ភ្នំពេញៈ គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ នឹងចាប់ផ្ដើមអនុវត្តដំណើរការសាងសង់នៅដើមខែវិច្ឆិកាខាងមុខនេះ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ។ នេះបើយោងតាមការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។
ក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាសាងសង់ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ILSUNG & HANIL Joint Venture នៅទីស្ដីការក្រសួងសាធារណការ និង ដឹកជញ្ជូន កាលពីថ្ងៃទី ២៣ ខែសីហានេះ លោក ចាន់ថុល បានថ្លែងឲ្យដឹងថា គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ នេះ នឹងគ្រោងចំណាយថវិកាសរុបប្រមាណជាង ៧៨ លាន ៣៩៨ពាន់ដុល្លារសហរដ្ឋអាមេរិក។ គម្រោងនេះ នឹងត្រូវអនុវត្តសាងសង់ដោយក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។
លោក ចាន់ថុល បានបញ្ជាក់ថា តាមរយៈគម្រោងនេះ នឹង ធ្វើឲ្យផ្លូវជាតិលេខ៤៨ ដែលមានប្រវែង ១៤៨ គីឡូម៉ែត្រចាប់ពីចំណុចចំការហ្លួង ស្រុកស្រែអំបិលដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មួយខ្សែនេះក្លាយទៅជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន ១២៣ (ASEAN Highway 123) ដែលភ្ជាប់ប្រទេសកម្ពុជា ទៅព្រះរាជាណាចក្រថៃឡង់ដ៏ និងភ្ជាប់ពីភាគខាងកើតនៃឧបទ្វីបឥណ្ឌូចិន ទៅភាគខាងលិចនៃឧបទ្វីប ឥណ្ឌូចិន ត្រង់ក្រុងដាវ៉េ (Dawai) ប្រទេសភូមា។
លោក ចាន់ថុល ថ្លែងថា នៅតាមបណ្តោយផ្លូវជាតិលេខ៤៨មានតំបន់សេដ្ឋកិច្ចពិសេស (SEZ) ចំនួន ០៤ កន្លែង រួមមាន តំបន់សេដ្ឋកិច្ចពិសេសកោះកុង (Koh Kong SEZ) តំបន់សេដ្ឋកិច្ចពិសេសស៊ួយ ឆេង (SuoyChheng SEZ) តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង (KirisakorKoh Kong SEZ) និង តំបន់សេដ្ឋកិច្ចពិសេសរតនា (Ratana SEZ) ព្រមទាំងមានតំបន់ ទេសចរណ៍គិរីសាគរផងដែរ។
គម្រោងនេះ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យប្រសើរឡើងទាំងសុវត្ថិភាពនៃការធ្វើចរាចរណ៍ទៅមករបស់អ្នកដំណើរកាត់បន្ថយពេលវេលានិងថ្លៃធ្វើដំណើរនិងដឹកជញ្ជូនតាមរយៈការបំពាក់គ្រឿងបរិក្ខារសុវត្ថិភាពនៅលើដងផ្លូវ ការកែសម្រួលកាំកំណោង និងចំណោតខ្លាំងរបស់ផ្លូវ ជំរុញសក្តានុពលតំបន់ទេសចរណ៍ និងបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសជាមួយប្រទេសជិតខាង។ គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ក្នុងរយៈពេល ៣២ ខែ ដោយចាប់ផ្ដើមដំណើការសាងសង់នៅថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២១ និងគ្រោងបញ្ចប់នៅដើមខែកក្កដា ឆ្នាំ ២០២៤៕