ភ្នំពេញៈ ចាប់ពីថ្ងៃទី ១ ខែ កក្កដា រហូតដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំនេះ មន្ដ្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្មបានត្រួតពិនិត្យការធ្វើអាជីវកម្មប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ និងដេប៉ូចែកចាយនានាទូទាំងប្រទេសបានចំនួន ១០១ ទីតាំងក្នុងនោះរកឃើញ ៤៦ ទីតាំងបានលក់ប្រេងសាំងមិនគ្រប់លីត្រ និងក្លែងបន្លំប្រេងធម្មតាទៅជាប្រេងស៊ុបពែរ។
លោក ផាន អូន អគ្គនាយក ក.ប.ប ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ២៥ សីហាថា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ត្រូវបានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២១។ ក្នុងរយៈពេលនេះអគ្គនាយកដ្ឋាន ក.ប.ប បានណែនាំដល់មន្ត្រីស៊ើបអង្កេតតាមបណ្តានាយកដ្ឋានជំនាញ និងសាខារាជធានីខេត្តឱ្យអនុវត្តវិធានការនានា ចំពោះអំពើល្មើសនឹងច្បាប់ក្នុងនោះក៏មានវិធានការពិន័យអន្តរការណ៍ ដែលត្រូវបានកំណត់ដោយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ផងដែរ។
លោកបានថ្លែងថា៖ «សម្រាប់គោលដៅនៃការត្រួតពិនិត្យការធ្វើអាជីវកម្មប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ និងដេប៉ូចែកចាយនានានៅទូទាំងប្រទេស ក្នុងរយៈពេលជិត ២ ខែកន្លងមកនេះ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប បានចុះត្រួតពិនិត្យបានចំនួន ១០១ ស្ថានីយ និងដេប៉ូ»។
លោកបញ្ជាក់ថា៖ «ឆ្លងកាត់ការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ៤៦ បានប្រកបអាជីវកម្មមិនសុចរិត ដែលមិនអនុលោមនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់»។
បើតាមលោក ផាន អូន មន្ត្រីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌បានអនុវត្តវិធានការពិន័យអន្តរការណ៍ទៅតាមប្រភេទបទល្មើសហើយ បើនៅតែមិនរាងចាលនឹងទទួលរងនូវវិធានការផ្សេងទៀតស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
នៅថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២១ មន្ត្រីសាខា ក.ប.ប រាជធានីភ្នំពេញបានបន្តសកម្មភាពចុះបង្ក្រាបបទល្មើសដែលផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ហើយជាលទ្ធផលបានរកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ៤ ទីតាំងក្នុងចំណោម ៨ ទីតាំងបានប្រកបអាជីវកម្មប្រេងឥន្ធនៈ ដោយមិនស្មោះត្រង់ (ចំណុះមិនគ្រប់លីត្រ និងបន្លំប្រេងសាំងធម្មតាជាប្រេងសាំងស៊ុបពែរ) និងត្រូវបានមន្ត្រីជំនាញ ចាត់វិធានការតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
ចំណែកមន្ត្រីជំនាញ ក.ប.ប សាខាខេត្តតាកែវនាថ្ងៃទី ២៣-២៤ សីហា បានចុះអនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីត្រួតពិនិត្យតាមដានការធ្វើអាជីវកម្មប្រេងឥន្ធនៈ សំដៅទប់ស្កាត់អំពើមិនសុចរិត ដើម្បីការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។
ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញដេប៉ូចំនួន ៣ ក្នុងចំណោមដេប៉ូចំនួន ៦ នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវបានលក់ប្រេងឥន្ធនៈជូនអតិថិជនមិនស្មោះត្រង់ ហើយត្រូវបានមន្ត្រី ក.ប.ប អនុវត្តវិធានការតាមនីតិវិធី៕
វីដេអូ៖