ភ្នំពេញៈ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញកំពុងបន្តសាកសួរជនសង្ស័យប្រុសស្រីជាង ១០០ នាក់ ពាក់ព័ន្ធនឹងករណីលួចបើកកន្លែងលេងល្បែងអនឡាញដោយខុសច្បាប់ និងផ្ទុយពីបម្រាមជួបជុំរបស់រដ្ឋាភិបាល ខណៈជនជាប់ពាក់ព័ន្ធនឹងត្រូវបញ្ជូនទៅតុលាការ បន្ទាប់ពីបញ្ចប់នីតិវិធីសាកសួរ។
កាលពីថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២១ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនបានចុះឡោមព័ទ្ធអគារខុនដូ ១ កន្លែង នៅអគារលេខ ៩៧ ផ្លូវ ៥០៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដោយបានឃាត់ខ្លួនមនុស្សប្រុសស្រីជាង ១០០ នាក់ ក្នុងនោះភាគច្រើនជនជាតិចិន។
លោក អេង ហ៊ីង អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ យ៉ាងខ្លីថា សមត្ថកិច្ចបានឃាត់ខ្លួនពួកគេពាក់ព័ន្ធបទល្មើសនៃការប្រមូលផ្តុំគ្នាបើកល្បែងអនឡាញ និងកំពុងបន្តការសួរនាំ ហើយអ្នកជាប់ពាក់ព័ន្ធនឹងត្រូវបញ្ជូនទៅតុលាការ ។
បើតាមមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២២ សីហាថា ដោយសារតែភាគច្រើននៃជនសង្ស័យទាំងនោះគឺជាជនជាតិចិន ដូច្នេះមន្ត្រីកំពុងបន្តការសាងសួរដើម្បីស្វែងរកអ្នកពាក់ព័ន្ធបញ្ជូនទៅតុលាការ។លោកបន្តថា ចំណែកអ្នកដែលមិនពាក់ព័ន្ធនឹងបទល្មើស ខាងលើ អាចនឹងត្រូវព្រមាន ហើយដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ។
លោកបានបញ្ជាក់ថា៖ «អ្នកដែលពាក់ព័ន្ធនឹងបទល្មើសយើងនឹងបញ្ជូនទៅតុលាការទាំងអស់។ ចំណែកអ្នកមិនពាក់ព័ន្ធ យើងមិនបញ្ជូនគាត់ទៅទេ ព្រោះពួកគាត់ គ្រាន់តែអ្នកដាំបាយ ធ្វើម្ហូប សន្តិសុខ និងអ្នកលក់ដូរប៉ុណ្ណោះ»។
បើតាមមន្ត្រីដដែលនេះ បច្ចុប្បន្នជនសង្ស័យទាំងជាង ១០០ នាក់ ដែលភាគច្រើនជាជនជាតិចិន និងមានជនជាតិវៀតណាមផងនោះ គឺកំពុងត្រូវបានសាកសួរនៅបញ្ជាការដា្ឋនកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ លោកបន្តថា ជនសង្ស័យ នឹងត្រូវបញ្ជូនទៅតុលាការក្នុងរយៈពេល ៤៨ ម៉ោង ក្រោយការឃាត់ខ្លួន ខណៈមន្ត្រីកំពុងមមាញឹកសាកសួរ ដោយសារតែចំនួនមនុស្សដែលបានឃាត់ខ្លួននេះមានគ្នាច្រើន។
លោកបានបន្ថែមថា៖ «ចំណែកខុនដូដែលជាទីតាំងប្រព្រឹត្តបទល្មើសនៅពេលនេះ ព្រះរាជអាជ្ញា គាត់បានបិទបណ្តោះអាសន្នហើយ ដោយរង់ចាំនីតិវិធីរបស់តុលាការបន្តទៀត។ យើងសមត្ថកិច្ច គឺបានចុះបង្ក្រាបហើយ កសាងសំណុំរឿងទៅតុលាការ ចំពោះនីតិវិធីបន្តទៀត អាស្រ័យលើតុលាការ»៕
វីដេអូ៖