ភ្នំពេញៈ តំណាង ឬ​ស្ថានបេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ​ (UN) នៅ ទីក្រុង​ហ្ស៊ឺណែវ ប្រទេស​ស្វ៊ីស​ច្រាន​ចោល​ការថ្កោលទោស​របស់​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស UN ចំពោះ​ការផ្តន្ទាទោស លោក​​ រ៉ុង ឈុន និង​អ្នកគាំទ្រ​លោក​ ២ ​នាក់​ទៀត​ដាក់ពន្ធនាគារ​ពី​សប្តាហ៍​មុន​។

ការប្រកាស​ថ្កោលទោស​របស់​ក្រុមមន្ត្រី​សិទ្ធិមនុស្ស UN នេះ​ធ្វើឡើង​ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ១៨ សីហា បាន​សម្រេច​ផ្តន្ទាទោស​លោក រ៉ុង ឈុន ឱ្យ​ជាប់ពន្ធនាគារ ២ ​ឆ្នាំ​ និង​បង់ប្រាក់​ពិន័យ ២ ​លានរៀល​ចូល​រដ្ឋ​។ តុលាការ​ក៏បាន​ផ្តន្ទាទោស ឈ្មោះ ស កន្និកា និង​ឈ្មោះ​ តុន និមល ដាក់ពន្ធនាគារ​ម្នាក់​ ២០ ​ខែ និង​ពិន័យ​ជា​ប្រាក់​ម្នាក់​ ២ ​លាន​រៀល​ចូល​រដ្ឋ​ផងដែរ​។

អ្នក​ទាំង​ ៣ ​នាក់​ត្រូវបាន​ចោទប្រកាន់​ពី​បទញុះញង់​បង្កើតឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​តម្រូវឱ្យ​រួមគ្នា​សង​សំណង​ជំងឺ​ចិត្ត​ទៅ​គណៈកម្មការ​កិច្ចការ​ព្រំដែន​ដែលជា​ដើមបណ្តឹង រដ្ឋប្បវេណី​ ៤០០ ​លាន​រៀល​។

តាមរយៈ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​ ២៤ សីហា ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស UN បាន​រិះគន់​យ៉ាងខ្លាំងៗ​ចំពោះ​អាជ្ញាធរ​កម្ពុជា​ជុំវិញ​ការផ្តន្ទាទោស​លោក​ រ៉ុង ឈុន ចំពោះ​អត្ថាធិប្បាយ​ដែល​លោក​បានធ្វើ​នៅលើ​បណ្តាញ​ហ្វេសប៊ុក ដែល​អះអាង​អំពី​ការបាត់បង់​ដី​សហគមន៍​ និង​ការបណ្តេញចេញ​ដោយ​បង្ខំ​នៅ​តាមបន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម​។ កញ្ញា ស កន្និកា និង​លោក​ តុន និមល ត្រូវបាន​ផ្តន្ទាទោស​ពី​បទ​ចូលរួម​ក្នុង​ការធ្វើ​បាតុកម្ម​កាលពី​ ១ ​ឆ្នាំ​មុន​ដោយ​អំពាវនាវ​ឱ្យមាន​ការដោះលែង​លោក​ រ៉ុង ឈុន ពី​ការឃុំខ្លួន​ជា​បណ្តោះអាសន្ន​។

ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា​នៅ​ទីក្រុង​ហ្សឺណែវ បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃទី​ ២៤ សីហា ថា​៖ «​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា​នៅ​ទីក្រុង​ហ្ស៊ឺណែវ បដិសេធចោល​ទាំងស្រុង​នូវ​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​អ្នករាយការណ៍​ពិសេស​មួយក្រុម​តូច ដែល​ពុំបាន​ផ្តល់​ការយកចិត្ត​ទុកដាក់​ចំពោះ​សារៈសំខាន់​នៃ​ការអនុវត្ត​ច្បាប់​ និង​ការប្រព្រឹត្ត​ដោយ​ភាពស្មើគ្នា​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​»​។

ក្រុម​អ្នកជំនាញ​ទាំងនោះ រួមមាន លោក​ វិទិត ម៉ុនតារបន (Vitit Muntarbhorn) អ្នក​រាយការណ៍​ពិសេស UN ស្តីពី​ស្ថានភាព សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី​ ម៉ារីឡល័រ​ (Mary Lawlor) អ្នករាយការណ៍​ពិសេស UN ស្តីពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស​។

លោក​ បាឡាគ្រឹសណាន រ៉ាចាកូប៉ាល់ (Balakrishnan Rajagopal) អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​មាន​លំនៅឋាន​សមរម្យ​ដែលជា​ផ្នែក​មួយ​នៃ​សិទ្ធិ​ទទួលបាន កម្រិត​ជីវភាព​រស់នៅ​គ្រប់គ្រាន់ និង​សិទ្ធិ​មិន​រើសអើង​ក្នុង​បរិបទ​នេះ និង​លោក ក្លេមែនត៍ វ៉ូលេ (Clement Voule) អ្នក​រាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​ចូលរួម​ជា​សមាគម និង​សិទ្ធិ​ជួបប្រជុំ​ដោយ​សន្តិវិធី​។

លោក​ វិទិត ម៉ុនតារបន (Vitit Muntarbhorn) ថ្លែង​តាមរយៈ​សេចក្តី​ថ្លែងការណ៍​ថា ការដាក់​ពន្ធនាគារ និង​ការពិន័យ​យ៉ាងធ្ងន់ធ្ងរ​ដល់​សកម្មជន​ទាំង​ ៣ ​រូបនេះ មាន​លក្ខណៈ​មិន​សម​ហេតុផល​ និង​មិន​សមាមាត្រ​ឡើយ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ដែល​តុលាការ​ផ្ដន្ទាទោស​អ្នកការពារ​សិទ្ធិមនុស្ស​ទាំង​​ ៣ ​រូបនេះ ចំពោះ​សកម្មភាព​ដែល​ត្រូវបាន​ការពារ​ដោយ​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ និង​សិទ្ធិ​ជួបប្រជុំ​ដោយ​សន្តិវិធី​ជា​សិទ្ធិ ដែល​ធានា​ការពារ​ដោយ​ច្បាប់​កម្ពុជា និង​ច្បាប់​អន្តរជាតិ​»​។

អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) ​ថ្លែងថា អ្នកការពារ​សិទ្ធិមនុស្ស​មិនគួរ​ត្រូវបាន​ចាប់ខ្លួន​ឃុំខ្លួន​ ឬ​ផ្តន្ទាទោស​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ ដើម្បី​ការពារ​សិទ្ធិមនុស្ស​ឡើយ​។

ក្រុមមន្ត្រី​សិទ្ធិមនុស្ស​ UN ទាំងនេះ​ថ្លែងថា​៖ «​យើង​មាន​កង្វល់​ជាខ្លាំង ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​មាត្រា​ ៤៩៤ និង​​ ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​ពី​បទញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ដែល​ប្រើ​ពាក្យពេចន៍​ស្រពេចស្រពិល​ ដើម្បី​បង្ក្រាប​មតិ​ជំទាស់ និង​បំបិទមាត់​ការបញ្ចេញមតិ​ដោយ​សេរី​»​។

ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា នៅ​ទីក្រុង​ហ្សឺណែវ​បញ្ជាក់ថា ការអះអាងថា ការកាត់ទោស​លោក រ៉ុង ឈុន មិនមាន​ភាពត្រឹមត្រូវ និង​ពុំ​សមាមាត្រ​នោះ​បង្ហាញថា ក្រុម​អ្នកជំនាញ​ទាំងនោះ​ពុំបាន​យកចិត្ត​ទុកដាក់​លើ​អង្គហេតុ និង​អង្គច្បាប់​ឡើយ​។ ការធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​ព្រំដែន ដោយ​ប្រើប្រាស់​ព័ត៌មាន​បំភ្លៃ​ការពិត និង បំផ្លើស​ពុំមែន​ជាការ​អនុវត្ត​សេរីភាព​នៃ​ការបញ្ចេញមតិ​នោះទេ​។

មន្ត្រី​នៃ​ស្ថាន​បេសកកម្ម​នេះ​បន្តថា វា​ជា​ការខុសឆ្គង​ដ៏ធ្ងន់ធ្ងរ​ដែល​ក្រុម​អ្នកជំនាញ​ថ្លែងថា អ្នកការពារ​សិទ្ធិមនុស្ស​មិនគួរ​ត្រូវ​ចាប់ខ្លួន​ ឬ​ផ្តន្ទាទោស​។ រាល់​ការចោទប្រកាន់​ទាំងអស់​ក្នុង​តុលាការ គឺ​ជាប់​ពាក់ព័ន្ធ​ទាំងស្រុង​ទៅនឹង​ការប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ និង​ការបំពាន​ទៅនឹង​រដ្ឋធម្មនុញ្ញ​។

មន្ត្រី​រូបនេះ​ថ្លែងថា​៖ «​វា​ជា​ការគួរ​ឱ្យ​សោកស្តាយ​យ៉ាងខ្លាំង​ដែល អ្នករាយការណ៍​ពិសេស​ទាំងនោះ​ពុំដែល​សង្កត់ធ្ងន់​ទាល់តែ​សោះ​ថា ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ ការប្រមូលផ្តុំ​ដោយ​សន្តិវិធី និង​ការបង្កើត​សមាគម​ត្រូវ​ភ្ជាប់​ទៅនឹង​ករណី​កិច្ចការ​ទទួលខុសត្រូវ និង​ព្រំដែន​កំណត់​ពិសេស​ដូច​មានចែង​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទិ្ធ​ពលរដ្ឋ និង​នយោបាយ​»​។

ស្ថាន​បេសកកម្ម​អះអាង​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា ការពារ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិស្រប​ច្បាប់ ប៉ុន្តែ​មិនមែន​សេរីភាព​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​បង្ខូច​កេរ្តិ៍ឈ្មោះ​ញុះញង់​ឱ្យមាន​អំពើហិង្សា និង​សាបព្រោះ​ការរើសអើង​ជាតិ​សាសន៍​ទ្បើយ​។

លោក រ៉ុង ឈុន គឺជា​ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ធ្លាប់ជា​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ពី​កូតា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​ ២០១៣​។

លោក​ត្រូវបាន​ចាប់ខ្លួន​នៅ​យប់​ថ្ងៃទី​ ៣១ កក្កដា គឺមាន​រយៈពេល ១០ ​ថ្ងៃ បន្ទាប់ពី​លោក​បានចេញ​សេចក្ដី​ថ្លែងការណ៍​បង្ហោះ​លើ​ហ្វេសប៊ុក​របស់លោក​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា- វៀតណាម នៅ​ខេត្ត​ត្បូងឃ្មុំ​៕

វីដេអូ៖