ក្រចេះ: មន្ត្រីសុខាភិបាលខេត្តក្រចេះកំពុងបន្តយកសំណាកអាជីវករក្នុងផ្សារសាមគ្គី និងប្រជាពលរដ្ឋ ដែលនៅជុំវិញទីនោះ បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ៤៩ នាក់ក្នុងចំណោមពលរដ្ឋជាង ១ ពាន់នាក់ ដែលបានយកសំណាកកាលថ្ងៃទី ២៣ ខែសីហា ខណៈមនុស្ស ១៨ នាក់ ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ ១៩ ប្រភេទដែលតានៅខេត្តស្ទឹងត្រែង។
លោកវេជ្ជបណ្ឌិត ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាល ខេត្តក្រចេះថ្លែងនៅថ្ងៃទី ២៤ សីហា ថា មន្ត្រីសុខាភិបាលកំពុងបន្តយកសំណាកអាជីវករ និងប្រជាពលរដ្ឋនៅជុំវិញផ្សារសាមគ្គី បន្ទាប់ពីរកឃើញមានអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ៤៩ នាក់ ក្នុងចំណោមពលរដ្ឋជាង ១ ពាន់នាក់ ដែលបានយកសំណាកកាលពីថ្ងៃទី ២៣ ខែសីហា។ ការរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ថ្មីលើកនេះ គឺមានចំនួនច្រើនដែលមិនធ្លាប់មានសម្រាប់ខេត្តក្រចេះ។
លោកប្រធានមន្ទីរថ្លែងថា៖ «រាល់ដងអត់ដែលឡើងដល់ខ្ទង់ ៤០ ទេ។ យើងមានតែជាងខ្ទង់ ១០ ហើយច្រើនបំផុតខ្ទង់ជាង ២០»។
បើតាមលោកវេជ្ជបណ្ឌិត ឈ្នាង សុវុត្ថា ខេត្តក្រចេះមិនសូវមានអ្នកឆ្លងជំងឺកូវីដ ១៩ ច្រើន ដោយសារតែពលរដ្ឋសហការបានល្អជាមួយអាជ្ញាធរក្នុងការអនុវត្តវិធានការ និងមិនសូវមានការប្រមូលផ្តុំជួបជុំគ្នាច្រើន។ លោកថ្លែងថា៖ «ដោយសារកត្តា ២ ធំៗ ទី ១ គឺកត្តាខ្លួនគាត់ជាប្រជាពលរដ្ឋផ្ទាល់ កត្តាទី ២ គឺកន្លែងដែលប្រមូលផ្តុំធំៗហ្នឹងយើងបានបិទអត់ឱ្យដំណើរការ។ អ៊ីចឹងអត់សូវមានការផ្ទុះធំទេ»។
លោក ប៉ែន លីណាត អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តក្រចេះថ្លែង នៅថ្ងៃទី ២៤ សីហា ថា រដ្ឋបាលខេត្តមិនមានគម្រោងបិទទីតាំងផ្សារសាមគ្គីនោះទេ ព្រោះកំពុងពិនិត្យ និងតាមដានស្ថានភាពបន្តទៀត។ ចំណែកអាជីវករ ដែលមានតូបលក់ដូរក្នុងផ្សារ ដែលត្រូវយកសំណាក បើក្នុងករណីអវិជ្ជមានកូវីដ ១៩ អាជ្ញាធរនឹងចេញបណ្ណបញ្ជាក់ ដើម្បីឱ្យបានចេញចូលក្នុងផ្សារតាមធម្មតា។
លោកបញ្ជាក់ថា៖ «កន្លងមកយើងបានបិទមួយសាហើយផ្សារហ្នឹង។ អ៊ីចឹងបើបិទទៀត វាអាចនាំឱ្យមានការប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ បើសិនជាយើងបិទញឹកញាប់ពេក។ អ៊ីចឹង យើងមានវិធានការមួយគឺ អញ្ជើញគាត់មកយកសំណាក ហើយក្នុងករណីដែលគាត់អត់មាន [វិជ្ជមានកូវីដ] យើងមានបណ្ណជូនគាត់ដើម្បីឱ្យគាត់អាចចូលទៅក្នុងតូបគាត់វិញ»។
បើតាមអ្នកនាំពាក្យរដ្ឋបាលខេត្តក្រចេះ ទីតាំងដែលធ្លាប់បិទនាពេលកន្លងមក អាជ្ញាធរខេត្តបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញអស់ហើយ ប៉ុន្តែត្រូវបន្តអនុវត្តវិធានការការពារជាចាំបាច់។ បើមានកូវីដ ១៩ កើតឡើងនៅទីតាំងណាត្រូវយកសំណាក និងស្រាវជ្រាវឱ្យបានលឿនបំផុត។
លោកថ្លែងថា៖ «កន្លងមកយើងមានបិទដែរ ក្នុងរយៈពេល ១ សប្តាហ៍អីហ្នឹង ដើម្បីស្រាវជ្រាវអ៊ីចឹងទៅ ហើយជាពិសេសកន្លែងដែលយើងធ្លាប់បិទហ្នឹង គឺទីតាំងផ្សារសាមគ្គីហ្នឹង ផ្សារស្នួល ផ្សារឆ្លូង និងផ្សារក្រចេះ»។
គិតត្រឹមថ្ងៃទី ២៣ ខែសីហា ខេត្តក្រចេះមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុប ៦១៩ នាក់ ព្យាបាលជាសះស្បើយចំនួន ៤៣១ នាក់ ស្លាប់ ៩ នាក់ និងនៅសល់ ១៧៩ នាក់ទៀតកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលព្យាបាលជំងឺកូវីដ ១៩ ក្នុងខេត្តក្រចេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះនៅថ្ងៃទី ២៣ ខែសីហា។
សេចក្តីជូនដំណឹងរដ្ឋបាលខេត្តនេះ ប្រកាសឱ្យសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ ១៩ ទាំង ៤៩ នាក់ រួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ។ ចំពោះអ្នកពាក់ព័ន្ធដោយប្រយោលត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
ដោយឡែកលោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងឱ្យដឹង នាថ្ងៃទី ២៤ សីហាថា មន្ត្រីសុខាភិបាលបានរកឃើញអ្នកជំងឺកូវីដ ១៩ ប្រភេទ Delta ចំនួន ១៨ នាក់បន្ថែមទៀតជាកម្រិតឆ្លងមួយ ដែលរដ្ឋបាលខេត្តគួរបន្តបិទខ្ទប់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
លោកបន្ថែមថា ការឆ្លងជំងឺកូវីដ ១៩ ប្រភេទ Delta ថ្មីនេះ គឺឆ្លងពីបុរស ២ នាក់ មកពីខេត្តបន្ទាយមានជ័យ និងបានរាលដាលចូលដល់ក្រុងស្ទឹងត្រែង ជាពិសេសមានការឆ្លងច្រើនស្ទើរតែគ្រប់សង្កាត់ទាំងអស់ក្នុងក្រុងស្ទឹងត្រែង។ បើតាមលោក អ៊ុង សូវៀត គិតត្រឹមវេលាម៉ោង ២ និង ៣០ នាទី ថ្ងៃទី ២៤ សីហា ខេត្តស្ទឹងត្រែងមានអ្នកវិជ្ជមានជំងឺកូវីដ ១៩ ប្រភេទ Delta កើនឡើងដល់ចំនួន ៤៦ នាក់ហើយ។
ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តស្ទឹងត្រែងក៏បានសម្រេចបិទខ្ទប់ភូមិសាស្ត្រ ក្រុងស្ទឹងត្រែងជាបណ្តោះអាសន្នក្នុងរយៈពេល ៧ ថ្ងៃបន្ថែមទៀត គិតចាប់ពីម៉ោង ២៣ និង ៥៩ នាទី ថ្ងៃទី ២៤ ដល់ថ្ងៃទី ៣១ សីហា ដើម្បីបន្តពង្រឹងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
លិខិតរបស់លោក ម៉ុម សាវឿន អភិបាលខេត្តស្ទឹងត្រែងចេញថ្ងៃទី ២៤ សីហា បញ្ជាក់ថា រាល់មូលដ្ឋាន ក្រៅពីភូមិសាស្ត្រក្រុងស្ទឹងត្រែង ដែលបានបញ្ញត្តិឱ្យអនុវត្តវិធានការបិទខ្ទប់ជាបណ្តោះអាសន្នដោយលិខិតបទដ្ឋានគតិយុត្តរបស់រដ្ឋបាលខេត្ត ដែលនៅមានជាធរមាន ត្រូវបន្តអនុវត្តឱ្យមានប្រសិទ្ធភាព រហូតដល់មានការសម្រេចជាថ្មី។
ក្នុងលិខិតសម្រេចលោកអភិបាលខេត្តបានបញ្ជាក់ការអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដែលបានបញ្ញតិ្តក្នុងសេចក្តីសម្រេចលេខ ០៨៩/២១ ចុះថ្ងៃទី ១២ សីហាផងដែរ៕