ភ្នំពេញៈ ក្រសួងមហាផ្ទៃចេញផ្សាយសៀវភៅកម្រងទិន្នន័យឈ្មោះ និងចំនួនរាជធានីខេត្ត-ក្រុង-ស្រុក-ខណ្ឌ-ឃុំ-សង្កាត់ និងភូមិទូទាំងប្រទេសសម្រាប់ឆ្នាំ ២០២១ ដើម្បីឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃការគ្រប់គ្រងរដ្ឋបាលដែនដី ដែលមានការប្រែប្រួលជាប្រចាំ ស្របទៅតាមស្ថានភាពជាក់ស្ដែង។
សៀវភៅកម្រងទិន្នន័យឈ្មោះ និងចំនួនរាជធានីខេត្ត-ក្រុង-ស្រុក-ខណ្ឌ-ឃុំ-សង្កាត់ និងភូមិ ដែលមានកម្រាស់ជាង ៣០០ ទំព័រ ត្រូវបានចេញផ្សាយពីពេលថ្មីៗនេះឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានរាជធានីចំនួន ១ ខេត្ត ២៤ ក្រុង ២៧ ស្រុក ១៦២ ខណ្ឌ ១៤ ឃុំ ១ ៤០៥ សង្កាត់ ២៤១ និងភូមិចំនួន ១ ៤៤០៥។
សៀវភៅនេះក៏បានរៀបរាប់ឈ្មោះរបស់ភូមិឃុំ សង្កាត់ ស្រុកនីមួយៗទាំង ២៤ រាជធានី-ខេត្ត ដោយផ្អែកលើមូលដ្ឋានឯកសារគតិយុត្តពាក់ព័ន្ធទៅនឹងការបង្កើត ការបំបែក ការលុបចោល និងការកែសម្រួលព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ចាប់តាំងពីមុនរហូតមកដល់បច្ចុប្បន្ន។
សៀវភៅនេះបន្ថែមថា៖ «ទន្ទឹមនេះ ការគ្រប់គ្រងរដ្ឋបាលដែនដីតែងតែមានការប្រែប្រួលជាប្រចាំ ស្របទៅតាមស្ថានភាពជាក់ស្ដែងនៃការអភិវឌ្ឍរីកចម្រើនសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ»។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងក្នុងសៀវភៅនេះថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ដើម្បីរៀបចំឡើងវិញនូវរដ្ឋបាលដែនដីមានគោលដៅរៀបចំនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងឱ្យបានជាក់លាក់រវាងតំបន់ទីក្រុង ទីប្រជុំជន និងតំបន់ជនបទ ដែលបានអនុវត្តរហូតមកដល់បច្ចុប្បន្ន។
លោកបន្តថា ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ ២០០២ និងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ឆ្នាំ ២០០៩ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិត្រូវបានរៀបចំឡើងវិញជាជំហានៗតាមប្រព័ន្ធគ្រប់គ្រងបែបវិមជ្ឈការ និងវិសហមជ្ឈការ។
បន្ថែមពីនេះលោកថា ការរៀបចំឡើងវិញជាជំហានៗនេះក៏ស្របតាមការរីកចម្រើន និងការអភិវឌ្ឍរបស់សង្គមជាតិដោយផ្អែកលើកត្តាភូមិសាស្ត្រ ប្រជាសាស្ត្រ សក្តានុពល និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។
លោក បញ្ជាក់ថា៖ «សៀវភៅនេះបានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃការគ្រប់គ្រងរដ្ឋបាលដែនដី និងជាឯកសារផ្លូវការដ៏មានសារៈសំខាន់សម្រាប់មន្ត្រីរាជការ វិនិយោគិន សិស្ស និស្សិត ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍ក្នុងការសិក្សាឈ្វេងយល់ ស្រាវជ្រាវ និងវិភាគផ្នែកសេដ្ឋកិច្ចសង្គម ជាពិសេសរួមចំណែក លើកកម្ពស់ចំណេះដឹងដល់សាធារណជន និងសម្រាប់មនុស្សជំនាន់ក្រោយ»។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលើកឡើងថា ព័ត៌មានដែលមានបច្ចុប្បន្នភាពគឺមានសារៈសំខាន់ណាស់ សម្រាប់បម្រើឱ្យវិស័យនានា ជាពិសេសគឺផ្នែករដ្ឋបាលសាធារណៈ។
ប៉ុន្តែលោកថា វានឹងមានផលប៉ះពាល់ ឬគុណវិបត្តិវិញបើការធ្វើបច្ចុប្បន្នភាពនូវឯកសារទាំងនេះ មិនមានផែនការច្បាស់លាស់។ «ការបង្កើតភូមិ ឃុំ ថ្មី គួរតែពិនិត្យយោងទៅលើលក្ខណៈបច្ចេកទេសរដ្ឋបាល និងតម្រូវការប្រជាពលរដ្ឋជាក់ស្តែងជាជាងការបង្កើតថ្មី ដោយផ្អែកលើនិន្នាការនយោបាយ ព្រោះនៅស្រុកខ្មែរ បើកាលណាបង្កើតច្រើនសម្បូរតែអ្នកគ្រប់គ្រង មិនសូវសម្បូរអ្នកផ្តល់សេវាពិតប្រាកដឱ្យពលរដ្ឋ។ កាលណាយើងបង្កើតតំបន់ថ្មីៗច្រើន ប៉ុន្តែសកម្មភាពនៃការផ្តល់សេវានៅដដែលនឹងធ្វើឱ្យខ្ជះខ្ចាយថវិការដ្ឋ»៕