រដ្ឋបាលខេត្ដកោះកុង កាលពីម្សិលមិញបានប្រាប់ឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ពិនិត្យឡើងវិញ ចំពោះពលរដ្ឋដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីនឹងរៀបចំចាក់ឡើងវិញនាពេលខាងមុខ ហើយឈានទៅបិទបញ្ចប់ការចាក់ដូសទី១ នៅក្នុងភូមិសាស្រ្ដខេត្តកោះកុង។
នេះបើតាមការបញ្ជាក់របស់លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង លើកឡើងក្នុងពេលដឹកនាំកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងស្រុកមណ្ឌលសីមា កាលពីថ្ងៃទី២០ ខែសីហា។
លោក ទូ សាវុធ ថ្លែងថា៖«សុំអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ពិនិត្យឡើងវិញចំពោះប្រជាពលរដ្ឋដែលមិនទាន់បានទទួលវ៉ាក់សាំងកូវីដ១៩ ដើម្បីអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ខេត្តកោះកុង នឹងរៀបចំយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើងនៅពេលខាងមុខ ដើម្បីឈានទៅដល់ការបិទបញ្ចប់ការចាក់ដូសទី១ នៅខេត្តកោះកុង»។
លោកអភិបាលរងខេត្ត បានស្នើឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ជំរុញការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានជាពិសេស រាយការណ៍ជាប្រចាំអំពីអ្នកពាក់ព័ន្ធ និងអ្នកជំងឺត្រូវធ្វើសំណាករហ័ស និងធ្វើចត្តាឡីស័កឱ្យបានសមស្របតាមគោលការណ៍ណែនាំនានារបស់ក្រសួងសុខាភិបាល។
ដោយឡែក នៅតាមច្រកព្រំដែនត្រូវតែពង្រឹងការយកសំណាកអ្នកបើកបររថយន្តដឹកទំនិញជាប្រចាំ ចៀសវាងការខ្វះចម្លោះ មួយវិញទៀតត្រូវទប់ស្កាត់រាល់ការឆ្លងដែនគ្រប់ច្រកទាំងអស់ មួយទៀតការត្រូវទប់ស្កាត់ និងរាយការណ៍បន្ទាន់អំពីបងប្អូនដែលបានចូលមកក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីមន្ត្រីសុខាភិបាលធ្វើការស្រាវជ្រាវ ឬយកសំណាកកុំឱ្យមានការឆ្លងបន្ត ក្នុងករណីពួកគាត់បានឆ្លងជំងឺកូវី១៩។ នេះជាការបញ្ជាក់របស់លោក ទូ សាវុធ។
រដ្ឋបាលខេត្ដកោះកុង នៅថ្ងៃទី២០ ខែសីហានេះក៏បានជូនដំណឹងឱ្យបើកដំណើរការឡើងវិញ ក្នុងបរិវេណ រោងចក្រយ៉ាហ្សាគិ (YAZAKI) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្ថិតក្នុងស្រុក មណ្ឌលសីមា ខេត្តកោះកុងផងដែរ។
រដ្ឋបាលខេត្ដបញ្ជាក់ថា កន្លងមក រដ្ឋបាលខេត្តកោះកុង បានសម្រេចផ្អាកការចេញ-ចូល ជា បណ្តោះអាសន្នក្នុងបរិវេណរោងចក្រ យ៉ាហ្សា (YAZAKI) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយសារតែក្រុមគ្រូពេទ្យបានរកឃើញថាមានករណីវិជ្ជមានជំងឺ កូវីដ១៩ ជាច្រើនករណីលើកម្មករ កម្មការិនី និងបុគ្គលិកផ្សេងៗ។
ប៉ុន្តែរយៈពេលកន្លងមក ដោយមានកិច្ចសហការគាំទ្រយ៉ាងល្អពីសំណាក់ក្រុមហ៊ុន ក្រុមគ្រូពេទ្យ និងក្រុមការងារខេត្ត ស្រុក ឃុំ ដែលបាន អនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានសុខាភិបាលក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ជាលទ្ធផលអ្នកជំងឺកូវីដ១៩ ស្ទើរតែទាំងអស់ បានជាសះស្បើយ។ ដោយឡែក បុគ្គលិកដែលបានធ្វើចត្តាឡីស័កទាំងអស់ ក៏បានអនុវត្តចប់សព្វគ្រប់ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ នេះបើតាមរដ្ឋបាលខេត្ដ។
រដ្ឋបាលខេត្ដបញ្ជាក់ថា៖ «ផ្អែកតាមលទ្ធផលនៃការជាសះស្បើយពីជំងឺកូរីដ១៩ ខាងលើ រដ្ឋបាលខេត្ត កោះកុង អនុញ្ញាតឱ្យបើកដំណើរការឡើងវិញទាំងស្រុង ក្នុងបរិវេណ រោងចក្រ YAZAKI នៃតំបន់ សេដ្ឋកិច្ចពិសេសកោះកុង ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ចាប់ពី ថ្ងៃ២១ ខែសីហា ឆ្នាំ២០២១ នេះតទៅ។ ប៉ុន្តែសូមលោកប្រធានរោងចក្រ ត្រួតពិនិត្យ និងស្នើដល់កម្មករ កម្មការិនី បុគ្គលិករដ្ឋបាលទាំងអស់ត្រូវបន្តអនុវត្តវិធានការ ការពារជំងឺកូវីដ ១៩ គឺ ៣ ការពា ៣ កុំឱ្យបានខ្ជាប់ខ្ជួន ជាប្រចាំ»៕