ភ្នំពេញៈ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិសហការជាមួយក្រសួងបរិស្ថានបានរៀបចំបាឋកថាស្តីពី “គោលនយោបាយ និងការគ្រប់គ្រងបរិស្ថាននៅកម្ពុជា” ដល់មន្ត្រីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយរំពឹងថា ការយល់ដឹងរបស់មន្ត្រីការបរទេសនឹងផ្សារភ្ជាប់បញ្ហាបរិស្ថានកម្ពុជាទៅកាន់ពិភពលោក។
កម្មវិធីបាឋកថាស្តីពី “គោលនយោបាយ និងការគ្រប់គ្រងបរិស្ថាននៅកម្ពុជា” នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ ដោយមានការចូលរួមផ្តល់បទឧទ្ទេសនាមពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។ ក្នុងនោះមានមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីនៃក្រសួងបរិស្ថានជាច្រើនរូបបានចូលរួមតាមរយៈប្រព័ន្ធវីដេអូ។ នេះបើតាមទំព័រហ្វេសប៊ុករបស់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។
វិទ្យាស្ថាននេះបានលើកឡើងថា៖ «បាឋកថានេះបានលើកឡើងនូវគោលនយោបាយ និងការគ្រប់គ្រងបញ្ហាបរិស្ថាន និងគូសបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជាដែលបាននិងកំពុងបន្តអនុវត្តយន្តការក្រោមក្របខ័ណ្ឌជាតិ និងអន្តរជាតិក្នុងគោលបំណងការពារ និងអភិរក្សបរិស្ថានក្នុងប្រទេសកម្ពុជាក៏ដូចជាក្នុងសកលលោកទាំងមូល»។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៥ សីហាថា ការរៀបចំបាឋកថាក្នុងពេលនេះគឺជាផ្នែកមួយរបស់ក្រសួងបរិស្ថានក្នុងការពង្រឹងសមត្ថភាពបន្ថែមរបស់មន្ត្រីសាធារណៈ។
លោកបន្តថា បាឋកថា នេះ គឺបានបញ្ជ្រាបគោលនយោបាយ និងការគ្រប់គ្រងបរិស្ថាននៅកម្ពុជាដល់មន្ត្រីក្រសួងការបរទេស និងមន្ត្រីបរិស្ថាន ព្រោះមន្ត្រីការទូតគឺបានដើរតួនាទីសំខាន់ក្នុងការផ្សារភ្ជាប់បញ្ហាបរិស្ថានរវាងប្រទេសក្នុងតំបន់ពិភពលោកមកកាន់កម្ពុជាតាមរយៈការងារការទូតនេះ។
លោកបានបញ្ជាក់ថា៖ «ក្នុងពេលបច្ចុប្បន្ននេះ ពិភពលោកគឺបានផ្តោតលើបញ្ហាបរិស្ថាន ដូច្នេះការបញ្ជ្រាបព័ត៌មានចំណេះដឹង គោលនយោបាយផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងបរិស្ថាននៅកម្ពុជាគឺមានភាពចាំបាច់ ព្រោះកិច្ចការបរិស្ថានក៏ជាការងារការទូតមួយដែលសំខាន់ផងដែរ»។
លោកបានបន្ថែមថា៖ «នេះដើម្បីមន្ត្រីនៃក្រសួងការបរទេសអញ្ជើញទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសនានាក្នុងនាមមន្ត្រីស្ថានទូតហ្នឹង នឹងមានព័ត៌មាន និងមូលដ្ឋាននៅក្នុងការផ្សព្វផ្សាយបន្តលើគោលនយោបាយរបស់រដ្ឋាភិបាលលើការការពារ និងអភិរក្សធនធានធម្មជាតិលើការគ្រប់គ្រងបរិស្ថាន»៕