ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តម្រូវឱ្យម្ចាស់យានយន្តឯកជនពាក់ស្លាកលេខរដ្ឋ ស្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេង និងពុំមានចុះបញ្ជីជាទ្រព្យរបស់រដ្ឋត្រូវបង់ពន្ធលើមធ្យោយបាយដឹកជញ្ជូនប្រចាំឆ្នាំ និងបង់ពន្ធនាំចូល ដើម្បីពង្រឹងការគ្រប់គ្រងការប្រមូលពន្ធ។ ទន្ទឹមនេះក៏បានរំឭកដល់ម្ចាស់រថយន្តចង្កូតស្តាំត្រូវបង់ពន្ធឱ្យរួចរាល់នៅត្រឹមខែមិថុនា ២០២២ បើពុំនោះទេនឹងប្រឈមការកម្ទេចចោលក្រោយបង្ក្រាបបាន។
យោងតាមលិខិតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន ចុះកាលបរិច្ឆេទក្នុងខែសីហានេះបានឱ្យដឹងថា ការសម្រេចនេះក្រោយទទួលបានការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យប្រមូលពន្ធយានយន្តឯកជនជ្រកក្រោមស្លាកលេខរដ្ឋ ស្លាកលេខ ខ.ម និង ន.ប លើកលែងតែយានយន្តជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ ដែលបម្រើសម្រាប់ការពារជាតិតែប៉ុណ្ណោះ។
លិខិតបន្តថា «ក្នុងគោលដៅពង្រឹងសក្ដានុពលចំណូលពន្ធលើយានជំនិះគ្រប់ប្រភេទទាំងពន្ធគយ និងអាករ និងពន្ធផ្ទៃក្នុងតាមច្បាប់នីតិប្បញ្ញត្តិឱ្យអស់សក្ដានុពល...ព្រមទាំងបញ្ឈប់បញ្ហារ៉ាំរ៉ៃ និងច្រំដែលចំពោះរថយន្តចង្កូតស្តាំខុសច្បាប់ក្រសួងសេដ្ឋកិច្ចសូមគោរពស្នើសុំការពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន លើសំណើមួយចំនួន»។
តាមរយៈលិខិតនេះ លោក ហ៊ុន សែន បានយល់ព្រមលើសំណើចំនួន ៥ ចំណុច រួមមាន ១- ចំពោះយានយន្តឯកជន ក្រោមស្លាកលេខរដ្ឋ ស្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេង និងពុំមានក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុគ្រោះតែ ១ លើកចុងក្រោយដោយបន្តអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទឆ្នាំ ២០២១ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន តាមការដាក់ពាក្យស្នើសុំរបស់ម្ចាស់យានយន្ត ១ ឆ្នាំទៀតប៉ុណ្ណោះ។
ការបង់ពន្ធនេះ ពុំមែនមានន័យថា ម្ចាស់យានយន្តបានរួចផុតពីកាតព្វកិច្ចបង់ពន្ធ និងអាករនាំចូលយានយន្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ។ ២- អគ្គនាយកដ្ឋានពន្ធដារ រៀបចំបញ្ជីលម្អិតយានយន្តឯកជនជ្រកក្រោមស្លាកលេខរដ្ឋ លេខ ខ.ម និង ន.ប អំពីភិនភាគសម្គាល់យានយន្ត និងអំពីម្ចាស់យានយន្តជូនដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីចាត់វិធានការបន្តខាងផ្នែកពន្ធ និងអាករនាំចូល។
៣- អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ត្រូវគាំទ្រកម្លាំងរបស់គយ ក្នុងការទប់ស្កាត់ និងបង្ក្រាបការរត់ពន្ធរថយន្តចង្កូតស្តាំចូលមកកម្ពុជា។
៤- គ្រប់ក្រសួង និងស្ថាប័នត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ និងគោលនយោបាយហាមឃាត់ការនាំចូល និងប្រើប្រាស់រថយន្តចង្កូតស្តាំ (លើកលែងតែមានការអនុញ្ញាតពីរាជរដ្ឋាភិបាល ជាលក្ខណពិសេសដូចជា រថយន្តអគ្គិភ័យ រថយន្តដឹកសំរាមជាដើម)... ។
ចំណែកចំណុចទី៥ អនុញ្ញាតឱ្យបង់ពន្ធ និងអាករនាំចូលចំពោះរថយន្តចង្កូតស្តាំមានស្រាប់ក្នុងស្រុកជាលើកចុងក្រោយ តែត្រូវកែចង្កូតពីស្តាំមកឆ្វេង ដើម្បីឱ្យស្របច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា។ ការអនុញ្ញាតនេះមានឱសានវាទត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០២២។ បន្ទាប់ពីនោះ រថយន្តចង្កូតស្តាំដែលត្រូវបង្ក្រាបបាននឹងតម្រូវឱ្យដោះបំបែកជាគ្រឿងបន្លាស់ ឬកម្ទេចចោល។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (TI) លោក ប៉ិច ពិសី បានគាំទ្រចំពោះការប្រមូលពន្ធលើយានយន្តឯកជនជ្រកក្រោមស្លាកលេខរដ្ឋ ស្លាកលេខ ខ.ម និង ន.ប ដើម្បីបង្ហាញពីតម្លាភាព ខណៈដែលលោកសង្កេតឃើញ បុគ្គលមានតួនាទីក្នុងមន្ត្រីរាជការមួយចំនួនបានប្រើស្លាកលេខរដ្ឋ ជាលក្ខណៈឯកជន ដោយពុំបានបង់ពន្ធ។
លោកថា៖ «យានជំនិះដែលពាក់ស្លាកលេខរដ្ឋ ខ.ម និង ន.ប ឃើញមានច្រើន ហើយនីតិវិធីនៃការរៀបចំផ្តល់សិទ្ធិដល់រថយន្ត ខ.ម និង ន.ប ជាដើម ដូចជាមិនទាន់មានការគ្រប់គ្រងជាក់លាក់ទេ ព្រោះអ្នកខ្លះគាត់ជិះជាលក្ខណៈឯកជនគ្រួសារ ប៉ុន្តែគាត់អាចសុំសិទ្ធិដាក់ស្លាកលេខរដ្ឋ ខ.ម និង ន.ប បាន អ៊ីចឹងការគ្រប់គ្រងនៅអត់ទាន់ច្បាស់ទេ»។
លោកបានបន្តថា ការជំរុញឱ្យមន្ត្រីដែលជិះរថយន្តជាឯកជនពាក់សា្លក ខ.ម ឬន.ប បង់ពន្ធជារឿងត្រឹមត្រូវ ព្រោះជាការសម្រេចចិត្តមួយដ៏សមស្របហើយត្រូវនឹងច្បាប់ស្តីពីការគ្រប់គ្រងសម្បត្តិសាធារណៈ ដូច្នេះម្ចាស់យានយន្តដែលជិះលក្ខណៈឯកជន គួរតែត្រូវបង់ពន្ធដូចគេដូចឯងដែរ និងស្មើភាពគ្នាជាមួយពលរដ្ឋសាមញ្ញ៕
វីដេអូ៖