ភ្នំពេញៈ របាយការណ៍អង្គការយូនីសេហ្វ បានរកឃើញថា កុមារនៅកម្ពុជាប្រឈមនឹងហានិភ័យខ្ពស់ពីផលប៉ះពាល់នៃវិបត្តិអាកាសធាតុ ដែលបង្កការគំរាមកំហែងដល់សុខភាព ការអប់រំ និងការទទួលបានការការពារ ខណៈអង្គការនេះបានចាត់ចំណាត់ថ្នាក់កុមារនៅកម្ពុជាថា ងាយរងហានិភ័យជាងគេលំដាប់ទី៤៦ ក្នុងចំណោម ១៦៣ ប្រទេសលើពិភពលោក។
កាលពីថ្ងៃទី ២០ សីហា យូនីសេហ្វ បានចេញរបាយការណ៍សកលស្តីពី «វិបត្តិអាកាសធាតុគឺជាវិបត្តិនៃសិទ្ធិកុមារ៖ សន្ទស្សន៍ហានិភ័យអាកាសធាតុរបស់កុមារ» គឺជាការវិភាគគ្រប់ជ្រុងជ្រោយដំបូងបង្អស់មិនធ្លាប់មានលើហានិភ័យអាកាសធាតុចេញពីការយល់ឃើញរបស់កុមារ។
សន្ទស្សន៍នេះ ដាក់ចំណាត់ថ្នាក់ប្រទេសនានា ផ្អែកតាមការប្រឈមរបស់កុមារទៅនឹងវិបត្តិអាកាសធាតុ និងបរិស្ថានដូចជាព្យុះស៊ីក្លូន និងរលកកម្ដៅព្រមទាំងភាពងាយរងគ្រោះរបស់ពួកគេ ដោយសារវិបត្តិទាំងនេះដែលត្រូវបានកំណត់ទៅតាមលទ្ធភាពរបស់ពួកគេក្នុងការទទួលបានសេវាចាំបាច់សំខាន់ៗ។
នេះជាលើកទី១ ហើយដែលយូនីសេហ្វ ដាក់ចំណាត់ថ្នាក់ប្រទេសនានា ទៅតាមការប្រឈមនឹងភាពងាយរងគ្រោះរបស់កុមារ ដោយសារវិបត្តិអាកាសធាតុ និងបរិស្ថានដោយក្នុងនោះ កុមារនៅកម្ពុជាត្រូវបានដាក់ចំណាត់ថ្នាក់ថា ងាយរងហានិភ័យជាងគេ។
របាយការណ៍ថា៖ «ប្រទេសកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ទី៤៦ ក្នុងចំណោម ១៦៣ ប្រទេស ធ្វើឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេស ១ ភាគ ៣ នៅផ្នែកខាងលើគេ ដែលប្រឈមហានិភ័យខ្ពស់ទៅនឹងការប្រែប្រួលអាកាសធាតុ។ កុមារនៅកម្ពុជាប្រឈមមុខខ្ពស់នឹងបញ្ហាខ្វះទឹក គ្រោះទឹកជំនន់តាមដងទន្លេ និងជំងឺឆ្លងតាមមេរោគចម្លង»។
របាយការណ៍បន្តថា ទោះជាយ៉ាងនេះក្តី ការវិនិយោគលើសេវាសង្គមនៅកម្ពុជាជាពិសេសលើការបង្កើនលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ សេវាសុខភាព និងអាហារូបត្ថម្ភ ការអប់រំ និងសេវាគាំពារសង្គមអាចនាំមកនូវការប្រែប្រួលគួរឱ្យកត់សម្គាល់ដល់លទ្ធភាពក្នុងការការពារអនាគតកុមារទាំងនេះពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជាថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានដែលភ្នំពេញប៉ុស្តិ៍បានទទួលពីថ្ងៃទី ២២ ខែសីហា ថា វិបត្តិអាកាសធាតុគឺជាវិបត្តិសិទ្ធិកុមារព្រោះថា វិបត្តិនេះបង្កការគំរាមកំហែង ដល់គ្រប់ទិដ្ឋភាពទាំងអស់នៃសុខភាព និងសុខុមាលភាពរបស់កុមារក្នុងកម្រិតដែលមនុស្សជាតិពុំធ្លាប់ជួបប្រទះកន្លងមក។
លោកស្រីថ្លែងថា៖ «បម្រែបម្រួលអាកាសធាតុធ្វើឱ្យពិភពលោកក្លាយជាកន្លែងកាន់តែមានហានិភ័យ សម្រាប់ការរស់នៅ និងការលូតលាស់ធំធាត់របស់កុមារ ប៉ុន្តែយើងអាចទប់ស្កាត់បញ្ហានេះ មិនឱ្យក្លាយជាបញ្ហាកាន់តែធ្ងន់ធ្ងរបានប្រសិនបើយើងចាប់ផ្តើមចាត់វិធានការពីអំណឹះតទៅ»។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ បន្តថា៖ «យើងចាំបាច់ត្រូវធ្វើការវិនិយោគលើសេវាដែលកុមារពឹងអាស្រ័យដើម្បីរស់រាន និងអភិវឌ្ឍដូចជាហេដ្ឋារចនាសម្ព័ន្ធ និងសេវាទឹកស្អាតសេវាថែទាំសុខភាព និងអប់រំជាដើមក៏ដូចជាធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធ និងសេវាទាំងនេះ កាន់តែមានភាពធន់។ ប្រព័ន្ធនឹងសេវាដែលរឹងមាំនឹងជួយការពារអនាគតកុមារពីផលប៉ះពាល់ដែលបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ និងការរេចរឹលបរិស្ថាន»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ថ្លែងថា ក្រសួងអប់រំស្វាគមន៍ និងអរគុណចំពោះកិច្ចសហការពីសំណាក់ក្រសួងស្ថាប័នដៃគូអភិវឌ្ឍន៍រួមមានអង្គការយូនីសេហ្វវិស័យឯកជន ជាពិសេសបុគ្គលិកអប់រំ មាតា-បិតាសិស្ស-និស្សិត និងអាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំរួមមានខ្លឹមសារ ចំណេះដឹងបរិស្ថានទូទៅ និងការប្រែប្រួលអាកាសធាតុសម្រាប់ពង្រឹងគុណភាពជីវិតរបស់អ្នកសិក្សា។
លោកថ្លែងថា ក្រោមកិច្ចសហការណ៍ជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថានក្រសួងអប់រំបានបញ្ចូលខ្លឹមសារពាក់ព័ន្ធនឹងការងារបរិស្ថានទូទៅចូលក្នុងកម្មវិធីសិក្សា និងបញ្ជ្រាបខ្លឹមសារពាក់ព័ន្ធចាប់ពីកម្រិតមត្តេយ្យសិក្សា ហើយក្រសួងទាំង ២ បាន និងបន្តកិច្ចសហការលើការងារបរិស្ថាន តាមរយ:គ្រប់រូបភាព។
លោក សុវាចា ថ្លែងថា៖ «ក្រសួងអប់រំ បាននិងបន្តអនុវត្តកម្មវិធីសិក្សាស្តីពីបរិស្ថាន និងលើកទឹកចិត្តសិស្សានុសិស្សគ្រប់កម្រិតសិក្សាឱ្យស្រឡាញ់ និងចូលរួមថែរក្សាការពារបរិស្ថានសាលារៀន និងសហគមន៍។ ក្រសួងអប់រំក៏បាននិងបន្តរៀបចំចលនាប្រឡងប្រណាំងសាលារៀនស្អាត ដើម្បីលើកកម្ពស់បរិស្ថានសាលារៀនរួមទាំងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន ថ្លែងនៅថ្ងៃទី ២២ សីហា ថា ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនាំឱ្យមានការប្រែប្រួលរបបទឹកភ្លៀង សីតុណ្ហភាព និងការកើនឡើងនៃនីវ៉ូទឹកសមុទ្រ ព្រមទាំងផលប៉ះពាល់លើវិស័យសំខាន់ៗ ដូចជា សុខភាពមនុស្ស ផលិតកម្មកសិកម្ម ព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ី ធនធានទឹក តំបន់ឆ្នេរ សេដ្ឋកិច្ច និងយេនឌ័រ។
លោកបន្តថា រដ្ឋាភិបាលបានបង្កើនថវិការហូតដល់ទៅ ៤ ដងរយៈពេល ៨ ឆ្នាំចុងក្រោយនេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ថវិកាប្រមាណជា ៩០០ លានដុល្លារដែលមានការវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍នានាគ្រោងនឹងចំណាយនៅក្នុងគម្រោងរយៈពេល ៥ ឆ្នាំ ដែលគម្រោងឆ្លើយតបការប្រែប្រួលអាកាសធាតុនេះត្រូវបានធ្វើឡើងរួមជាមួយនឹងស្ថាប័ន និងក្រសួងចំនួន ១៤ ផ្សេងទៀត ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។
លោកថ្លែងថា៖ «កម្ពុជាមិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុទេ តែជាអ្នកទទួលរងនូវផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ កម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសដែលមានភាពសកម្មភាពក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ»៕