាក់សាំង AstraZeneca ចំនួន ១,៧ លានដូសពីប្រទេសជប៉ុន វ៉ាក់សាំង AstraZeneca ចំនួន ៤២៥ ០០០ ដូសពីចក្រភពអង់គ្លេស និងវ៉ាក់សាំង ចនស៊ុន ចនស៊ុន ចំនួនជាង ១ លានដូសពីសហរដ្ឋអាមេរិក៕