ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនប្រកាសការផ្តល់សេវាប្រឡងយកបណ្ណបើកបរនៅក្នុងរាជធានីភ្នំពេញឡើងវិញ ក្រោយពីផ្អាកអស់រយៈពេលប្រមាណ ៣ ខែ ហើយបើពលរដ្ឋដែលមានបំណងប្រឡងត្រូវទៅដាក់ពាក្យនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
លោក ឈួន វន់ អគ្គនាយកដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងនៅថ្ងៃទី ២៣ ខែសីហាថា ការផ្តល់សេវាប្រឡងយកបណ្ណបើកបរទាំងទ្រឹស្ដីនិងដៃចង្កូតនៅរាជធានីភ្នំពេញបានបើកដំណើការវិញអស់រយៈពេល ២ សប្ដាហ៍មកហើយ ក្រោយផ្អាកអស់ពេលប្រមាណ ៣ ខែ ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ ១៩។ ការបើកឡើងវិញនេះពលរដ្ឋអាចទៅដាក់ពាក្យប្រឡងនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញដែលមានទីតាំងនៅព្រែកលៀបក្នុងសង្កាត់ព្រែកលៀប ។
បើតាមលោក ឈួន វន់ មូលហេតុនៃការបើកដំណើរការឡើងវិញនូវសេវាកម្មនេះដោយសារស្ថានភាពកូវីដ ១៩ មានការធូរស្រាលជាងមុន។ព្រមជាមួយគ្នានោះអង្គភាពច្រកចេញចូលតែមួយបានរៀបចំរួចរាល់ទីតាំងមន្ទីរសារធារណការនិងដឹកជញ្ជូននៅព្រែកលៀប។
លោកបានថ្លែងថា៖ «ដោយសារយើងទី១ ស្ថានភាពកូវីដក៏ធូស្រាលហើយបូកនឹងខាងអង្គភាពច្រកចេញចូលតែមួយគាត់បានរៀបចំរួចរាល់ហើយ គឺយើងអនុញ្ញាតឲ្យដំណើរការវិញទៅដើម្បីឲ្យពលរដ្ឋឆាប់ទទួលសេវាកម្មហ្នឹងឡើងវិញនិងទទួលបានបណ្ណបើកបរយកទៅប្រើប្រាស់តាមតម្រូវការ»។
លោកប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានបញ្ជាក់ថាដោយសារមានបញ្ហាជំងឺកូវីដ ១៩ ការផ្តល់បណ្ណបើកបរជូនពលរដ្ឋមានការថយចុះជាងមុនរហូតដល់ ៦៥ ភាគរយក្នុងរយៈពេល ៦ ខែបើធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។លោកថា៖ «ការផ្ដល់បណ្ណមានការថយចុះច្រើនមែន ប៉ុន្តែការងារចុះបញ្ជីអីហ្នឹងថយតិចតួចទេ គឺប្រហែលជា ៧ ភាគរយប៉ុណ្ណោះ» ។
អ្នកស្រី កៀន សោភ័ណ ម្ចាស់សាលាបង្រៀនបើកបររថយន្តដៃធំ II បានថ្លែងនៅថ្ងៃទី២៣ ខែសីហាថា ការបើកដំណើរការឡើងវិញនៃការផ្តល់សេវាប្រឡងយកបណ្ណបើកបរនៅក្នុងរាជធានីភ្នំពេញគឺជារឿងល្អសម្រាប់ពលរដ្ឋដែលកំពុងទន្ទឹងរង់ចាំចង់បានបណ្ណបើកបររថយន្តយកទៅប្រើប្រាស់សម្រាប់បំពេញការងារចិញ្ចឹមជីវិត និងប្រើប្រាស់តាមតម្រូវការជាលក្ខណៈឯកជន។
អ្នកស្រីថ្លែងថា៖ «ក្នុងអំឡុងពេលនៃការបិទពិតជាមានបញ្ហារាំងស្ទះក្នុងការផ្តល់បណ្ណបើកបរដល់ប្រជាពលរដ្ឋនិយាយរួមទៅពួកគាត់ត្រូវការបើកបរលើផ្លូវទោះជាកូវីដក៏ដោយ។ ដើម្បីចិញ្ចឹមជីវិតគាត់ត្រូវតែបញ្ជាការបើកបររថយន្តនៅលើផ្លូវដោយធ្វើការឲ្យគេតាមជំនាញរបស់គាត់» ។
អ្នកស្រីបន្តថាទោះបីអ្នកខ្លះមិនមែនជាអ្នកបើកបរឲ្យគេក៏ត្រូវចេញដំណើរ ដើម្បីទៅប្រកបមុខរបរចិញ្ចឹមជីវិតនិងប្រើយានយន្តដែរ។ ហេតុនេះពួកគាត់ត្រូវការប្រើប្រាស់ផ្លូវថ្នល់ជាចាំបាច់ពិសេសគឺមិនអាចគ្មានបណ្ណបើកបរឡើយព្រោះសមត្ថកិច្ចត្រូវការត្រួតពិនិត្យ អ្នកធ្វើដំណើរលើផ្លូវសាធារណៈ ឲ្យចេះគោរពច្បាប់ចរាចរណ៍ និងឲ្យមានបណ្ណបើកបរ។
បើតាមអ្នកស្រី កៀន សោភ័ណ ក្រោយក្រសួងសាធារណៈការបានបើកដំណើរការប្រឡងវិញ លោកស្រីបានណែនាំឲ្យសិស្សដែលបានរៀនរួច ហើយមិនទាន់ទទួលបានបណ្ណបើកបរត្រូវទៅប្រឡង ប៉ុន្តែក្នុងពេលនេះចំនួនមានកំណត់។
អ្នកស្រីថ្លែងថា៖«សម័យនេះការដែលប្រឡងហ្នឹងគឺមានចំនួនកំណត់យើងចូលបានតិចមិនមែនចូលបានរាប់រយនាក់ដូចលើកមុនទេ។ អីចឹងអ្នកដែលកកស្ទះក្នុងការរៀនហើយរង់ចាំការប្រឡងហ្នឹងយើងឲ្យគាត់ចេញទៅប្រឡងជាបន្តបន្ទាប់ម្តង ៤០ នាក់ ម្តង ៤០ នាក់ អ៊ីចឹងទៅ» ។
អ្នកស្រី កៀន សោភ័ណ ប្រាប់ថា ក្នុងនាមសាលាបង្រៀនបើកបររថយន្តឯកជនមួយ អ្នកស្រីគ្រាន់តែជាអាជ្ញាកណ្តាលក្នុងការជួយសម្របសម្រួលរវាងពលរដ្ឋនិងមន្ត្រីជំនាញមានសមត្ថកិច្ចប៉ុណ្ណោះ។ក្នុងមួយរយៈកាលដែលកូវីដ ១៩ ផ្ទុះ សាលារបស់អ្នកស្រីក៏មិនសូវទទួលសិស្សដែរ ដើម្បីចូលរួមការពារការរីករាលដាលជំងឺកូវីដ ១៩។
អ្នកស្រីថ្លែងថា៖ «ឥឡូវហ្នឹងខ្ញុំធ្វើសេវារៀនតាមអនឡាញបានន័យថា បើមានអ្នកចង់រៀនអ៊ីចឹងទៅយើងឲ្យគ្រូបង្រៀនដល់ផ្ទះមានន័យថា គ្រូ ១ សិស្ស ១ ដោយអនុវត្តការការពារឲ្យបានល្អ ហើយរៀនច្បាប់ចរាចរណ៍នៅលើអនឡាញអត់មានការជួបជុំគ្នាទេ»៕