ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា នៅថ្ងៃទី ២៤ ខែសីហា វីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទដែលតាបានឆ្លងរីករាលដាលក្នុង ២៣ រាជធានី-ខេត្តហើយ និងបានរកឃើញអ្នកជំងឺប្រភេទនេះសរុបជាង ១ ០០០ នាក់ ភាគច្រើន រកឃើញនៅភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ២៥ ខែសីហានេះ បានឱ្យដឹងថា ចាប់តាំងពីចុងខែមីនារហូតមកដល់ថ្ងៃទី ២៤ ខែសីហា កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ ១៩ ដែលបំប្លែងថ្មីប្រភេទដែលតា នៅក្នុងប្រទេសបានកើនឡើងរហូតចំនួន ១ ៣២៥ នាក់។ អ្នកជំងឺដែលបានឆ្លងវីរុសកូវីដ ១៩ ប្រភេទដែលតានេះមាននៅលើអ្នកមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រឡប់ពីប្រទេសថៃ ប្រទេសវៀតណាម ប្រជាជនអ្នកភូមិរស់នៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស។
រាជធានី-ខេត្ត ដែលមានករណីវីរុសកូវីដ ១៩ ប្រភេទដែលតា B.1.617-2 Delta ច្រើនជាងគេមាន រាជធានីភ្នំពេញចំនួន ៣៧៥ នាក់ ខេត្តបន្ទាយមានជ័យ ចំនួន ២៣០ នាក់ ខេត្តឧត្តរមានជ័យ ចំនួន ១៩១ នាក់ ខេត្តសៀមរាបចំនួន ១៦៣ នាក់។ ចំណែកខេត្តដែលមានករណីនេះតិចជាងគេមានខេត្តកំពង់ឆ្នាំងដែលមានតែ ១ នាក់ ខេត្តស្ទឹងត្រែង និងខេត្តកោះកុងដែលមានចំនួន ២ ករណីដូចគ្នា។
ទន្ទឹមនឹងនេះមន្ទីរពិសោធន៍ វិភាគសំណាករកវីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទដែលតាស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងខេត្តសៀមរាប បានដាក់ឱ្យដំណើរការហើយកាលពីដើមសប្តាហ៍នេះ ដោយមិនតម្រូវឱ្យផ្ញើសំណាកអ្នកដែលសង្ស័យមានវីរុសប្រភេទដែលតាមកពិនិត្យនៅវិទ្យាសា្ថនប៉ាស្ទ័រដូចមុនទៀតទេ។
លោក លីវ សុខុម អ្នកនាំពាក្យខេត្តសៀមរាបបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថ្ងៃទី ២៥ ខែសីហាថា មន្ទីរពិសោធន៍វិភាគសំណាកវីរុសបំប្លែងថ្មីនេះ បានបំពាក់ម៉ាស៊ីនសម្រាប់រកប្រភេទដែលតា រួចរាល់ហើយសម្រាប់ធ្វើតេស្តដល់អ្នកជំងឺ ហើយខេត្តសៀមរាបក៏មានមន្ទីរពិសោធន៍វិភាគមេរោគប្រភេទធម្មតាផងដែរដែលបានដាក់ឱ្យប្រើប្រាស់យូរហើយដែរ។
លោកថ្លែងថា៖ «យើងត្រូវធ្វើសំណាកដើម្បីឱ្យច្បាស់ថាវាជាប្រភេទដែលតា ឬមិនមែន គឺត្រូវបញ្ជូនមករាជធានីភ្នំពេញ ប៉ុន្តែពេលនេះមិនតម្រូវឱ្យមានការបញ្ជូនទៅទៀតទេ ដោយសារក្នុងខេត្តយើងមានម៉ាស៊ីនខ្លួនឯងហើយ»។
យោងតាមមន្ទីរសុខាភិបាលខេត្តសៀមរាបបានឱ្យដឹងថា មន្ទីរពិសោធន៍វិភាគសំណាករកវីរុសកូវីដ ១៩ នៅខេត្តសៀមរាប មានសមត្ថភាពប្រតិបត្តិការបានប្រមាណជាក្រោម ១ ពាន់សំណាកក្នុង ១ ថ្ងៃ។
រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក៏បានសម្រេចយកខេត្តសៀមរាបជាមណ្ឌលព្យាបាលជំងឺកូវីដ ១៩ កម្រិតធ្ងន់ ថ្នាក់តំបន់ភាគខាងជើងបឹងទន្លេសាប ដែលខេត្តចំនួន ៤ ផ្សេងទៀតនៅជុំវិញនេះអាចមកព្យាបាលជំងឺកូវីដ ១៩ បានក្នុងមណ្ឌលព្យាបាលនេះ។
លោក លីវ សុខុម បានប្រាប់ឱ្យដឹងថា៖ «មណ្ឌលព្យាបាលជំងឺកូវីដ ១៩ កម្រិតធ្ងន់នេះ អាចដាក់អ្នកជំងឺបានរហូតដល់ប្រមាណ ៤០០ នាក់ ហើយខេត្តចំនួន ៤ ផ្សេងទៀតអាចបញ្ជូនអ្នកជំងឺកម្រិតធ្ងន់មកសម្រាកព្យាបាលបាន ដែលមានខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ»។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចុះពិនិត្យការរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ និងមន្ទីរពិសោធន៍ថ្មីនៅក្នុងក្រុងសៀមរាប កាលពីថ្ងៃទី ២២ ខែសីហា បានថ្លែងឱ្យដឹងថា ដើម្បីឆ្លើយតបនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានសម្រេចយកខេត្តសៀមរាប ធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ ១៩ កម្រិតធ្ងន់ថ្នាក់តំបន់តែម្តង។
ការយកខេត្តសៀមរាបធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺធ្ងន់ក្នុងតំបន់នៃភាគខាងជើងបឹងទន្លេសាបនេះ វាសមស្របបំផុត ដោយសារនៅខេត្តសៀមរាបមានមន្ទីរពិសោធន៍ថ្មី ដែលមានសមត្ថភាពអាចពិនិត្យសំណាកបានក្នុង ១ ថ្ងៃជាង ៩០០ សំណាក និងឆាប់រហ័ស ដែលនេះជាការងាយស្រួលមួយក្នុងការព្យាបាលអ្នកជំងឺ។
មកដល់ពេលនេះ ស្ថានភាពឆ្លងជំងឺកូវីដ ១៩ នៅកម្ពុជា កំពុងស្ថិតក្នុងនិន្នាការនៃការថយចុះ ក្រោយពីទទួលបាននូវលទ្ធផលចាក់វ៉ាក់សាំងបានស្ទើរតែគ្រប់តាមផែនការផងដែរ ប៉ុន្តែលោកនៅតែបន្តធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ធ្វើការប្រុងប្រយ័ត្ន និងការពារខ្លួនកុំឱ្យឆ្លងមេរោគកូវីដ ១៩ នេះ៕